The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NEA រក​ការ​ងារ​ឲ្យ​យុវ​ជន​បាន​ជាង​ ៣​ ពាន់​នាក់ ខណៈ​ជំនាញ​ទន់​មាន​តម្រូវ​ការ​ខ្លាំង

NEA រក​ការ​ងារ​ឲ្យ​យុវ​ជន​បាន​ជាង​ ៣​ ពាន់​នាក់ ខណៈ​ជំនាញ​ទន់​មាន​តម្រូវ​ការ​ខ្លាំង

Content image - Phnom Penh Post
យុវជនក្នុងពេលចូលរួមក្នុងពិព័រណ៍ការងារកាលពីកន្លងមក។ រូបថត ហ្វេសប៊ុក

NEA រក​ការ​ងារ​ឲ្យ​យុវ​ជន​បាន​ជាង​ ៣​ ពាន់​នាក់ ខណៈ​ជំនាញ​ទន់​មាន​តម្រូវ​ការ​ខ្លាំង

ភ្នំពេញៈ​ គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ​២០១៨​ នេះ ទី​ភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA) ជួយ​ស្វែង​រក​ការងារ​ឲ្យ​យុវជន និង​និស្សិត​បាន​ជាង​៣២៥១នាក់ ​ខណៈ​មន្រ្ដី​ជំនាញ​ថា​ ជំនាញ​ដែល​បណ្ដា​ក្រុម​ហ៊ុន​មាន​តម្រូវ​ការ​ខ្លាំង​បន្ទាប់​ពី​ជំនាញ​បច្ចេក​ទេស គឺ​ជំនាញ​ទន់​។

លោក អំាង ​ភារៈ​ ប្រធាន​មជ្ឈ​មណ្ឌល​ការងារ​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់ ​ភ្នំពេញ ​បុស្ដិ៍​ នៅថ្ងៃ​ទី​ ១៩​ កក្កដា​នេះ​​ថា​ ក្នុង​ឆ្នាំ ​២០១៨​ នេះ ស​ន្ទុះ​នៃ​ការ​ស្វែង​រក​ការងារ​ឲ្យ​យុវជន​នៅ​ភ្នំពេញ​មាន​ការ​កើ​ន​ឡើង​រហូត​ដល់​ជាង​ ៣ពាន់​នាក់​ ខណៈ​កាល​ពី​ឆ្នាំ ​២០១៧ បាន​ត្រឹម ​២ ពាន់​នាក់​ប៉ុណ្ណោះ​។

លោក​បាន​បន្ដ​ថា​៖ «តាម​រយៈ​ការ​ធ្វើការងារ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ហ៊ុន​និង​និយោជក​យើង​អាច​វាយ​តម្លៃ​បាន​ថាយើង​មិនទាន់​អាច​ផ្គត់​ផ្គង់​គ្រប់គ្រាន់​ទៅដល់​ក្រុម​ហ៊ុន​ដែល​គេ​កំពុង​រើស​បុគ្គលិក​នោះ​ទេ។ ​កាល​ពីថ្ងៃ​ទី ២៨ ខែមិថុនា ​កន្លង​ទៅ​នេះ​ យើង​មាន​ឱកាស​ការងារ​ជាង​១ពាន់​នាក់​ដែល​ក្រុម​ហ៊ុន​មាន​តម្រូវ​ការតែ​មាន​យុវជន​តែ​ជាង​១៥០នាក់​ប៉ុណ្ណោះដែល​ធ្វើ​តេស្ដ​ជាប់​ទទួល​បាន​ការងារ​»។

បើ​តាម​លោក ភារៈ ក្រៅពី​ជំនាញ​វិជ្ជា​ជីវៈ ឬជំនាញ​បច្ចេក​ទេស ដែល​គាត់​មាន​សម្រាប់ ជំនាញ​សំខាន់​បំផុត​ដែល​ក្រុម​ហ៊ុន​និយោជក​ចង់​បាន​នោះ​គឺជំនាញទន់។ ​ជំនាញ​ទន់​ក្នុងនោះ​មាន​ជំនាញ​តូចៗ​ជាច្រើន​ទៀត​ដែល​មាន​តម្រូវ​ការ​ខ្លាំង តួយ៉ាង ជំនាញ​រៀប​ចំ​ផែន​ការ​ធ្វើ​ការ​ងារ​ជាក្រុម និង​ជំនាញ​ដឹក​នាំ​ជា​ដើម​។

