ភ្នំពេញ: ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA-កយកា) បាននិង​កំពុង​សិក្សា​ពី​លទ្ធភាព​សម្រាប់​គម្រោង​បោសសម្អាត​មីន​នៅ​កម្ពុជា ដោយ​គ្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​សរុប​ប្រមាណ ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អនុវត្ត​ផែនការ​រយៈពេល ៦០ ​ខែ​ ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០២៥​។ យោងតាម​គេហទំព័រ​ផ្លូវការ​របស់​ KOICA-កយកា បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​។

គេហទំព័រ​ដដែល​នេះ​បាន​ឲ្យ​ដឹងថា​ KOICA បានធ្វើ​ការសិក្សា​លទ្ធភាព​លើ “​គម្រោង​សកម្មភាព​មីន​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​មនុស្ស​នៅ​កម្ពុជា​” សម្រាប់​ផែនការ​នៅ​ឆ្នាំ​ ២០២១​នេះ ដែល​គម្រោង​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន (CMAA) និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​ប្រទេស​ កម្ពុជា (UNDP-Cambodia)​។

KOICA-កយកា បន្តថា គោលបំណង​សំខាន់​នៃ​គម្រោង​នេះ ដើម្បី​បង្កើត​មាគ៌ា​សម្រាប់​ការអភិវឌ្ឍ​យ៉ាង​ជឿនលឿន​នៅ​តាម​ភូមិ​ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា មិន​មាន​មីន​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ចំណោម​គ្រួសារ​ងាយ​រងគ្រោះ​បំផុត​។ ជាពិសេស​សម្រាប់​អនុវត្ត​នៅ​តាម​ខេត្ត​អាទិភាព​នៅតាម​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ក្នុង​ខេត្ត​ ៣ ​ជាប់​គ្នា​គឺ​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ​។

គម្រោង​នេះ​រួមមាន​សកម្មភាព​​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន ការបណ្តុះបណ្តាល​សម្រាប់​ហានិភ័យ​មីន​ ជំនួយ​ជនរងគ្រោះ ការគាំទ្រ​ដល់​ការពង្រឹង​សមត្ថភាព​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន (C.M.A.A) និង​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​។

KOICA-កយកា បាន​បញ្ជាក់​ថា​៖ «​យោង​តាម​ការរកឃើញ​គន្លឹះ​សំខាន់ៗ​របស់​ក្រុមការងារ​រួម​ការិយាល័យ​កយកា​ប្រចាំ​នៅ​កម្ពុជា​នឹង​រាយការណ៍​ជូនទៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ដើម្បី​ធ្វើការ​ជ្រើសរើស​គម្រោង​អាទិភាព​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ ២០២១ ​នេះ​។ ប្រសិនបើ​គម្រោង​នេះ​ជាប់​ក្នុង​ការជ្រើសរើស​គម្រោង​នេះ​នឹង​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​រយៈពេល ៦០ ​ខែ​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ ២០២៥ ដែល​មាន​ថវិកា​សរុប​ប្រមាណ ១០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​»​។

លើសពី​នេះ​ក្រុមការងារ​រួម​របស់​កយកា-KOICA ក៏បាន​ចុះទៅពិនិត្យ​ទីតាំង​គម្រោង​សំខាន់ៗ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ស្ថានភាព​នៃ​ការអនុវត្ត និង​ផែនការ​សកម្មភាព​ពិគ្រោះ​យោបល់​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ​រួមទាំង អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន (C.M.A.A) និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​ប្រទេស​កម្ពុជា (UNDP-Cambodia)​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​រីករាយ និង​ស្វាគមន៍​ចំពោះ​គម្រោង​របស់ KOICA ដែល​កំពុង​ធ្វើការងារ​មនុស្សធម៌​នេះ ព្រោះ​កម្ពុជា​កំពុង​ត្រូវការ​ថវិកា​បន្ថែម​សម្រាប់​អនុវត្តន៍​សកម្មភាព​បោស​សម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​យក​ទៅ​អនុវត្ត​ការងារ​បោសសម្អាត​នៅ​ខេត្ត​ចំនួន ៣ ​តាម​បណ្ដោយ​ព្រំដែន​ដូចជា ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ​ដែល​យើង​ចាត់ទុកថា ជា​កន្លែង​មាន​មីន​ច្រើន​ជាង​គេ​នៅ​ទូទាំង​ប្រទេស ​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា លុយ​របស់ KOICA នេះ​នឹង​ជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ទៀត​នៅក្នុង​ខេត្ត​អាទិភាព​ទាំង​ ៣ ​នេះ​»​។

លោក​ថា ​ជាង ២០ ​ឆ្នាំ​អាជ្ញាធរ​បាន​ដោះមីន​ចេញ​ពី​ផ្ទៃដី​ចំនួន ១ ៩០០ ​គីឡូម៉ែត្រ​ក្រឡា​។ រយៈពេល ១១ ​ខែ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​មាន​ជនរងគ្រោះ​ចំនួន​ជាង ៦០ ​នាក់​បាន​ស្លាប់ និង​រងរបួស​៕