អតិថិជន​របស់​ក្រុមហ៊ុន Liquid Group និង​ដៃគូ​របស់​ខ្លួន​អាច​ធ្វើ​ការ​ទូទាត់​តាម QR កូដ​ជាមួយ​អាជីវករ​ជាង ៤ ម៉ឺន នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា

Liquid Group ដែល​ជា​ក្រុមហ៊ុន​បណ្តុំ​សេវា​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​ក្នុង​តំបន់ ហើយ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី នឹង​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វីង (ខេមបូឌា) លីមីត​ធីត ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការ​ទូទាត់​តាម QR កូដ នៅ​ប្រទេស​កម្ពុជា​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​ការ​រំភើប​ និង​ពិត​ជា​ទន្ទឹង​រង់ចាំ​ការ​សហការ​ជាមួយ Liquid Group ដែល​ជា​អ្នក​ផ្តល់​បណ្តុំ​នៃ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ QR កូដ​ឈាន​មុខ​គេ​មួយ ។ ការ​សហការនេះ ឆុ្លះ​បញ្ចាំាង​ពី​វិធីសាស្រ្ត​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​នៃ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត ដែល​មាន​សុវត្ថិភាព​មាន​ការ​ការពារ និង​ឆាប់​រហ័ស​ដល់​អតិថិជន​គ្រប់​រូប​តាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ដៃគូ ដ៏​រឹងមាំ​របស់​យើងនៅ​ក្នុង​តំបន់។ ធនាគារ​ឯកទេស​វីង​តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្វែងរក​អ្វី​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​អតិថិជន​របស់​យើង»។

ជាមួយ​នឹង​ភាព​ជា​ដៃគូ​នេះ Liquid Group និង​ធនាគារ​ឯកទេស​វីង​នឹង​គាំទ្រ​ដល់​ការ​ប្រើប្រាស់​មធ្យោបាយ​ទូទាត់ ការ​ចំណាយ​ជាមួយ QR កូដ​រវាង​អតិថិជន​ និង​អាជីវករ​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​របស់​វីង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​យក​ការ​ទូទាត់​តាម​កម្មវីធី​ទូរស័ព្ទ​ដែល​មាន QR កូដ​ របស់​ក្រុមហ៊ុន Liquid Group និង​ដៃគូ​របស់​ខ្លួន។ ភាពជា​ដៃគូ​នេះ ក៏​នឹង​ជួយ​បង្កើន​ចំនួន​ដៃគូ​អាជីវករ​នៅ​ក្រៅ​ប្រទេស​របស់ Liquid Group ឲ្យ​មាន​កាន់​តែ​ច្រើន​ថែម​ទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង។

បង្កើតឡើង ក្នុង ឆ្នាំ ២០០៩ ធនាគារ​ឯកទេស​វីង គឺ​ជា​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​មួយ​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ និង​ទុក​ចិត្ត​បំផុត​មួយ​នៅ​ក្នុង​ទីផ្សារ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ និង​អេឡិចត្រូនិក ដែល​មាន​បណ្តាញ​ភ្នាក់ងារ​វីង​ជាង ៨ ០០០ កន្លែង នៅ​ទូទាំង​ប្រទេស​ដែល​បម្រើ​ជូន​អតិថិជន ៥ លាន​នាក់ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក Jeremy Tan ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Liquid Group បាន​មាន​ប្រសាសន៍​ថា៖ «បន្ទាប់​ពី​ការ​បង្កើត​នូវ​សមាហរណកម្ម​បណ្តាញ​ទូទាត់​តាម​តំបន់​របស់​យើង​គឺ XNAP នៅ​ឆ្នាំ ២០១៩ យើង​មាន​ក្តី​រំភើប​ក្នុង​ការ​ឈាន​ចូល​ឆ្នាំ​ទី២ នៃ​ការ​បើក​ច្រក​ថ្មី​នៅ​ទូទាំង​តំបន់ ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​តាម QR កូដ​ ឆ្លង​ដែន​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ ហើយ​នា​ពេល​ឥឡូវ​នេះ នៅ​ក្នុង​ប្រទេសកម្ពុជា​។

យើង​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​វីង​ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​ធនាគារ​តាមរយៈ​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​ហើយ​អនុញ្ញាត​ឱ្យ​យើង​គាំទ្រ​ដល់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ទៅ​កាន់​អ្នក​មិន​មាន​គណនី​ធនាគារ និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ​ស្រប​ជា​មួយ​គោលដៅ​របស់​យើង​ក្នុង​ការ​អភិវឌ្ឍ​សង្គម​មួយ ដែល​មិន​ចាំបាច់​ប្រើប្រាស់​ក្រដាស​ប្រាក់​នៅ​ទូទាំង​តំបន់»។

Liquid Group ក៏​នឹង​ធ្វើ​ជា​ដៃគ​ជាមួយ​ធនាគារ​ឯកទេស​វីង ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​មានគុណ​តម្លៃ​បន្ថែម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដល់​អតថិជិន​របស់​ពួក​គេ​តាមរយៈ​សមាហរណកម្ម​នៃ​ការ​ទូទាត់​ប្រាក់​ឆ្លង​ប្រទេស និង​វេទិកា​ទីផ្សារ​សម្រាប់​ដៃគូ​៕