យោង​តាម​លទ្ធ​ផល​អង្កេត​និយោ​ជក​លើកទី៤ ស្តីពី​កង្វះនិង​គម្លាត​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ​ឆ្នាំ​២០១៧​នេះ បង្ហាញ​ថា ៧៧,៩ភាគរយ​នៃ​និយោជក​នៅ​ក្នុង​វិស័យ​សណ្ឋាគារ និង​ការស្នាក់​នៅ​កំពុង​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក។

ចំណែក​ឯ​វិស័យ​ដទៃ​ទៀត​គឺស្ថិត​ក្នុង​អត្រា​៦៤,១ភាគរយក្នុង​វិស័យ​ឡូ​ជីស្ទីក​និង​ការ​ដឹក​ជញ្ជូនសុខាភិបាល ៥៨,៣ភាគរយ,​ អប់រំ​ និង​បណ្តុះ​បណ្តាល​៥៣​ភាគ​រយ​ កែច្នៃម្ហូប​អាហារ​ និង​ភេស​ជ្ជៈ៥១,៧ភាគ​រយ, ហិ​រញ្ញវត្ថុ​និង​ធានា​រ៉ាប់រង​៥០,៧​ភាគ​រយ, ព័ត៌មាន​វិទ្យា៣៦,៥​ភាគ​រយ, សំណង់​៣៤,៤ភាគ​រយ,​ វាយ​ន​ភ័ណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ផលិត​ស្បែក​ជើង​២០,៩​ភា​គរយ និង​ផលិត​កម្ម​កៅស៊ូ និង​ប្លាស្ទិក ៧,៣ ភាគរយ។

កត្តា​ចម្បង​ដែល​នាំឱ្យ​និយោជក​ជួប​ប្រទះការ​លំបាក​ក្នុងការ​ជ្រើស​រើស​កម្លាំង​ពលកម្ម​គឺ​បណ្តាល​មក​ពីបេក្ខជន​គ្មាន​ជំនាញ​បច្ចេក​ទេស​តាម​តម្រូវ​ការមាន​ការប្រកួត​ប្រជែង​ខ្លាំង​ក្នុង​ចំណោម​និយោជក​ក្នុង​ការជ្រើស​រើស​កង្វះបទពិសោធការងារ និងបេក្ខ​ជន​ដាក់​ពាក្យ​ស្វែង​រក​ការ​ងារ​មាន​ចំនួន​តិច​។

តាម​របាយការណ៍​ដដែលជំនាញ​សំខាន់ៗ​ដែល​អ្នក​ស្វែង​រកការ​ងារ​មាន​ការ​ខ្វះ​ខាត​សំខាន់ៗ​រួមមាន​ ​«ជំនាញភា​សាបរទេស ជំនាញ​បច្ចេក​ទេស​ការ​បម្រើ​សេវា​អតិ​ថិជន ការនិ​យាយ​ស្តី ​ការ​បំពេញ​ការងារ​ជា​ក្រុម ការ​ដោះ​ស្រាយ​បញ្ហានិង​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ព័ត៌​មាន»។

តាម​រយៈ​ទិន្ន​ន័យ​ដែល​ប្រ​មូល​បាន​ពីកា​រអង្កេត​នេះ​ NEA បាន​ធ្វើការ​វិភាគ​ព្យា​ករ​និង​ផលិត​ជារ​បាយ​ការណ៍​មួយ​ទៀត​ស្តីពី «ទស្សន​វិស័យ​ការងារ​កម្ពុជា​ឆ្នាំ២០១៨»ដែលបង្ហាញ​អំពីការ​វិវត្ត​របស់​ទីផ្សារ​ការងារ​នៅកម្ពុជា​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ឱកាស​ការ​ងារ​តាម​ប្រ​ភេទ​នៃ​មុខ​របរ​។

