ភ្នំពេញ៖​ គណៈកម្មការ​ទន្លេ​មេគង្គ (MRC) បង្ហាញ​ក្ដី​បារម្ភ ចំពោះ​កម្រិត​ទឹកទន្លេ​មេគង្គ​ដែល​បាន​ស្រក​ចុះ​ទាប​គួរ​ឱ្យ​បារម្ភ និង​ទឹក​ប្រែ​ទៅ​ជា​ពណ៌​បៃតង​នៅ​តំបន់​មួយ ចំនួន​ដែល​ហេតុការណ៍​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ក្នុង​តំបន់​រួម​នឹង​កម្ពុជា​ផង​ដែរ ​ទៅ​លើ​ដំណាំ​កសិកម្ម និង​ប៉ះពាល់​ដល់​ការ​បំផ្លាស់ទី​របស់​សត្វ​ដែល​រស់នៅ​ក្នុង​ទឹក​ជាដើម។

របាយការណ៍​របស់ MRC ដែល​ចេញ​ផ្សាយ​ពីថ្ងៃ​ទី ១២ ខែ​កុម្ភៈ បាន​ឱ្យ​ដឹង​ថា កម្រិត​ទឹក​ធ្លាក់​ចុះ​នេះ ​ដោយសារ​ទឹក​ទន្លេមេគង្គ​រវាង​ស្ថានីយ​វារីអគ្គិសនី​ជីងហុង (Jinghong) នៅ​ក្នុង​ខេត្ត​យូណាន ​ប្រទេស​ចិន និង​ដែនដី​សណ្ត​ទន្លេមេគង្គ​ក្នុង​ប្រទេស​វៀតណាម ​បាន​ធ្លាក់ចុះ​ក្នុង​កម្រិត​គួរ​ឱ្យ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

កម្រិត​ទឹក​ទន្លេ​មេគង្គ​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​បាន​កើត​ឡើង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ ដោយសារ​ទឹក​ភ្លៀង​ធ្លាក់​តិច លំហូរ​ផ្លាស់ប្តូរ​ខ្សែ​ទឹក ប្រតិបត្តិការ​វារីអគ្គិសនី​នៅ​ក្នុង​ដៃ​ទន្លេមេគង្គ និង​ការ​រឹត​បន្តឹង​លំហូរ​ទឹក​ចេញ​ពី​ទំនប់​វារីជីងហុង​ជាដើម។

កម្រិត​ទឹកទន្លេ​មេគង្គ​ធ្លាក់​ចុះ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តាម​ដង​ទន្លេមេគង្គ​រួម​មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម។ ចំណែក​ខេត្ត និង​តំបន់​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​នឹង​រង​ផល​ប៉ះពាល់​វិញ​រួមមាន កម្រិត​ទឹកទន្លេ​ហូរ​ចេញ​ពី​ខេត្ត​កំពង់ចាម អ្នក​លឿង ទន្លេ​បាសាក់ នៅ​ភ្នំពេញ និង​ព្រែក​ក្តាម កំពុង​ត្រូវ​បាន​ធ្លាក់ចុះ​ជា​លំដាប់។ កម្រិត​ទឹក​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៃ​ខ្សែ​ទឹក​ខាង​ក្រោម​នៅ​ខេត្ត​ស្ទឹងត្រែង ​និង​ក្រចេះ ប្រែប្រួល​ចន្លោះ -០,០២ ម៉ែត្រ​និង ០,០៥ ម៉ែត្រ។ បើតាម ​MRC ចាប់​ពី​ខែ​មករា​មក ទឹក​ទន្លេ​មេគង្គ​មាន​ការ​ធ្លាក់ចុះ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​ក្នុង​កម្រិត ០,២០ ម៉ែត្រ។

លោក Winai Wangpimool ប្រធាន​ផ្នែក​គាំទ្រ​បច្ចេកទេស​របស់​លេខាធិការដ្ឋាន MRC បាន​ថ្លែង​ឱ្យ​ដឹង​ថា៖ «ប្រសិនបើ​កម្រិត​ទឹក​បន្ត​ស្រក​ចុះ​ទាប​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​តាម​ដង​ទន្លេ ការ​ធ្វើ​បំផ្លាស់ទី​របស់​ត្រី កសិកម្ម និង​ការ​ប្រមូល​ផល​តាម​ដង​ទន្លេ ដើម្បី​ជួយ​ប្រទេស​នៅ​តាម​តំបន់​ដង​ទន្លេមេគង្គ​ខាង​ក្រោម គ្រប់គ្រង​ហានិភ័យ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព យើង​អំពាវនាវ​ដល់​ប្រទេស​ចិន និង​ប្រទេស​នៅ​តាម​តំបន់​ដង​ទន្លេ​មេគង្គ​ខាង​ក្រោម ត្រូវ​ចែករំលែក​ផែនការ​រំដោះ​ទឹក​របស់​ពួក​គេ​ជាមួយ​យើង»។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​គ្រប់គ្រង​បរិស្ថាន​របស់​លេខាធិការដ្ឋាន MRC លោក So Nam បាន​ថ្លែង​ថា៖ «ដូច​ស្ថានភាព​នៅ​ឆ្នាំ ២០១៩ បាតុភូត​ទឹក​ពណ៌​ខៀវ​បៃតង បច្ចុប្បន្ន ទំនង​ជា​រីក​រាលដាល​លាតសន្ធឹង​ដល់​ទឹក​ទន្លេមេគង្គ​កន្លែង​ផ្សេងៗ​ទៀត​ដែល​ជា​កន្លែង​លំហូរ​ទឹក​ទាប»។ បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ផលិតភាព​ជីវចម្រុះ​ជលផល ការ​កាត់បន្ថយ​ប្រមូល​ផល​ត្រី និង​គំរាម​កំហែង​ដល់​ជីវភាព​រស់នៅ​ដល់​សហគមន៍​មូលដ្ឋាន។

