កំពង់ឆ្នាំងៈ ​លោក​ សុខ​សុវណ្ណ​ វ​ឌ្ឍ​នា​សា​ពង្ស ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ​(KRP) និង​ជា​ប្រធាន​ប្តូរ​វេន​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ ប្រកាស​ពី​ការ​រក​ឃើញ​ពីភាព​មិន​ប្រក្រ​តី​មួយ​ចំនួន​ក្នុង​ការ​បែង​ចែក​ដី​ទំហំ​ជាង​ ១៧​ ហិកតា​ របស់​រដ្ឋបាល​​ខេត្ត​កំពង់​ឆ្នាំង​ ដែល​ទទួល​បាន​​ពី​រដ្ឋាភិ​បាល​ ក្នុង​ការធ្វើអនុ​បយោគ​ដល់​ប្រជា​ពល​រដ្ឋ​តាម​ច្រាំង​ទន្លេ​ជាង​ ៥០០ ​គ្រួសារ​ ខណៈ​ការ​រក​ឃើញ​នេះ ត្រូវ​បាន​អះអាង​ថា​ នឹង​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។​

​យោង​តាម​អនុ​ក្រឹត្យ​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​ កាល​ពី​ខែ​ កញ្ញា ​ឆ្នាំ ២០១៦​ បាន​សម្រេច​​ធ្វើ​ប្រទាន​កម្ម​ដី​ចំនួន​ ១៧,៥០​ ហិក​តា ដោយ​បែង​ចែក​ជា​ ៥២៥​ ​ក្បាល​ដី​ ក្នុង​តំបន់​២​ ភូមិ​ ៦​ សង្កា​ត់​ខ្សា​ម​ ក្រុង​កំពង់​ឆ្នាំង​ ដើម្បី​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ចំនួន​ ៥២៥ ​គ្រួសារ​ និង ១០​ ក្បាល​ដី​ផ្សេង​ទៀត​ ទំ​ហំ​ ៤ ​ហិក​តា​ ប្រគល់​ឲ្យ​សម្រាប់​ធ្វើ​សាលា​បុណ្យ ​ផ្សារ​ ចំណត​រថយន្ត​ និង​សួនច្បារ។​

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​ សុខ​សុវណ្ណ ​វ​ឌ្ឍ​នា​សា​ពង្​ស ​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ មាន​ពល​រដ្ឋ​តែ ​២១០​ គ្រួសារ​ប៉ុណ្ណោះ ​ដែល​​ទទួល​បាន​ក្បាល​ដី​ទាំង​នោះ​​ ដោយ​ពួក​គេ​ថែម​ទាំង​ត្រូវ​ចំណាយ​លុយ ​១ ០០០ ​ដុល្លារ ​ក្នុង​​ ១ គ្រួសារ​ ទៅ​ឲ្យ​រដ្ឋ​បាល​ខេត្ត​ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​​ទៀតផង។​ ​

​លោក​ សុខ​សុវណ្ណ​ វ​ឌ្ឍ​នា​សា​ពង្ស​ បាន​បន្ត​ថា ​ចំពោះ​ដី​ដែល​សេស​សល់​ពី​ទំហំ​ជាង​ ១៧ ហិក​តា​នោះ ​ក៏​ត្រូវ​បាន​បែង​ចែក​​មិន​មាន​តម្លា​ភាព ​និង​ផ្តល់​ឲ្យ​ក្រុ​ម​​ហ៊ុន​មួយ​ ដែល​មាន​ឈ្មោះ​ថា​ LKL ធ្វើ​ការ​កាន់​កាប់​ និង​ពុះ​ជា​ឡូ​ត៍លក់​យ៉ាង​អនាធិប​តេយ្យ​ បើ​ទោះ​ជា​​ធ្លាប់​មាន​ការ​រារាំង​ពី​អាជ្ញាធរ​សុរិយោដី​ក៏ដោយ។​

