ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លើក​ឡើង​ថា ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ និង​ព័ត៌មាន​នាពេល​អនាគត​ផែនការ​អភិវឌ្ឍន៍​ និង​ផែនការ​យុទ្ធសាស្ត្រ​បន្ទាប់ សម្រាប់​អាង​ទន្លេមេគង្គ​គឺជា​ឧបករណ៍​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខណៈ​ MRC បាន​អនុម័ត​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះមហន្តរាយ​នាពេល​អនាគត​។

នៅក្នុង​កិច្ចប្រជុំ​លើក​ទី ២៦ នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់ MRC កាលពី​ថ្ងៃ​អង្គារ​លោក​ លឹម គានហោ ​បាន​ថ្លែងថា ការរៀបចំ​ប្រព័ន្ធ និង​ផែនការ​យុទ្ធសាស្ត្រ ក៏​នឹង​ជួយ​បង្កើន​អត្ថប្រយោជន៍​សម្រាប់​រយៈពេល​ខ្លី និង​រយៈពេល​វែង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ប្រសិទ្ធផល និង​ប្រកប​ដោយ​បរិយាប័ន្ន​។

លោក​បន្តថា​៖ «​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​បញ្ហា​ដែល​យើង​រំពឹងថា នឹង​កើតឡើង​ដោយសារ​ល្បឿន​នៃ​ការអភិវឌ្ឍ​នៅ​អាងទឹក​ទន្លេមេគង្គ និង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែល​អាច​កើតមាន​នឹង​តម្រូវឱ្យ​យើង បង្កើន​ការវិនិយោគ ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ប្រព័ន្ធ​​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​របស់​យើង ដើម្បី​ត្រៀម​សម្រាប់​ពេល​នេះ និង​ពេលអនាគត​។ យើង​ត្រូវការ​ការប្តេជ្ញាចិត្ត និង​កិច្ចសហប្រតិបត្តិការ​រួម​ពី​គ្រប់ភាគី​ទាំងអស់​»​។

លោក​បន្ថែម​ថា​ នៅ​ឆ្នាំនេះ​គ្រោះរាំងស្ងួត​ត្រូវបាន​គេ​មើលឃើញ​ថា បាន​ជះឥទ្ធិពល​ដល់​តំបន់​ទន្លេមេគង្គ ហើយ​ទឹកជំនន់​បាន​គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ប្រទេស​សមាជិក MRC បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ទៅលើ​វិធី​ឆ្លើយតប​ឱ្យ​បាន​ទាន់ពេល​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង និង​តាមដាន​ស្ថានភាព និង​ការអភិវឌ្ឍ​អាង​ទន្លេមេគង្គ ព្រោះ​ទិន្នន័យ និង​បច្ចេកវិទ្យា​ជឿនលឿន​មាន​ការកំណត់​។

លោក គានហោ ថ្លែង​ថា​៖ «​យើង​ក៏​ប្តេជ្ញា​ផ្តល់​គំនិត​យោបល់​ជា​យុទ្ធសាស្ត្រ និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ការអនុវត្ត​ផែនការ​អភិវឌ្ឍន៍ និង​ផែនការ​យុទ្ធសាស្ត្រ អាង​ទន្លេមេគង្គ​បន្ទាប់​ក៏ដូចជា​ការពង្រឹង​ប្រព័ន្ធ​ទិន្នន័យ​ និង​ប្រព័ន្ធ​ព័ត៌មាន​ស្ថាប័ន​របស់​យើង​ដែល​ជា​មធ្យោបាយ​ដោះស្រាយ​ការប្រែប្រួល​ដែល​កំពុង​កើតមានឡើង​នៅក្នុង​អាង​ទន្លេ​ដែល​មាន​ដូចជា​ភ្លៀង​ធ្លាក់​ខ្លាំង​ជុំវិញ​អាង​ ឬ​ការបញ្ចេញ​ទឹក​ភ្លាមៗ​ពី​ទំនប់ តាមដាន​ស្ថានភាព និង​ការអភិវឌ្ឍ​អាងទឹក និង​ផ្តល់​ការប្រាស្រ័យ​ទាក់ទង​ដែលជា​ខ្នាត​តែមួយ​ដល់​ភាគី​ពាក់ព័ន្ធ និង​សហគមន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។