លទ្ធផល​នៃរបាយ​ការណ៍​នេះ​ បាន​បង្ហាញ​ថា ​ប្រភេទ​ការងារ​ដែល​អាច​ឲ្យ​អ្នក​ស្វែង​រកការងារ​ងាយ​នឹង​ទទួល​បាន​នោះ​រួម​មាន «ជំនាញ​វិស្វករ ឧស្សា​ហ​កម្ម និង​ផលិត​កម្ម វិស្វករ​ទូរ​គមនា​គមន៍ អ្នកឯក​ទេស​ផ្នែក​វិទ្យុសាស្រ្ត និង​ថត​កាំរស្មីអ៊ិច​ អ្នក​បក​ប្រែអត្ថ​បទ និងអ្នក​បក​ប្រែ​ផ្ទាល់​មាត់​អ្នក​បច្ចេក​ទេស​ផ្នែកសេវា​គាំទ្រព័ត៌​មាន​វិទ្យា​ វិស្វករ​គីមី អ្នក​បញ្ជាម៉ា​ស៊ីន​ចំហុយ​ទឹក​ ជាង​ធ្វើ​កញ្ចក់​ ជាង​ដំ​ឡើង​បំពង់​ទុ​យោ និង​បំពង់​បង្ហូរ និង​អ្នក​ដំ​ឡើង​ម៉ាស៊ីន​យាន​យន្ត។

អ្នក​នាង ​ប៉េងទី សៅ​បូរីណា នាយិកា jobs.phnomlist ដែលជាក្រុម​ហ៊ុន​ផ្ដល់​សេវា​ជ្រើស​រើស​បុគ្គលិក​ឯកជន​មួយ​នៅ​ភ្នំពេញឲ្យដឹង​ដែរ​ថា​តាម​រយៈ​ការ​ធ្វើការងារ​ជាអ្នក​ផ្ដល់​សេវា​ជ្រើសរើស​បុគ្គលិក​ឲ្យក្រុមហ៊ុន​ជា​ច្រើន​នៅ​ភ្នំពេញបាន​​ជួយ​ឲ្យ​យុវជន​រាប់​ពាន់​បាន​ការងារ​ធ្វើ​ក្នុង​១ឆ្នាំៗ​។​

អ្នក​នាង​បាន​បញ្ជាក់​ថា៖«ម្ចាស់ក្រុម​ហ៊ុន​ភាគ​ច្រើនគេ​ចង់បាន​បុគ្គលិក​ចូលរួម​ធ្វើ​ការងារ​នៅ​ក្រុម​ហ៊ុន​របស់​គេ​ដោយ​ផ្អែក​ ជំនាញ​វិជ្ជាជីវៈ ​ឆន្ទៈ ​ឬការ​តាំង​ចិត្ដ ​និង​ភាព​អត់​ធ្មត់​ ដែល​ពួកគាត់​ត្រូវ​ចេះ​សម្រប​ខ្លួន​ ចេះ​ធ្វើ​កា​រងារ​បាន​គ្រប់​ស្ថាន​កា​រណ៍​ក្នុង​ក្រុម​ហ៊ុន​»។

អ្នក​នាង​បាន​មើល​ឃើញ​ថា៖«ភាគ​ច្រើន​យុវជន​ដែល​មក​ដាក់​ពាក្យ​ធ្វើកា​រមិន​សូវ​មាន​ភាព​អត់​ធ្មត់​ចំពោះ​ការ​ងារ ​ខ្វះការ​ទំនាក់​ទំនង​និង​មិន​ចេះ​ធ្វើ​ការ​ងារ​ជាក្រុម​ដែល​នេះ​បណ្ដាល​ឲ្យ​ក្រុម​ហ៊ុន​ជាច្រើន​មិន​អាច​ជ្រើ​សរើស​គាត់​ឲ្យ​ចូល​ធ្វើកា​រងារ​បាន​ឬ​ធ្វើ​កា​រងារ​មិន​សូវ​បាន​យូ​រអ​ង្វែង​»៕

អត្ថបទគួរចាប់អារម្មណ៍