The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - NGO ​ពិចារណា​​ប្ដឹង​ពី​រឿង​រុះរើ​​ស្លាក​អំពាវនាវ




NGO ​ពិចារណា​​ប្ដឹង​ពី​រឿង​រុះរើ​​ស្លាក​អំពាវនាវ

Content image - Phnom Penh Post

NGO ​ពិចារណា​​ប្ដឹង​ពី​រឿង​រុះរើ​​ស្លាក​អំពាវនាវ

ភ្នំពេញៈ អង្គការ​អាដហុក​ពី​ម្សិលមិញ​បាន​ថ្លែង​ថា​អង្គការ​កំពុង​ពិចារណា​ប្ដឹង​មន្ត្រី​នគរបាល​ខេត្ត​កោះកុង​ដែល​បាន​រុះរើ​ស្លាក​អំពាវនាវ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក​ ៥ ​នាក់ ប៉ុន្តែ​ក៏​ចង់​ស្វែងរក​ដំណោះស្រាយ​ផ្ទាល់​ផង​ដែរ​មុន​ឈាន​ដល់​ការ​ដាក់​ពាក្យបណ្តឹង​។

កាលពី​សប្តាហ៍​មុន​នគរបាល​ស្រុក​ស្មាច់មានជ័យ ខេត្ត​នេះ​បាន​​ដក​ស្លាក​មាន​រូប​មន្ត្រី​អង្គការ​​អាដហុក​ ៤ ​នាក់ និង​ គជប ​ម្នាក់ ខណៈ​ការ​រុះរើ​ដូច​គ្នា​នេះ​ក៏​បាន​​កើត​ផង​ដែរ​នៅ​ថ្ងៃ​បន្ទាប់​ក្នុង​ស្រុក​​ស្រែអំបិល​នៅ​ផ្ទះ​អ្នកភូមិ​ ៣ ​នាក់​។

លោក ស៊ឹង សែនករុណា មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​អង្គការ​អាដហុក​ថា​អង្គការ​កំពុង​ពិភាក្សា​ជាមួយ​អង្គការ​ផ្សេង​ថា តើ​នឹង​ដាក់​ពាក្យបណ្តឹង​ឬ​អត់ ខណៈ​ស្លាក​អង្គការ​លីកាដូ និង​អង្គការ​មាតា​ធម្មជាតិ​ក៏​ត្រូវ​រុះរើ​ដែរ​នោះ​។ ​អង្គការ​ប្រដូច​ទង្វើ​នោះ​ថា​ដូច​ចោរ​។

លោក​ថា​៖ «​យើង​កំពុង​ព្យាយាម​រក​ដំណោះស្រាយ​ដោយសារ​យើង​មិន​ទុក​ចិត្ត​តុលាការ​»​។ «​យើង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដើម្បី​ថ្កោលទោស​សកម្មភាព​របស់​មន្ត្រី​នគរបាល​ទាំង​នោះ​ក្នុង​ខេត្ត​កោះកុង​»​។

អធិការនគរបាល​ស្រុក​ស្មាច់មានជ័យ​លោក មិន រស្មី ថ្លែង​ថា​អង្គការ​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​ ឬ​ដាក់​ពាក្យ​បណ្តឹង ប៉ុន្តែ​លោក​ថា​អង្គការ​មិន​បាន​សុំ​អាជ្ញាធរ​មុន​ដាក់​ស្លាក​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ​ដែរ​ក្រសួង​ការបរទេស​អាមេរិក​បាន​គាំទ្រ​សេចក្តី​ថ្លែងការណ៍​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​អំពាវនាវ​ឲ្យ​ដោះលែង​ភ្លាមៗ​ចំពោះ​មន្ត្រី​អាដហុក​ ៥ ​នាក់​ដែល​ការ​ឃុំ​ខ្លួន​មុន​សវនាការ​ត្រូវ​បាន​ពន្យារ​ ៦ ​ខែ​បន្ថែម​ទៀត​ពី​ថ្ងៃ​ទី​​ ២៧ មេសា​។

សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា​៖ «​អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ពិចារណា​ចំពោះ​អនុសាសន៍​ទាំង​នេះ និង​គោរព​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​»​។

សេចក្តី​ថ្លែងការណ៍​ក៏​បាន​សំដៅ​ផង​ដែរ​ទៅ​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ឃុំ​ខ្លួន​គ្មាន​ហេតុផល​ត្រឹមត្រូវ​ដែល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​បាន​ហៅ​ការ​ឃុំ​ខ្លួន​ពួកគេ​ថា​ «​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​»៕ PS

អត្ថបទគួរចាប់អារម្មណ៍