ភ្នំពេញៈ គណៈកម្មការទន្លេមេគង្គ (MRC) ស្វាគមន៍សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីចិនលោក លី កឺឈាង ដែលប្ដេជ្ញាចែករំលែកទិន្នន័យធារាសាស្ត្រជាមួយប្រទេសនៅតាមដងទន្លេមេគង្គ។ ប៉ុន្តែគណៈកម្មការនេះ ជំរុញឲ្យចិនប្រកាសឲ្យច្បាស់ថា តើទិន្នន័យអ្វីដែលត្រូវចែករំលែក ហើយធ្វើឡើងដោយវិធីណា។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញ លោក An Pich Hatda អគ្គនាយកនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គបានកោតសរសើរដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការចែករំលែកទិន្នន័យពេញ ១ ឆ្នាំអំពីធារាសាស្ត្រនៅតំបន់មេគង្គក្រោម។
លោកថ្លែងថា៖ «ដើម្បីឲ្យការប្រើប្រាស់ទិន្នន័យនេះមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រទេសនៅតាមដងទន្លេមេគង្គទាំងអស់ និងជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងនេះ វាសំខាន់ណាស់ដែលយើងត្រូវពិភាក្សាគ្នាឲ្យបានច្បាស់ថា តើទិន្នន័យអ្វីដែលនឹងបញ្ចូល ហើយថាតើទិន្នន័យនោះត្រូវចែករំលែកដោយវិធីណា»។
គណៈកម្មការទន្លេមេគង្គបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៣ មក ចិនបានផ្ដល់ទិន្នន័យដល់គណៈកម្មការនេះអំពីកម្រិតទឹក និងកម្រិតទឹកភ្លៀងដែលជាទិន្នន័យយកចេញពីស្ថានីយធារាសាស្ត្រចំនួន ២ មានទីតាំងនៅចរន្តទឹកខាងលើនៃទន្លេមេគង្គ គឺនៅក្រុង Jinghong និងដៃទន្លេនៅ Mana។ ប៉ុន្តែទិន្នន័យទាំងនេះចែករំលែកតែព័ត៌មាននៅរដូវមានទឹកជំនន់ពីខែមិថុនាដល់ខែតុលាប៉ុណ្ណោះ។
លោក An Pich Hatda បានថ្លែងថា គណៈកម្មការទន្លេមេគង្គត្រៀមខ្លួនរួចរាល់ហើយ ដើម្បីគាំទ្រដល់ប្រទេសសមាជិករបស់ខ្លួនដែលរួមមានកម្ពុជា ឡាវ ថៃ និងវៀតណាមក្នុងការធ្វើការជាមួយចិន និងមីយ៉ាន់ម៉ា ដើម្បីបង្កើតឡើងនូវវេទិកាចែករំលែកព័ត៌មាននេះ។
ប៉ុន្តែលោកជំរុញឲ្យសមាជិកទាំង ៤ នៃគណៈកម្មការទន្លេមេគង្គដែលប្រទេសទាំងអស់នេះស្ថិតនៅតំបន់មេគង្គក្រោម ឲ្យយកប្រយោជន៍ពីវប្បធម៌នៃការចូលរួមសហការជាមួយគ្នារបស់គណៈកម្មការទន្លេមេគង្គ និងប្រើប្រាស់វេទិកាចែករំលែកព័ត៌មានដែលមានស្រាប់ ដែលបង្កើតឡើងជាយូរមកហើយ។
លោកបន្តថា ប្រទេសនៅតំបន់អាងទឹកទន្លេមេគង្គក្រោមមានរួចហើយវេទិកាចែករំលែកទិន្នន័យ និងព័ត៌មានប្រតិបត្តិការ។ ប៉ុន្តែអ្វីដែលនៅតែខ្វះ គឺទិន្នន័យ និងព័ត៌មានមកពីតំបន់អាងទឹកទន្លេមេគង្គលើ ដែលរួមមានប្រទេសចិន និងមីយ៉ាន់ម៉ា។ មានតែទិន្នន័យមានកំណត់ប៉ុណ្ណោះ ដែលចិនចែករំលែកក្នុងរដូវមានទឹកជំនន់។
លោកថ្លែងថា៖ «ទិន្នន័យ ឬព័ត៌មានណាមួយ ដែលនឹងចែករំលែកនាពេលអនាគតទៅដល់ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ក្រោមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គគួរតែត្រូវបានធ្វើឡើងដោយកិច្ចសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីឲ្យយើងអាចតភ្ជាប់វេទិកាចែករំលែកព័ត៌មានទាំងនេះប្រកបដោយប្រសិទ្ធភាព»។
លោកបន្តថា ការបង្កើតវេទិកាចែករំលែកព័ត៌មានណាមួយនាពេលអនាគត មិនត្រូវបំភ្លេចចោលនូវមូលដ្ឋានចំណេះដឹង និងប្រព័ន្ធដែលគណៈកម្មការទន្លេមេគង្គបានបង្កើតឡើង និងបានប្រមូលអស់រយៈពេល ៦ ទសវត្សរ៍មកហើយ ចាប់តាំងពីគណៈកម្មការទន្លេមេគង្គត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧។ ដំណើរការនៃការបង្កើតវេទិកាបែបនេះ មានភាពស្មុគស្មាញ ស៊ីពេលយូរត្រូវចំណាយច្រើន និងពិបាកក្នុងការថែរក្សា។
កាលពីថ្ងៃចន្ទលោកនាយករដ្ឋមន្ត្រីចិន លី កឺឈាង បានថ្លែងក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ជាមួយថ្នាក់ដឹកនាំប្រទេសតំបន់មេគង្គ ៥ ទៀតដោយលោកថ្លែងថា ចិននឹងចែករំលែកទិន្នន័យធារាសាស្ត្រនៅរដូវទឹកជំនន់ដល់ប្រទេសតាមដងទន្លេមេគង្គ និងផ្ដល់នូវព័ត៌មានទាន់ពេលវេលាអំពីបច្ចុប្បន្នភាពនៃការប្រែប្រួលលំហូរទឹកនៅផ្ទៃទឹកខាងលើ។ ទោះបីជាចិនខ្លួនឯងមានការលំបាកក៏ដោយ ចិននឹងបង្កើនលំហូរទឹកចេញនៅរដូវគ្រោះរាំងស្ងួតដើម្បីជួយដល់ប្រទេសនៅដងទន្លេខាងក្រោមដើម្បីបញ្ចៀសបាននូវគ្រោះរាំងស្ងួត។
លោក លី កឺឈាង និយាយថា ចិនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្ដល់ជំនួយបន្ថែមទៀតតាមលទ្ធភាពដល់ប្រទេសនៅតាមដងទន្លេមេគង្គដើម្បីប្រើប្រាស់ធនធានទឹកនេះឲ្យបានកាន់តែប្រសើរ។ ចាប់ពីឆ្នាំ ២០២០ នេះតទៅចិននឹងចែករំលែកទិន្នន័យ និងព័ត៌មានពេញ ១ ឆ្នាំដល់ប្រទេសទាំងនេះ។
លោកថ្លែងទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសតាមដងទន្លេមេគង្គថា៖ «ចិននឹងធ្វើការជាមួយប្រទេសរបស់អ្នក ដើម្បីបង្កើតនូវវេទិកាចែករំលែកព័ត៌មានក្នុងកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ ដើម្បីជួយឲ្យយើងអាចប្រឈមដោះស្រាយបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត»៕