ភ្នំពេញៈ គណៈកម្មការ​ទន្លេមេគង្គ​ (MRC) ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​រយៈពេល​ ១០ ​ឆ្នាំ​ (BDS) ​និង​ផែនការ​ ៥ ឆ្នាំ​ (SP) ដើម្បី​បង្កើត​តុល្យភាព​នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍ​អាង​ទន្លេមេគង្គ​សំដៅ​ជួយ​ឱ្យ​ប្រទេស​នៅតាម​អាង​ទន្លេមេគង្គ ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន និង​ធ្វើឱ្យ​ស្ថានភាព​អាងទន្លេ​ជារួម​បាន​ប្រសើរឡើង​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេមេគង្គ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៥ ខែ​មេសា ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ថ្នាក់​រដ្ឋមន្ត្រី មកពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម (BDS ២០២១-២០៣០) ​បាន​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​ ៥​។ វិស័យ​ទាំងនេះ រួមមាន​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​អេកូឡូស៊ី​នៃ​ទន្លេមេគង្គ​សម្រាប់​សុខភាព​បរិស្ថាន និង​សហគមន៍​ប្រកប​ដោយ​ផលិតភាព ការជំរុញ​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​នានា​ឱ្យ​បាន​កាន់តែ​ប្រសើរ​សម្រាប់​សុខុមាលភាព​សហគមន៍​។

ការអភិវឌ្ឍ​និរន្តរភាព​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន ភាពធន់​ទប់ទល់​នឹង​ហានិភ័យ អាកាសធាតុ និង​គ្រោះមហន្តរាយ​នានា និង​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ថ្នាក់តំបន់​ដោយ​ផ្អែកលើ​ទស្សនវិស័យ​សម្រាប់​អាង​ទន្លេ​ទាំងមូល​។

នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC លោក អាន ពេជ្រហត្ថដា ​លើកឡើង​ក្នុង​សេចក្តីប្រកាស​នេះ​ថា​៖ «​យុទ្ធសាស្ត្រ​នេះ​ស្រប​ទៅនឹង​អាទិភាព​របស់​រដ្ឋាភិបាល​តាម​ដង​ទន្លេមេគង្គ​ និង​តម្រូវការ​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​អាង​ទន្លេមេគង្គ​មួយ​ដែល​កាន់តែ​ធន់ និង​មាំមួន​ជាង​មុន​តាមរយៈ​ការរៀបចំ​ផែនការ​បែប​បរិសកម្ម​ និង​ការគ្រប់គ្រង​ដោយ​សម្របសម្រួល​ដែលជា​លទ្ធផល វា​ធានា​ឱ្យ​មាន​តុល្យភាព​រវាង​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​ការគាំពារ​ផ្នែក​បរិស្ថាន​»​។

ទន្ទឹម​នឹងនេះ អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា លោក គល់ វឌ្ឍនា ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា យុទ្ធសាស្ត្រ​ ១០ ​ឆ្នាំ​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការខិតខំ​ប្រឹងប្រែង និង​ការយកចិត្ត​ទុកដាក់​របស់​អន្តររដ្ឋាភិបាល រួមមាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម បន្ទាប់ពី​រកឃើញ​ចំណុចខ្សោយ​នៃ​ទឹកទន្លេ​មេគង្គ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​គេ​យក​បទពិសោធ​កន្លងមក​ធ្វើការ​វាយតម្លៃ រកចំណុច​ខ្សោយ ហើយ​គេ​មើល​ទៅលើ​ស្ថានភាព​ជាក់ស្តែង​នៃ​អាងទឹក​ទន្លេ ក៏ដូចជា​ធនធានទឹក ទើប​គេ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អាង​ទន្លេ​ហើយ​ផែនការ​នេះ​ជា​រឿង​ល្អ​»​។