លោក លឹម គានហោ ក៏បាន​លើក​ទឹកចិត្ត​ដល់​ប្រទេស​ចិន និង​មីយ៉ាន់ម៉ា​ឱ្យ​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​បំផុត​ជាមួយ​បណ្តា​ប្រទេស​សមាជិក MRC ព្រោះ​ទន្លេមេគង្គ​គឺជា​ធនធាន​រួម​ហើយ​ប្រទេស​ដែល​នៅជាប់​ទន្លេ​មេគង្គ​មាន​ភាព​ជា​ម្ចាស់​ហើយ​មាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ និង​ការពារ​។

នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​អង្គារ ក្រុមប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មការ MRC បាន​អនុម័ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះរាំងស្ងួត និង​គោលនយោបាយ​មួយចំនួន​ទៀត ដើម្បី​ជួយ​លើកកម្ពស់​សមត្ថភាព​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​នាពេល​អនាគត​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន MRC កាលពី​ថ្ងៃ​អង្គារ​បាន​ឱ្យ​ដឹងថា​យុទ្ធសាស្ត្រ​ដែល​បានអនុម័ត​នេះ​ធ្វើ​ឡើង ខណៈ​ដែល​តំបន់​មេគង្គ​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឱ្យ​កម្ពស់​ទឹកទន្លេ​មេគង្គ​ជួបប្រទះ​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ឬ​ក្នុង​រយៈពេល ៦០ ​ឆ្នាំ​ចុង​ក្រោយនេះ​។

MRC បញ្ជាក់​ថា​៖ «​យុទ្ធសាស្ត្រ​រយៈពេល​ ៦ ​ឆ្នាំនេះ​ នឹង​ផ្តោតលើ​គោលការណ៍​អាទិភាព​ទាំង​ ៥ ដែល​ត្រូវបាន​គេ​វាយតម្លៃថា “​មាន​ដំណើរ​ការមិន​ល្អ​” និង​ត្រូវការ “​ការយកចិត្ត​ទុកដាក់​ជាបន្ទាន់​” ​ដើម្បី​ដោះស្រាយ​វិបត្តិ​គ្រោះ​រាំងស្ងួត​»​។

សេចក្តី​ថ្លែងការណ៍​របស់​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​បញ្ជាក់​ថា ដៃគូ​អភិវឌ្ឍន៍​លើកទឹកចិត្ត​ដល់ MRC និង​ប្រទេស​ជា​សមាជិក ដើម្បី​ពង្រឹង​ការចូលរួម​របស់​សហគមន៍​បន្ថែម​តាមរយៈ​ការពិគ្រោះ​យោបល់​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ហើយ​នៅ​ទីបញ្ចប់ ឯកសារ​ពាក់ព័ន្ធ​គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ភាសាជាតិ​ឱ្យ​បាន​ទាន់ពេលវេលា​។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា ការបង្កើន​ឱកាស​សម្រាប់​ការចូលរួម​ជា​សាធារណៈ​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ និង​សេចក្តី​ណែនាំ​របស់ MRC នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ប្រកប​ដោយ​តម្លាភាព​ និង​គណនេយ្យភាព​ទៅលើ​ធនធាន​ទឹក​រួម​នៅក្នុង​តំបន់ ក៏ដូចជា​គុណភាព និង​លទ្ធផល​នៃ​ការវិនិយោគ​ដែល​បានគ្រោង​ទុក​នៅ​ទូទាំង​អាង​ទន្លេមេគង្គ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ការសិក្សា​ថ្មីៗ​របស់ MRC បាន​បង្ហាញថា ចំនួន​បាតុភូត​គ្រោះរាំងស្ងួត​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម​បាន​កើនឡើង​ និង​មាន​សភាព​ធ្ងន់ធ្ងរ​នៅក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​។ ឧទាហរណ៍ គ្រោះរាំងស្ងួត​ចុងក្រោយ​បង្អស់​ក្នុង​ឆ្នាំ ២០១៦ បាន​នាំឱ្យ​ខាតបង់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រទេស​ថៃ​ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​មាន​ចំនួន ១,៧ ពាន់​លាន​ដុល្លារ ខណៈ​ដែល​នៅ​ប្រទេស​កម្ពុជា​គ្រោះរាំងស្ងួត​បាន​បង្ក​ការខ្វះខាត​ទឹក​នៅក្នុង​ខេត្ត​ចំនួន ១៨ ក្នុង​ចំណោម ២៥ ខេត្ត​ដែល​មាន​ប្រជាជន​ចំនួន ២,៥ លាន​នាក់​ខ្វះខាត​ទឹក​៕