ភ្នំពេញៈ ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាង​ថា នៅ​ឆ្នាំ​ ២០២០ ​អាដហុក​បាន​រកឃើញ​អំពើ​រំលោភ​សេពសន្ថវៈ​ ១៤៥ ​ករណី ដែល​​កើនឡើង​តិចតួច បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៩ ក្នុងនោះ​ជនរងគ្រោះ​​ភាគច្រើន​គឺជា​ក្មេងស្រី អាយុ​ក្រោម​ ១៨ ​ឆ្នាំ ​ដែល​ប្រព្រឹត្ត​ដោយ​​សាច់ញាតិ​ផ្ទាល់ ឬ​បុគ្គល​ក្រៅ​​រង្វង់​គ្រួសារ ហើយ​មាន​ជនរងគ្រោះ​ខ្លះ​ត្រូវបាន​សម្លាប់​ផងដែរ​។

លោកស្រី​ ម៉ៅ ម៉ាប់ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទទួល​បន្ទុក​ស្ត្រី និង​កុមារ​បាន​ឱ្យដឹងពី​ថ្ងៃទី​ ១២ មីនា​ថា អំពើ​រំលោភ​សេពសន្ថវៈ​ក្នុង​ឆ្នាំ​ ២០២០ គឺ​អាដហុក​បាន​អង្កេត​ និង​ប្រមូល​ទិន្នន័យ​បាន​ពី​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បង្ហាញថា មាន​ ១៤៥ ​ករណី​ ដែល​ជា​ចំនួន​ច្រើនជាង​ឆ្នាំ​ ២០១៩ បន្ដិចបន្តួច ក៏ប៉ុន្តែ​​លោកស្រី​មិន​បាន​បញ្ជាក់​ពី​តួលេខ​ក្នុង​ឆ្នាំ​​ ២០១៩ ​ថា មាន​ចំនួន​ប៉ុន្មាន​ករណី​នោះទេ​។

លោកស្រី​បន្តថា សមាគម​​អាដហុក​ភាគច្រើន​ធ្វើការ​ផ្តោតលើ​កុមារី​ដែលមាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ហើយ​បាន​រកឃើញ​ថា​​ពួកគេ​ត្រូវ​រង​នូវ​អំពើ​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​ជនល្មើស​​ក្នុងនោះ​មាន​សាច់ញាតិ​ផ្ទាល់​ក្នុង​គ្រួសារ​ក្មេងស្រី​រងគ្រោះ​ ឬ​បុគ្គល​នៅក្រៅ​រង្វង់​គ្រួសារ​ពួកគេ​ (​អ្នកដទៃ​)​។

បើតាម​លោកស្រី​ ម៉ៅ ម៉ាប់ កត្តា​សំខាន់​ដែល​នាំឱ្យ​មាន​បទល្មើស​នេះ​គឺ​មកពី​ស្ថានភាព​​សេដ្ឋកិច្ច​ក្រីក្រ​ក្នុង​គ្រួសារ​របស់​​ក្មេង​តែម្តង​។ ​ករណី​នេះ​គឺ​ឪពុក​​ម្តាយ​ក្មេង​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​ហើយ​ទុក​កូនតូចៗ​ឱ្យនៅ​ជាមួយ​ជីដូន​ជីតា​ដែលមាន​វ័យ​​ចំណាស់​គ្មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការមើល​ថែរក្សា​ចៅ​។ ​ហេតុនេះ​ក្មេងៗ​ទាំងនេះ​មិន​ទទួល​បាន​ការការពារ​ខ្លួន​ពេញលេញ​​ទេ​។ ​ម្យ៉ាងទៀត​ជម្រក​កុមារី​រងគ្រោះ​ដែល​ស្នាក់នៅ​ជាមួយ​ជីដូន​ជីតា​នោះ​គឺ​មាន​ខ្លះ​ជា​ខ្ទម​ដែលជា​ឱកាសល្អ​សម្រាប់​ជនខិលខូច​ធ្វើបាប​លើ​កុមារី​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ករណី​ភាគច្រើន​លុះត្រា​ណា​តែ​ក្មេង​មាន​បញ្ហា​ដូចជា មាន​របួសស្នាម​ឈឺ​អ៊ីចឹងទៅ ទើប​ឪពុកម្តាយ​ ឬ​សាច់ញាតិ​បានដឹង​​ថា​ក្មេង​នោះ​រងគ្រោះ​។ ករណី​​នេះ​ភាគច្រើន​កើត​នៅ​តំបន់​​ដាច់ស្រយាល​ឆ្ងាយៗ​ជា​បញ្ហា​មួយ​ដែល​យើង​មើលឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​»​។

លោក ស្រី ម៉ៅ ម៉ាប់ បន្ថែម​ថា​ករណី​រំលោភ​សេពសន្ថវៈ​នេះ​​គឺ​កុមារី​រងគ្រោះ​ភាគច្រើន​កម្រ​ហ៊ាន​ប្រាប់​ដល់​គ្រួសារ​​ ឬ​ឪពុកម្តាយ​ណាស់​។ មូលហេតុ​ដោយសារ​ជនល្មើស​តែងតែ​គំរាម​ក្មេងរងគ្រោះ​ថា ប្រសិន​​បើ​ពួកគេ​ហ៊ាន​និយាយ​ចេញ​​ឱ្យ​សាច់ញាតិ​ដឹង​គឺអាច​ត្រូវគេ​សម្លាប់ចោល​ ១​ ​គ្រួសារ​ ឬ​អាច​សម្លាប់​កុមារី​នោះ​ចោល​។ ​អ៊ីចឹង​​ហើយ​ទើប​ក្មេងរងគ្រោះ​ភ័យខ្លាច​ការសំឡុត​គំរាម​នោះ​។

