ភ្នំពេញៈ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​រកឃើញ​ករណី​អំពើហិង្សា​លើ​ស្ត្រី​មាន​ចំនួន​ ១១២ ​ករណី​ ក្នុង​ឆ្នាំ​ ២០២០ ដែលជា​ចំនួន​ច្រើនជាង​ឆ្នាំ​ ២០១៩ ​តិចតួច ហើយ​មូលហេតុ​ចម្បង​មាន​ទាក់ទង​នឹង​សីលធម៌​សង្គម បញ្ហា​ជីវភាព​ និង​វិសមភាព​យេនឌ័រ​ ខណៈ​ក្រសួង​កិច្ចការនារី​ក៏បាន​រកឃើញ​ដែរ​ថា ករណីនេះ​បង្ក​ឡើង​ដោយ​ដៃគូ​ស្និទ្ធស្នាល​របស់​ស្ត្រី​រងគ្រោះ​។

លោកស្រី ម៉ៅ ម៉ាប់ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទទួល​បន្ទុក​ស្ត្រី និង​កុមារ​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ២៤ មីនា​ថា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ធ្វើ​ការងារ​សំខាន់​ផ្តោត​អំពើហិង្សា​ទៅលើ​ស្ត្រី តែ​មិន​ផ្តោតលើ​កុមារ​ទេ​។ ​សម្រាប់​ឆ្នាំ​ ២០២០ ​កន្លង​មក​នេះ អាដហុក​បាន​រកឃើញ​អំពើហិង្សា​លើ​ស្ត្រី​ទាំង​លក្ខណៈ​ធ្ងន់ធ្ងរ​ និង​ស្រាល​មាន​ចំនួន​ ១១២ ​ករណី​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ​ចំនួន​នេះ​​មាន​ការកើនឡើង​តិចតួច បើ​​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩ ​ដែល​មានតែ​ ១០២ ​ករណី​។

លោកស្រី​បន្តថា ការធ្លាក់​សីលធម៌​សង្គម​ និង​បញ្ហា​ជីវភាព​គឺជា​មូលហេតុ​មួយ​ដែល​នាំឱ្យ​មាន​អំពើហិង្សា​នេះ​កើតឡើង​ដោយ​ករណី​ភាគច្រើន​គឺ​​បង្កឡើង​ពី​ភាគី​ខាង​បុរស​ដែល​ផឹកស្រា​ស្រវឹង​ហើយ​ពេល​ត្រឡប់​​ដល់ផ្ទះ​វិញ តែង​បង្ក​អំពើហិង្សា​ដល់​ប្រពន្ធ​កូន​។ ​

បើ​ស្ត្រី​នោះ​ត្រូវ​ប្តី​វាយដំ​ធ្ងន់ធ្ងរ ដែល​អាច​បង្ក​របួសស្នាម​ពិការ ឬ​ស្លាប់​គឺ​ខាង​សមាគម​អាដហុក តែង​ជួយ​អន្តរាគមន៍​ ឬ​សហការ​ផ្តល់​ព័ត៌មាន​ទៅ​នគរបាល​។ ​ប៉ុន្តែ​បើ​អំពើហិង្សា​នោះ​មាន​លក្ខណៈ​ស្រាល​ត្រឹមតែ​ឈ្លោះប្រកែក​គ្នា​ធម្មតា​ទេ​គឺ​អាដហុក​គ្រាន់តែ​ជួយ​ពិគ្រោះ​យោបល់​ដើម្បី​រក​វិធី​ដោះស្រាយ​តែប៉ុណ្ណោះ​។

លោកស្រី ម៉ៅ ម៉ាប់ បាន​បន្តទៀត​ថា នៅពេល​ស្ត្រី​រងគ្រោះ​ត្រូវ​ប្តី​វាយដំ គាត់​តែងតែ​ប្តឹង​​ទៅ​សមត្ថកិច្ច​នគរបាល​ ឬ​អាជ្ញាធរ​ដែនដី ដើម្បី​ឱ្យ​ចាប់​ប្តី​របស់​​គាត់​។ ​ក៏ប៉ុន្តែ​នៅពេល​ស្ត្រី​រងគ្រោះ​បាន​ធូរស្រាល​ពី​របួស​ឡើង​​វិញ​គាត់​ក៏​ទៅសុំ​សមត្ថកិច្ច​ឱ្យ​ដោះលែង​ប្តី​គាត់​មកវិញ​។ បើ​ជនរងគ្រោះ​ពិការ​ ឬ​ស្លាប់​ដោយសារ​អំពើហិង្សា​នេះ​គឺ​អាជ្ញាធរ​​មាន​សមត្ថកិច្ច លោក​បាន​យកចិត្ត​ទុកដាក់​ជួយ​អន្តរាគមន៍​ដោយ​មាន​ការចាប់​ជនល្មើស​បញ្ជូន​ទៅកាន់​តុលាការ​ដាក់​ពន្ធនាគារ​ជាដើម​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​នេះ​ជា​បញ្ហា​ប្រឈម​ដែល​យើង​មើលឃើញ​ហើយ​ម្យ៉ាង​គឺ​ដោយសារ​បញ្ហា​ស្ថានភាព​ជីវភាព​គាត់​នៅ​ខ្វះខាត​ច្រើន​។ ​ព្រោះ​ស្ត្រី​ខ្លួនឯង​ហ្នឹង មិនទាន់​មាន​ជំហរ​ក្នុង​គ្រួសារ គ្មាន​អ្នករកស៊ី​ចិញ្ចឹម ទើប​គាត់​ត្រូវការ​ប្តី ដើម្បី​ជួយ​គ្រួសារ​។ ​នេះហើយ​ដែល​យើង​មើលឃើញ​និទ្ទណ្ឌភាព​វា​នៅតែ​កើតមានឡើង​»​។