​លោក​បញ្ជាក់​ថា​៖​ ​«​របាយ​ការ​ណ៍​របស់រ​ដ្ឋ​បាល​ខេត្ត​នេះ​ គឺ​ជា​របាយ​ការណ៍​ភូត​ ដើម្បី​យក​​ដី​សេស​សល់​ យក​ទៅ​លក់ ឬ​ក៏​យក​ទៅ​ធ្វើ​អី​យើង​មិន​ដឹង​ទេ ​ប៉ុន្តែ​ភូតកុហក​រដ្ឋាភិ​បាល ​ហើយ​​មិន​ត្រឹម​តែ​កិបកេង​ដី​មួយ​ចំនួន​​ទេ ​ថែម​ទាំង​កេង​កម្លាំង​ញើស​​​ឈាម​របស់​ពលរដ្ឋ​ថែម​ទៀត»។​

​លោក​ វ​ឌ្ឍ​នាសា​ពង្ស​ បាន​អះអាង​ថា​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ នឹង​ធ្វើ​របាយ​ការណ៍​មួយ​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ដើម្បី​ពិនិត្យ​ និង​​ស្នើ​ឲ្យ​មាន​វិធាន​ការជា​បន្ទាន់​ជុំវិញ​បញ្ហា​បែង​ចែក​ដី​ធ្លី​ដែល​មាន​ភាព​មិន​ប្រក្រតី។​

​ភ្នំ​ពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​ឈ្មោះ ​លី ​លាង​គីម​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ជា​តំណាង​​ក្រុម​ហ៊ុន​ LKL ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កាល​ពី​ខែ មេសា​ ឆ្នាំ​ ២០១៧​ ដើម្បី​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​​លើដី​ជាង​ ៧​ ម៉ឺន​ម៉ែត្រ​ការ៉េ ​ក្នុង​តំបន់​នោះ​បាន​ទេ ​កាល​ពី​ម្សិលមិញ។​ ​

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក ​ឈូ ​ច័ន្ទ​ឌឿ​ន អភិ​បាលខេត្ត​កំពង់​ឆ្នាំង​ បាន​អះអាង​ថា ការ​បែង​ចែក​ដី​ទាំង​នោះ​ គឺ​ស្ថិត​ក្នុង​នីតិ​វិធី​នៅ​ឡើយ​ ហើយ​ការដែល​ក្រុម​ហ៊ុន​ LKL​ មាន​ចំណែក​ដី​ក្នុង​តំបន់​នោះ ​ព្រោះ​ក្រុម​ហ៊ុន​ បាន​ដើរ​ទិញ​ដី​ពី​ប្រជា​ពលរដ្ឋ​ ហើយ​ក្នុង​នាម​អាជ្ញា​ធរ​ ក៏​សម្រេច​សហ​ការ​ជា​មួយ​​ក្រុម​ហ៊ុន​ ដើម្បី​ទទួល​បាន​ផល​ប្រ​យោជន៍​ទាំង​សង​ខាង។

លោក​ ច័ន្ទ​ឌឿន​ ថ្លែង​ថា៖​ ​«​ដី​ហ្នឹង​មិនមែន​ជា​ដី​ដែល​រដ្ឋ​កាន់​កាប់​ទាំង​ស្រុង​​ទេ ដី​នេះ​ជា​ដី​ឯក​ជន​ ឬ​ជា​ដី​ស្រែ​ប្រាំង​របស់​ប្រជា​ជន​លោក​កាន់កាប់​អាស្រ័យផល»។

លោ​ក​ ច័ន្ទ​ឌឿន ​ថ្លែង​ថា៖​ ​«​គេ​មាន​ក្រុម​អន្តរ​ក្រសួង​គេ​មក​ពិនិត្យ​មុន​នឹង​ដាក់​ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល ​វា​គ្មាន​ខ្ញុំ​ទៅ​ធ្វើ​អី​ខុស​​តាម​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ហ្នឹង​ណា។​ ហើយ​ខ្ញុំ​អត់​មាន​អី​បារម្ភ​ទេ ​ព្រោះ​ថា​​វា​នៅ​ដំណើរ​ការ​អ៊ី​ចឹង​ វា​មាន​ឯក​សារ​ដាក់​ទៅ​ក្រុម​ការងារ​ ដែល​រដ្ឋាភិ​បាល​មក​ពិនិត្យ​សព្វ​គ្រប់​តើ​ ខ្ញុំ​នឹង​ធ្វើ​ការ​បំភ្លឺ​ជូន»។​