យ៉ាងណាក្ដី​ លោកស្រី​ថា បញ្ហា​​នេះ​ក៏​ព្រោះតែ​ការយល់ដឹង​ពី​ច្បាប់​របស់​ពលរដ្ឋ​តាម​មូលដ្ឋាន​នៅ​មាន​កម្រិត​ផងដែរ​។ ​ម្យ៉ាង​ដោយសារ​ពួកគាត់​ហាក់​​មិនសូវ​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ព្រោះ​ការដោះស្រាយ​​បណ្តឹង​តែង​ប្រើពេល​យូរ ទើប​ពេលខ្លះ​ពួកគាត់​សម្រេចចិត្ត​ទទួល​យក​សំណង​រដ្ឋប្បវេណី​ពី​ជនល្មើស​ក្រៅ​ប្រព័ន្ធតុលាការ​។

លោកស្រី​ថា​៖ «​ភាគច្រើន​គ្រួសារ​ក្មេងរងគ្រោះ​យក​សំណង​ហើយ​ពួកគាត់​គិតថា បញ្ចប់រឿង​ត្រឹម​យក​សំណង​ហើយ​​នោះ​ពួកគាត់​មិន​ចូលរួម​នៅ​តុលាការ​ទៀត​ទេ​។ ក្នុង​រឿង​ព្រហ្មទណ្ឌ​គឺ​ជនរងគ្រោះ​គាត់​មាន​សិទ្ធិ​យក​សំណង​រដ្ឋប្បវេណី​តែ​បណ្តឹងអាជ្ញា​របស់​ពួកគាត់​គឺ​នៅតែ​ដំណើរការ​ទេ​។

នេះហើយ​ជា​បញ្ហា​ធ្វើឱ្យ​និទណ្ឌភាព​នៅតែ​កើតមាន​ហើយ​​ករណី​ខ្លះ​មាន​ការសម្របសម្រួល​​ក្រៅ​ប្រព័ន្ធតុលាការ​ផង​»​។

ទោះជា​យ៉ាងណា ទាក់ទង​នឹង​​ដំណើរការ​នីតិវិធី​ប្ដឹង​វិញ​ឃើញ​​ថា រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​។ ​ភាគច្រើន​ពេល​មាន​​បណ្តឹង​គឺ​សមត្ថកិច្ច​តែង​ចាប់​ជនល្មើស​ផ្តន្ទាទោស​។ ​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី ម៉ៅ ម៉ាប់​។

បើតាម​លោកស្រី ម៉ៅ ម៉ាប់ ករណី​បទល្មើស​រំលោភ​សេពសន្ថវៈ​កើត​ច្រើន​ជាងគេ​គឺមាន​​ដូចជា ខេត្តបាត់ដំបង ខេត្តកំពត និង​កំពង់ធំ​។ ចំណែក​ករណី​​ឪពុកម្តាយ​ក្មេង​ដែល​ចេញ​ទៅ​​ធ្វើការ​នៅក្រៅ​ប្រទេស​វិញ​ក៏​ខេត្ត​ទាំង​ ៣ ​នេះ​មាន​តួលេខ​ច្រើនជាង​ខេត្ត​ផ្សេងៗ​ផងដែរ​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រសិន​បើ​ពលរដ្ឋ​ដឹងថា មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​កើតឡើង​សូម​ប្រញាប់​ប្ដឹង​សមត្ថកិច្ច​នគរបាល​ភ្លាមៗ​ពិសេស​គឺ​អង្គភាព​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​បំផុត​។

លោក ផល្លី បាន​បញ្ជាក់ថា​៖ «​យើង​មើលឃើញ​ថា កន្លងមក​ទោះ​ជា​មាន​បទល្មើស​អី​កើតឡើង​​ក៏ដោយ គឺ​នៅពេល​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច​យើង​តែង​ខ្នះខ្នែង​ធ្វើ​សកម្មភាព​ចាត់ចែង​​ភ្លាម​។ ​យើង​ឆ្លើយតប​ដើម្បី​ពលរដ្ឋ​ក្នុងនាម​ជា​កងកម្លាំង​យើង​​ត្រូវតែ​ការពារ​ជូន​ពលរដ្ឋ​។

កន្លងទៅ​ក៏​ដូច​បច្ចុប្បន្ន​យើង​កំពុង​ធ្វើការ​យ៉ាងសកម្ម​នៅ​​ពេល​ទទួល​បាន​បណ្តឹង​គឺ​យើង​មាន​ចំណាត់ការ​ភ្លាមៗ​»​។

ករណី​បទល្មើស​រំលោភ​សេពសន្ថវៈ​នេះ​កាលពី​ដើម​ខែមីនា​ឆ្នាំនេះ មាន​ស្ត្រី​ម្នាក់ ឈ្មោះ ហួន ស្រី អាយុ​ ២៣ ​ឆ្នាំ​ បម្រើការ​នៅ​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ត្រូវ​ជនល្មើស​ឈ្មោះ​ រឿន ធារិន ​អាយុ​ ៣៨ ​ឆ្នាំ​ចាប់​រំលោភ​រួច​​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​របស់​​នាង​។ ​ប៉ុន្តែ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ខេត្ត​សៀមរាប ហើយ​ត្រូវបាន​តុលាការ​​ខេត្ត​បន្ទាយមានជ័យ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃទី​ ៦ មីនា ពាក់ព័ន្ធ​នឹង​បទល្មើស​មនុស្សឃាត​ដោយ​ចេតនា​៕