ភ្នំពេញៈ គណបក្សសម្ព័ន្ធដើម្បីប្រជាប្រជាធិបតេយ្យ (LDP) ចាត់ទុកដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថា មិនមានតម្លាភាព មិនមានភាពត្រឹមត្រូវ និងមិនមានយុត្តិធម៌ ខណៈ គ.ជ.ប បិទផ្សាយជាសាធារណៈ និងជាផ្លូវការនូវបញ្ជីឈ្មោះនៅថ្ងៃនេះ។
លោក អ៊ី សាំងឡេង អ្នកនាំពាក្យគណបក្ស LDP នៅក្នុងសន្និសីទសារព័ត៌មានពីម្សិលមិញបានបដិសេធទទួលយកលទ្ធផលដែល គ.ជ.ប បានពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះដោយអះអាងថា គណបក្សលោកបានរកឃើញភាពមិនប្រក្រតីជាង ៣ ០០០ ករណី នៅទូទាំងប្រទេសពាក់ព័ន្ធនឹងការចល័តមនុស្សឱ្យមកចុះឈ្មោះបោះឆ្នោត និងចុះឈ្មោះអ្នកបោះឆ្នោតដែលគ្មានលំនៅក្នុងឃុំសង្កាត់។
លោកបន្តថា LDP បានដាក់ភ្នាក់ងារពេញសិទ្ធិចំនួន ១ ១២៨ នាក់ ឱ្យចូលរួមសង្កេតតាមដានដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស និងបម្រុងចំនួន ៣៥៦១ នាក់សរុប ៤ ៦៨៧ នាក់ ដែលច្រើនជាងគណបក្ស និងស្ថាប័នដទៃ ហើយបានរកឃើញភាពមិនប្រក្រតីជាច្រើនករណី។
លោកបន្តថា ជាមួយគ្នានេះ LDP បានដាក់ពាក្យប្តឹងជំទាស់ឱ្យមានការលុបឈ្មោះចេញពីបញ្ជីនៅតាមថា្នក់ឃុំសង្កាត់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញប៉ុន្តែមិនទទួលបាននូវយុត្តិធម៌ទេ។
លោកបន្ថែមថា៖ «ចំពោះឯកសារដែលរកឃើញភាពមិនប្រក្រតីនេះនឹងបង្ហាញជូនដល់សាធារណជន និងដាក់ជូនដល់អង្គការសង្គមស៊ីវិល បណ្តាស្ថានទូត និងអគ្គកុងស៊ុលប្រទេសនានានៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេបានដឹង...»។
ក៏ប៉ុន្តែលោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងថា ពេលបណ្តឹងតវ៉ាពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២០ ត្រូវបានដោះស្រាយបញ្ចប់ និងបិទផ្លូវតវ៉ានៅក្រុមប្រឹក្សាធម្មនុញ្ញហើយ គ.ជ.ប បានរៀបចំបញ្ជីបោះឆ្នោតផ្លូវការដែលកំណត់ដោយច្បាប់ហើយនឹងត្រូវបិទផ្សាយនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះ ។
បើតាមលោក សោម សូរិដា ការទទួលស្គាល់ ឬមិនទទួលស្គាល់របស់គណបក្ស LDP គឺជាសិទ្ធិរបស់គណបក្សក្នុងការបញ្ចេញមតិ ប៉ុន្តែសិទ្ធិនេះមិនគួរមានចរិតញុះញង់ដែលនាំឱ្យមានការបែកបាក់ជាតិឡើយ។ ការចោទរបស់គណបក្ស LDP មកលើ គ.ជ.ប គឺពុំមានភាពជាក់លាក់ និងប្រាកដប្រជានិងមិនមានភ័ស្តុតាងច្បាស់លាស់។
លោកថ្លែងថា៖ «អ្វីដែល LDP ចោទប្រកាន់មកលើ គ.ជ.ប នេះគឺគណបក្សនេះ គ្រាន់តែយកការអះអាងរបស់ភ្នាក់ងាររបស់គាត់ម្នាក់ ឬមួយក្រុម ដើម្បីដាក់បន្ទុកទៅលើប្រជាពលរដ្ឋខ្មែរដែលមានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងបញ្ជីបោះឆ្នោត។ បើ គ.ជ.ប ធ្វើ និងយល់ឃើញទៅតាមបុគ្គលម្នាក់ ឬមួយក្រុមនោះគឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយហើយមិនអាចទទួលយកបានឡើយ»។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជា (NICFEC) ដែលបានចូលក្នុងសន្និសីទសារព័ត៌មានរបស់គណបក្ស LDP ពីម្សិលមិញបានថ្លែងថា ក្នុងនាមអង្គការសង្គមស៊ីវិលមិនឯកភាពទាំងស្រុងចំពោះការបង្ហាញពីរបាយការណ៍រកឃើញភាពមិនប្រក្រតីរបស់ LDP នោះទេ ព្រោះគ្មានតំណាងអង្គការរបស់លោកចូលរួម។
លោកថា៖ «ខ្ញុំសូមបញ្ជាក់ថា យើងខ្ញុំឯកភាពលុះត្រាតែបានចូលរួមពីភ្នាក់ងារសង្កេតការណ៍របស់យើង និងរបាយការណ៍ដែលចេញពីអង្គការរបស់យើង»។ «តាមអ្វីដែលខ្ញុំស្តាប់ និងការធ្វើបទបង្ហាញនៅក្នុងសន្និសីទកាសែត គាត់យកសាក្សី ដែលជាភ្នាក់ងារនៅតាមខេត្តមួយចំនួន វាមានរឿងអ៊ីចឹងពិតមែន គាត់មានភ័ស្តុតាង និងសាក្សីរស់នេះគឺជាការងារបច្ចេកទេស ហើយអ្វីទាំងអស់នេះ គឺជាការអះអាងរបស់គណបក្សគាត់ទេ»។
យោងតាមតារាងលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២០ របស់ គ.ជ.ប ដែលនឹងបិទផ្សាយផ្លូវការនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំនេះមានចំនួនជាង ៨,៨ លាននាក់ ខណៈឆ្នាំ ២០១៩ មានចំនួនជាង ៨,៦ លាននាក់ពោលគឺមានការកើនឡើងជាង ២ សែននាក់៕