MRC ឱ្យ​ដឹងថា យុទ្ធសាស្ត្រ​រយៈពេល​ ១០ ​ឆ្នាំ​ថ្មី​នេះ គឺ​យោង​លើ​ការវាយតម្លៃ​ថ្មីៗ​ពី​ផលប៉ះពាល់​សំខាន់ៗ​ដែល​បណ្តាលមកពី​ការអភិវឌ្ឍ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ផ្សេងៗ និង​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ទំនប់​វារីអគ្គិសនី​ដែល​បាន​ផ្លាស់ប្តូរ​របប​លំហូរ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ចរាចរណ៍​កំណក​ល្បាប់ និង​បង្កើន​សំណឹក​តាម​ច្រាំងទន្លេ​។ ផលប៉ះពាល់​ទាំងនេះ​បាន​ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​នូវ​ចំនួន​ត្រី​ធម្មជាតិ ការខូចខាត​នៃ​ធនធានបរិស្ថាន​ និង​ទំនាប​លិច​ទឹក និង​ការកាត់បន្ថយ​ក្នុង​ការបំពេញ​ល្បាប់​ក្នុង​តំបន់​ដីសណ្តរ​។

MRC លើកឡើង​ថា​៖ «​ការប្រែប្រួល​អាកាសធាតុ​ក៏​បាន​បង្កើន​ភាពធ្ងន់ធ្ងរ​នៃ​ផលប៉ះពាល់​បង្ក​ឱ្យ​មាន​ហានិភ័យ និង​ភាពមិន​ច្បាស់លាស់​កាន់តែច្រើន រួមទាំង​គ្រោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​កាន់តែ​ញឹកញាប់​ជាង​មុន​»​។

អ្នកសម្របសម្រួល​បណ្តាញ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក​ ម៉ក់ ប៊ុនធឿន បាន​ថ្លែងថា ការដាក់ចេញ​នូវ​ផែនការ​ថ្មី​ជា​រឿង​ល្អ ប៉ុន្តែ​ទាមទារ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យបាន​ល្អប្រសើរ បើ​ពុំ​នោះទេ​នឹង​មិនមាន​ប្រសិទ្ធភាព​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​យើង​ត្រូវ​ពិនិត្យមើល ថា​តើ​ប្រទេស​នីមួយៗ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ដោះស្រាយ​អនុវត្ត​ទៅតាម​ផែនការ​ដែរ​ឬ​អត់ ពីព្រោះ​វា​អាច​ពាក់ព័ន្ធ​ផលប្រយោជន៍​ប្រទេស​នីមួយៗ​»​។ បញ្ហា​ចម្បង​ទាមទារ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​ទឹក​ដែល​កិច្ចការ​នេះ​គណៈកម្មការ​ទន្លេមេគង្គ​ត្រូវ​ដោះស្រាយ​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ​អាច​នឹងមាន​ផលវិបាក​ទៅ​ថ្ងៃមុខ​។

MRC ឱ្យដឹងថា​យុទ្ធសាស្ត្រ​រយៈពេល​ ១០ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២១-២០៣០ ​និង​ផែនការ​រយៈពេល ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ​ ២០២៥​។ ក្នុងនោះ MRC រំពឹង​នឹង​ធ្វើការ​វិនិយោគ​នូវ​ទឹកប្រាក់​ជាង ៦០ ​លាន​ដុល្លារ​ក្នុង​អំឡុងពេល​ផែនការ ៥ ​ឆ្នាំ​ ដែល​ធនធាន​ហិរញ្ញវត្ថុ​ប្រមាណ​ ៤០% បាន​មកពី​វិភាគទាន​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​។

គោលដៅ​ថ្មី​ដែល​សំខាន់​សម្រាប់​កិច្ចការ​របស់ MRC រួមមាន​ការវាយតម្លៃ និង​ការកំណត់​នូវ​ជម្រើស​ស្តុក​ទឹក រំហូរ​ទឹក​ថ្មីៗ ដែន​កម្រិត​បរិស្ថាន​ថ្មី និង​ការផ្តល់​ជា​អនុសាសន៍​លើ​គម្រោង​វិនិយោគ​រួម​សម្រាប់​អាង​ទន្លេ ដែល​មាន​ប្រយោជន៍​សម្រាប់​ការគ្រប់គ្រង​ទឹកជំនន់ ការជួយ​សង្គ្រោះ​គ្រោះរាំងស្ងួត សន្តិសុខ​ថាមពល និង​ការគាំពារ​បរិស្ថាន​៕

វីដេអូ៖