ភ្នំពេញៈ គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ប្រកាស​ថា ប្រទេស​ដែល​ស្ថិត​តាម​ដង​ទន្លេមេគង្គ​នឹង​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​ចាប់ពី​ពេល​នេះ​ (១៩ វិច្ឆិកា​) ​ដល់​ខែ​មករា ឆ្នាំ​ ២០២០ ​ហើយ​ប្រទេស​ កម្ពុជា ​នឹង​ជួប​គ្រោះរាំងស្ងួត​ខ្លាំង​ជាង​ប្រទេស ​ឡាវ និង​វៀតណាម​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ MRC កាលពី​ថ្ងៃ​អង្គារ​បញ្ជាក់​ថា គ្រោះរាំងស្ងួត​នេះ​បណ្តាល​មកពី​បរិមាណ​ទឹកភ្លៀង​មិន​គ្រប់គ្រាន់​ក្នុង​រដូវវស្សា ព្រោះ​ភ្លៀង​មូសុង​បាន​ធ្លាក់​មក​យឺត ហើយ​ភ្លៀង​មូសុង​នេះ​បាន​ឈប់​ធ្លាក់​មុនពេល​កំណត់ និង​មាន​បាតុភូត​អែលនីណូ​ (El nino) ដែល​បណ្តាល​ឱ្យ​មាន​កម្តៅ​ និង​រំហួត​ខ្ពស់​ខុស​​ប្រក្រតី​។

MRC បន្ត​ថា​ជាធម្មតា​ភ្លៀង​មូសុង​តែងតែ​ចាប់ផ្តើម​ធ្លាក់​នៅ​ចុង​ខែ​ឧសភា និង​បញ្ចប់​នៅ​ខែតុលា ប៉ុន្តែ​ភ្លៀង​នេះ​បាន​ចាប់ផ្តើម​ធ្លាក់​យឺត​ជិត​ ២ ​សប្តាហ៍ និង​ឈប់​ធ្លាក់​ប្រមាណ​ ៣ ​សប្តាហ៍​មុនពេល​កំណត់​។

លោក ឡាំ ហុងសឺន ប្រធាន​មជ្ឈមណ្ឌល​គ្រោះរាំងស្ងួត និង​ទឹកជំនន់​ប្រចាំ​តំបន់​នៃ​លេខាធិការដ្ឋាន MRC ត្រូវបាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​អាកាសធាតុ​ស្ងួត​រយៈពេល​យូរ​នៅ​ឆ្នាំនេះ​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន ដល់​ដំណាំ​ និង​ផលិតផល​កសិកម្ម​។ បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​អាច​នឹង​កើត​មាន​បើ​គ្រោះរាំងស្ងួត​នៅ​តែ​បន្ត​»​។

MRC ឱ្យ​ដឹង​ថា​គ្រោះរាំងស្ងួត​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ដល់​ខែ​មករា ឆ្នាំ​ ២០២០​។ តំបន់​ភាគ​ខាងលិច​ឈៀង​ខាងជើង​ប្រទេស ​កម្ពុជា​ ដែលមាន​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ​ និង​សៀមរាប​នឹង​រង​ការប៉ះពាល់​ខ្លាំង​បំផុត​ពី​គ្រោះ​រាំងស្ងួត​នេះ​។ ចាប់ពី​សប្តាហ៍​ទី​ ២ ខែ​មករា​ស្ថានភាព​គ្រោះ​រាំងស្ងួត​នេះ​នឹង​មាន​ភាពប្រសើរ​ជាង​មុន​បន្តិច​ម្តងៗ ពីព្រោះ​អាកាសធាតុ​នឹង​ប្រែ​មក​មាន​សំណើម​បន្តិច​វិញ​។

លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា អំឡុង​ខែធ្នូ​ និង​ខែមករា​ដែល​ស្ថិតក្នុង​រដូវប្រាំង​ស្រាប់​នោះ​នឹង​មិន​មាន​សភាព​ហួតហែង​នោះទេ​ព្រោះ​ជា​រដូវរងា ហើយ​សីតុណ្ហភាព​ទាប​។ ឆ្នាំនេះ​ត្រជាក់​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ហើយ​អាចមាន​រយៈពេល​យូរ​ទៀត​ផង​ចាប់ពី​ពាក់​កណ្តាល​ខែ​ធ្នូ​អាច​ហូត​ដល់​សប្តាហ៍​ទី​ ៣ ឬ​ទី​ ៤ នៃ​ខែ​មករា ឆ្នាំ​ ២០២០​។

