
សកម្មភាពចាក់ដីលុបឆ្នេរសមុទ្រនៅចំណុច អ៊ូទូកខេត្តព្រះសីហនុថ្មីៗនេះ។ សហការី
ព្រះសីហនុៈ អង្គការសង្គមស៊ីវិលដែលតាមដានបញ្ហាដីធ្លីនៅខេត្ដព្រះសីហនុបានបន្ដរិះគន់ចំពោះការចាក់ដីលុបសមុទ្រដែលជាសម្បត្តិសាធារណៈរបស់រដ្ឋដើម្បីធ្វើកំពង់ផែអ៊ូទូក នៅភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ និងបានបារម្ភពីការប៉ះពាល់បរិស្ថាន ខណៈលទ្ធផលសិក្សាពីផលប៉ះពាល់ដែលសាលាខេត្តស្នើសុំទៅជំនាញមិនទាន់បានបង្ហាញ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលតែងតាមដានករណីរំលោភដីឆ្នេរ និងដីនៅខេត្តជាប់សមុទ្របានគាំទ្រគម្រោងអភិវឌ្ឍន៍ក្នុងខេត្ដព្រះសីហនុប៉ុន្ដែលោកបានស្នើទៅរដ្ឋបាលខេត្ដថា មិនត្រូវឲ្យការអភិវឌ្ឍនោះប៉ះពាល់សម្បត្ដិសាធារណៈទេគឺត្រូវអភិវឌ្ឍតែចំណុចជាកម្មសិទ្ធិរបស់ខ្លួនបានហើយ។
លោកថ្លែងថា៖ «ការអភិវឌ្ឍកំពង់ផែអ៊ូទូកនេះមិនមែនជាក្រុមហ៊ុនវិនិយោគដែលត្រូវបានផ្ដល់សិទ្ធិដោយរដ្ឋាភិបាលទេ តែវាជារឿងបុគ្គលឯកជន អ៊ីចឹងមិនត្រូវធ្វើឲ្យប៉ះពាល់សម្បត្ដិសាធារណៈរបស់រដ្ឋទេ»។
លោក សុខុម បានឲ្យដឹងថា ក្នុងជំនួបរវាងអភិបាលខេត្ដព្រះសីហនុ និងអង្គការសង្គមស៊ីវិលចំនួន ១៣ កាលពីចុងសប្ដាហ៍មុន លោកបានលើកឡើងពីករណីបុគ្គលឯកជនដែលនៅតែបន្ដចាក់ដីលុបចូលសមុទ្រធ្វើកំពង់ផែអ៊ូទូកនេះដើម្បីស្វែងរកការបញ្ជាក់ពីការអភិវឌ្ឍនោះឲ្យបានច្បាស់។
លោកបន្ដថា៖ «ករណីនេះ លោកអភិបាលខេត្ដបានប្រាប់ថា លោកមិនបានអនុញ្ញាតច្បាប់ឲ្យចាក់ដីចូលសមុទ្រទេ តែនេះជារឿងលោកអភិបាលស្រុកដែលបានអនុញ្ញាតឲ្យមានការចាក់លុបចូលសមុទ្របែបនេះ»។
លោកបានបន្ថែមថា៖ «លោកអភិបាលខេត្ដបានប្រាប់ថា ករណីចាក់ដីលុបសមុទ្រនេះ វាជារឿងថ្នាក់ជាតិ មិនមែនជារឿងថ្នាក់ក្រោមជាតិជាអ្នកសម្រេចទេ។ការឲ្យចាក់ដីកន្លងមកជាកំហុសអភិបាលស្រុកស្ទឹងហាវ
ទេដែលបានអនុញ្ញាតលើលិខិតស្នើសុំ និងឯកភាពឲ្យចាក់ដីចូលសមុទ្រទឹកជ្រៅ»។
ទាក់ទងនឹងបញ្ហានេះ លោក យន្ត មីន អភិបាលខេត្ដព្រះសីហនុ ក៏ធ្លាប់បានឆ្លើយតបកាលពីចុងសប្ដាហ៍មុនដែរថា៖ «ការលុបបំបាត់បញ្ហាចាក់ដីចូលសមុទ្រធ្វើអ៊ូទូកនេះរដ្ឋបាលខេត្តបានស្នើទៅក្រសួងរៀបចំដែនដីដើម្បីឲ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា សិក្សាវាយតម្លៃផលប៉ះពាល់»។
លោកបានឲ្យដឹងថា ចំពោះសំណង់អគារដែលមានទំហំលើសពី ៣ ០០០ ម៉ែត្រការ៉េទៅ ជាភារកិច្ចរបស់ថ្នាក់ជាតិ។ រីឯទំហំក្រោម ៣ ០០០ ម៉ែត្រការ៉េជាការទទួលខុសត្រូវរបស់ថ្នាក់ខេត្ត និងអគារមានទំហំក្រោម ៥០០ ម៉ែត្រការ៉េជាភារកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រុង/ស្រុក។
យ៉ាងណាក្ដី កាលពីកន្លងមក លោក យន្ត មីន ធ្លាប់បានបង្ហាញការគាំទ្រដោយលោកយល់ថា ជាទីតាំងសំខាន់មួយសម្រាប់ចតទូកនេសាទរបស់ពលរដ្ឋ។ មិនអាចទាក់ទងលោក យន្ត មីន ដើម្បីសុំអត្ថាធិប្បាយបន្ថែមបានទេ កាលពីថ្ងៃម្សិលមិញ។
បើតាមលោក សុខ សុខុម ករណីចាក់ដីលុបសមុទ្រធ្វើកំពង់ផែអ៊ូទូកនេះ កាលពីដំបូងឡើយ ម្ចាស់អ៊ូទូកបានស្នើសុំទៅអាជ្ញាធរស្រុក ត្រឹមតែជួសជុលអ៊ូទូកឡើងវិញប៉ុណ្ណោះ ប៉ុន្ដែបែរជាចាក់ដីរំលោភចូលឆ្នេរសមុទ្ររឹតតែខ្លាំងឡើងៗដោយមិនមានការហាមឃាត់ខណៈមិនទាន់មានច្បាប់ត្រឹមត្រូវនោះ។
លោក អ៊ី ធារិន នាយកស្ដីទីអន្តរវិស័យសាលាខេត្តព្រះសីហនុ សុំមិនធ្វើការអត្ថាធិប្បាយ ដោយលោកថា មិនទាន់ក្ដាប់ព័ត៌មានបាន។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការចាក់ដីលុបចូលសមុទ្រធ្វើអ៊ូទូកនេះគឺខេត្ដបានចុះពិនិត្យ និងប្រជុំរួចហើយដោយបានទាំងធ្វើរបាយការណ៍
ដាក់ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជារួចហើយ ដើម្បីសម្រេច។
លោកបានបន្ដថា៖ «ទៅដល់ថ្នាក់ជាតិហើយ គ្រាន់តែថា អាម៉ាផ្នែកដែលចាក់ចូលសមុទ្រមិនមែនជាសម្បត្ដិឯកជនរបស់គាត់ខេត្ដឲ្យជួលពីរដ្ឋ។ ដីណាមានកម្មសិទ្ធិរបស់គាត់ ប្រើទៅអាលើស ជួលពីរដ្ឋវិញ»៕