ភ្នំពេញ ​ប៉ុស្តិ៍ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ទេ កាល​ពី​ម្សិលមិញ ប៉ុន្តែ​លោក​ធ្លាប់​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ខែ​សីហា ឆ្នាំ​មុន ថា កត្តា​ដែល​នាំ​ឱ្យ​ទឹក​ទន្លេ​មេគង្គ និង​ទឹក​ទន្លេសាប​មាន​កម្រិត​ទាប គឺ​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ឥទ្ធិពល​បាតុភូត​អែលនីណូ ហើយ​បាតុភូត​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះពាល់​ទៅ​នឹង​របប​ទឹក​ភ្លៀង​មាន​តិច ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់ចុះ។

កាល​ពី​ខែតុលា ឆ្នាំមុន ក្រសួង​ធនធាន​ទឹក​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ MRC ដោយ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន​ធារាសាស្ត្រ​ជាមួយ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ ដើម្បី​ធានា​បាន​ថា ប្រទេស​ទាំង​នោះ​អាច​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​ចម្បង។

MRC ឱ្យ​ដឹង​ដែរ​ថា តាម​ការ​ពិនិត្យ​មើល​ទឹក​ភ្លៀង​ប្រចាំ​ខែ​របស់​ខ្លួន ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ជំនន់​ទឹក​ភ្លៀង​ទាប​ជា​មធ្យម ដោយ​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​កម្រិត ២៥ ភាគរយ។

សូម​ជម្រាប​ថា ទន្លេមេគង្គ​មាន​ប្រវែង​សរុប​ជាង ៤ ពាន់​គីឡូម៉ែត្រ ដែល​ទន្លេ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភព​សន្តិសុខ​ស្បៀង​ដ៏​សំខាន់ និង​សេវាកម្ម​អេកូឡូស៊ី​សម្បូរ​បែប សម្រាប់​ប្រជាជន​ជិត ៧០ លាន​នាក់។

កាល​ពី​ដើម​ខែ​មករា ឆ្នាំ ២០២១ គណៈកម្មការ​ទន្លេ​មេគង្គ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ការ​បារម្ភ​ពី​កម្រិត​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ទឹក​ដែល​បញ្ចេញ​នៅ​ស្ថានីយ​វារីអគ្គិសនី​ជីងហុង ក្នុង​ខេត្ត​យូណាន​ ខណៈ​ដែល​ប្រទេស​ចិន កំពុង​ជួសជុល​ប្រព័ន្ធ​ខ្សែ​បណ្ដាញ​អគ្គិសនី​ពី​ថ្ងៃ​ទី ៥ ដល់ ២៤ ខែ​មករា។

លោក ​ម៉ក់ ប៊ុនធឿន អ្នក​សម្របសម្រួល​គម្រោង​សម្ព័ន្ធ​ទន្លេ​កម្ពុជា​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា ការ​ធ្លាក់ចុះ​នៃ​កម្រិត​ទឹក​ទន្លេ​មេគង្គ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គួរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​លើ​បញ្ហា​នេះ​ ដើម្បី​ផលប្រយោជន៍​រួម។

លោក​បាន​បញ្ជាក់​ថា៖ «ផល​ប៉ះពាល់​ទៅ​លើ​ផ្នែក​កសិកម្ម ព្រោះ​ខ្មែរ​យើង​ភាគច្រើន​ធ្វើ​កសិកម្ម យើង​មើល​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ប្រែប្រួល​ខុស​ប្រក្រតី​ទាំង​ក្នុង​រដូវវស្សា និង​រដូវប្រាំង អ៊ីចឹង​ទាមទារ​ឱ្យ​ទាំង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៅ​ក្នុង​កម្រិត​ដង​ទន្លេ​ត្រូវ​ជជែក​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​មួយ ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ដែល​អាច​នឹង​កើតមាន»៕

វីដេអូ៖