​យោង​តាម​លិខិត​មួយ​ច្បាប់​ ដែល​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង​ ចុះ​ហត្ថ​លេខា​ដោយ​លោក​ ឈូ ​ច័ន្ទ​ឌឿន ​កាល​ពី​ខែ​ មករា​ ឆ្នាំ ២០១៧ ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន ​២១០ ​ខ្នង​ផ្ទះ តាម​បណ្តោយ​មាត់​ទន្លេ​ ស្ថិត​​នៅ​ភូមិ​ចុង​កោះ ​សង្កាត់​ផ្សា​រ​ឆ្នាំង​ បាន​បញ្ជាក់​ថា​ រដ្ឋ​បាល​ខេត្ត​បាន​ទិញ​ដី​ពី​ឯក​ជន​ផ្តល់​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ ដែល​បាន​ស្ម័គ្រ​ចិ​ត្ត​រួច​ហើយ ​១ ប្លង់​ (​៥ ​គុណ ​២០ ​ម៉ែត្រ​) ​ដោយ​មិន​គិត​ថ្លៃ​ ក្នុង​នោះ​បង​ប្អូន​ចេញ​ថ្លៃ​ចាក់​ដី ​១ ០០០ ​ដុល្លារ ក្នុង ១ ប្លង់។​ ​

​លោក​ សំ ​ច័ន្ទ​គា អ្នក​សម្រប​សម្រួល​នៃ​សមា​គម​សិទ្ធិ​ម​នុស្ស​​អាដ​ហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំងបាន​ឲ្យ​ដឹង​ថា ក្រសួង​ដែល​ពាក់​ព័ន្ធ​ ជា​ពិសេស​រាជ​រដ្ឋាភិ​បាល​ ដែល​បាន​ចេញ​អនុ​ក្រឹត្យ​ឲ្យ​ធ្វើ​អនុ​ប​យោគ​ដី​ដើម្បី​ដោះ​ស្រាយ​ដល់​ពល​រដ្ឋ​ដូច្នេះ​រាជ​រដ្ឋាភិ​បាល​ គួរ​តែ​ធ្វើ​កា​រ​ស៊ើប​អង្កេត​ក្នុង​រឿង​នេះ​ ដើម្បី​នាំ​ខ្លួន​អ្នក​ដែល​មាន​ចេត​នា​បន្លំ​រាជ​រដ្ឋាភិ​បាល​យក​ទៅ​ដាក់​ទោស​តាម​ច្បាប់។​ ​

​លោក​ថ្លែង​​ថា​៖​ ​«​ការធ្វើ​អនុបយោគ​ដី​ដើម្បី​ដោះ​ស្រាយ​ដល់​ពល​រដ្ឋ​ បែរ​ជា​មិន​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ​គ្រប់​ចំនួន​ ហើយ​ដក​ខ្លះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ហ្នឹង​ គឺ​មាន​ន័យ​ថា​ អ្ន​ក​ធ្វើ​សំណើ​ទៅ​រាជ​រដ្ឋាភិ​បាល​បាន​ភូតកុហក​រាជ​រដ្ឋា​ភិបាល​រួច​ទៅ​ហើយ»។​

​លោក​ វ​ឌ្ឍ​នា​សា​ពង្ស ​បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​ដី​ដែល​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ទាំង​នោះ ​ក៏​ធ្លា​ប់​​ត្រូវបាន​ក្រសួង​រៀបចំ​ដែន​ដី​ និង​មន្ទី​រសុរិយោដី​ខេត្ត​ ​ចេញ​ដីកា​បដិ​សេធ និង​ច្រាន​ចោល​ផងដែរ៕