បើ​តាម​លោក​ ចាន់ យុត្ថា ចាប់តាំង​ដើម​ឆ្នាំ​ ២០១៩ នេះ​រហូត​ដល់​ពាក់កណ្តាល​ខែ​កក្កដា​កម្ពុជា​ក៏ដូចជា​ក្របខ័ណ្ឌ​តំបន់ និង​ប្រទេស​ក្រៅ​តំបន់ ដែល​ស្ទើរតែ​ពាក់កណ្តាល​ពិភពលោក​បាន​ទទួលរង​ឥទ្ធិពល​បាតុភូត អែល នីណូ​។ សម្រាប់​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់ ឥទ្ធិពល​នេះ​បាន​ធ្វើឱ្យ​មាន​កត្តា​អវិជ្ជមាន​ដែល​បាន​បន្សល់ទុក​រហូត​មក​សព្វថ្ងៃនេះ គឺ​ភ្លៀង​កក់ខែ​ស្ទើរ​មិនមាន​ក្នុង​រដូវប្រាំង​ឆ្នាំនេះ ការមក​ដល់​នៃ​រដូវវស្សា​យឺត​ជាង​សព្វដង ហើយ​ភ្លៀង​ក៏​ធ្លាក់​តិចតួច​ទាំង​នៅក្នុង​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ​។

លោក​ យុត្ថា ថ្លែងថា​៖ «​អ៊ីចឹង​អ្វី​ដែល​ជា​ការលើក​ឡើង​របស់​មេគង្គ (MRC) នាបច្ចុប្បន្ន​នេះ​ត្រូវ ដោយសារ​តែ​យើង​ឃើញ​ទឹកទន្លេ​មេគង្គ​ហ្នឹង​គឺ​ទាប​មែនទែន​ហើយ​ដែល​យើង​កម្រ​ជួបប្រទះ ហើយ​មាន​ប្រភពព័ត៌មាន​ខ្លះ NGO ខ្លះ​ថា​អាច​ដល់​ ១០០ ​ឆ្នាំ​ដែល​យើង​មិន​ដែល​ជួបប្រទះ​។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ក្នុង​រយៈពេល​កន្លង​មក​ខ្ញុំ​អត់​ដែល​ជួបប្រទះ ដែល​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅក្នុង​រដូវប្រាំង​ហ្នឹង​ទាប​អ៊ីចឹង​ទេ​»​។

បើ​តាម​លោក​ យុត្ថា មូលហេតុ​ដែល​បណ្តាលឱ្យ​ទឹកទន្លេ​មេគង្គ​ទាប​គឺ​មកពី​ដោយសារ​បាតុភូត​អែលនីណូ​។ កន្លងមក​មិន​មាន​ភ្លៀង​ធ្លាក់​នោះទេ​។ សូម្បីតែ​នៅ​កម្ពុជា កន្លែង​ខ្លះ មាន​ភ្លៀង​ធ្លាក់​គំហុក​បង្ក​ជា​ជំនន់​។ កន្លែង​ខ្លះ​ភ្លៀង​ធ្លាក់​តិចតួច​រហូត​ដល់​នៅ​ស្រុក​ខ្លះ មាន​ភ្លៀង​ធ្លាក់​ទាប​ជាង ៧០០ មិល្លីម៉ែត្រ​ទៅ​ទៀត​ដែល​កម្ពុជា​មិន​ដែល​ជួបប្រទះ​នោះទេ​។

លោក​បន្តថា កន្លងមក​នៅពេល​មាន​ភ្លៀង​ធ្លាក់​តិចតួច​នៅ​កន្លែង​ខ្លះ ក្រសួង​ធនធាន​ទឹក​ក៏បាន​ចាត់វិធានការ​រក្សា​ទឹក​ទុក​។ ចំណែក​ទឹកទន្លេ​មេគង្គ​ដែល​ហក់​ឡើង​ «​មួយ​វឹប​» ក៏​បាន​ហូរ​ចូល​ព្រែក​អាង​ និង​បឹងបួរ​ធម្មជាតិ​មួយចំនួន​។ នៅពេល​ទឹក​ស្រក​ទៅវិញ ក្រសួង​ក៏បាន​រក្សា​ទឹក​ទុក​ដែរ ហើយ​ទឹកភ្លៀង​នេះ​ក៏​ត្រូវបាន​ប្រមូល​ចូល​អាងទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយចំនួន​។ «​ប៉ុន្តែ​យើង​ក៏ត្រូវ​បញ្ចេញ​មកវិញ​ដើម្បី​ផ្គត់ផ្គង់​ស្រូវធ្ងន់ ស្រូវវស្សា​ហើយ​ទុក​សម្រាប់​ការប្រើប្រាស់​បង្កបង្កើនផល​ស្រូវ​ប្រាំង​នៅពេល​ខាងមុខ​។ អ៊ីចឹង​កម្ពុជា​កន្លែង​ដែល​ផលិត​ស្រូវប្រាំង​ជាទូទៅ​គឺ​អាច​ធ្វើ​បាន​តែ​ម្តង​នៅ​ឆ្នាំនេះ ព្រោះ​អី​កន្លងមក​កន្លែង​ខ្លះ​មាន​ធ្វើ​រហូត​ដល់​ទៅ​ ២​ ​ដង ឬ​ ៣ ​ដង​»៕

វីដេអូ​៖