បើតាម​លោកស្រី ម៉ៅ ម៉ាប់ ខេត្ត​ដែល​កើតមាន​អំពើហិង្សា​ច្រើន​ជាង​គេ​មាន​ដូចជា បាត់ដំបង ព្រះវិហារ ត្បូងឃ្មុំ និង​​ខេត្តកំពង់ចាម រីឯ​នៅ​ខេត្ត​​ផ្សេងៗ​ទៀត​កើត​មាន​បន្ទាប់បន្សំ​។ ​តាម​ការអង្កេត​របស់​អាដហុក​មូលហេតុ​ចម្បង​ដែល​បង្ក​អំពើហិង្សា​នេះ គឺ​ទាក់ទង​នឹង​វិសមភាព​យេនឌ័រ​នេះឯង​។

លោកស្រី​បញ្ជាក់ថា​៖ «​មានន័យថា បុរស​គាត់​នៅតែមាន​ទស្សនៈ​មួយ​គិតថា គាត់​ជា​​មេ​គ្រួសារ​គឺ​គាត់​មាន​សិទ្ធិ​ប្រើ​អំពើហិង្សា​ទៅលើ​ក្រុមគ្រួសារ​របស់គាត់​បាន​។ រីឯ​ការយល់ដឹង​បូករួម​នឹង​សីលធម៌​របស់​​គាត់​ក៏​នៅមាន​កម្រិត​នៅឡើយ​ដែរ​។ ​ចំណែក​សីលធម៌​សង្គម​ក៏​ធ្លាក់ចុះ​បូករួម​នឹង​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ក៏មាន​ច្រើន​ពាសវាល​ពាសកាល ប៉ុន្តែ​គេ​មិនឃើញ​មាន​ការផ្សព្វផ្សាយ​ពី​សីលធម៌​សង្គម​មាន​ច្រើន​ទេ​។

ហេតុដូច្នេះ​គេ​ឃើញ​មាន​តែ​ការជំរុញ​លើកទឹកចិត្ត​ឱ្យប្រើប្រាស់​គ្រឿង​ស្រវឹង​ទៅវិញ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី សុំ ចិន្តា អគ្គនាយករង​ទទួលបន្ទុក​វិស័យ​កិច្ចការ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការនារី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្នុងករណី​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​ជន​​រងគ្រោះ​អាច​ស្វែងរក​សេវា​អន្តរាគមន៍​ដែល​នៅ​ជិត​បំផុត​។ ក្នុងនោះ​មានដូចជា អាជ្ញាធរ​ភូមិ-ឃុំ សង្កាត់ ខណ្ឌ ឬ​មន្ត្រី​​នគរបាល​ប៉ុស្តិ៍​ ឬ​ក៏​មន្ត្រី​ភ្នាក់ងារ​ខាង​កិច្ចការនារី​ជាដើម​។

លោកស្រី​ថ្លែងថា​៖ «​បើ​មាន​ករណី​ហិង្សា​កើតឡើង​គឺ​ជនរងគ្រោះ​អាច​ស្វែងរក​មន្ត្រី​កិច្ច​នារី​តាម​ស្រុក-ខណ្ឌ-ខេត្ត​ក្រសួង​ព្រោះ​ជនរងគ្រោះ​មាន​សិទ្ធិ​ក្នុង​​ការស្វែងរក​សេវា មាន​សិទ្ធិ​ក្នុង​ការផ្តល់​ភាពយុត្តិធម៌​សម្រាប់​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការទាមទារ​​កិច្ចការពារ​សម្រាប់​ខ្លួន​»​។

បើតាម​លោកស្រី ចិន្តា ថា សម្រាប់​ក្រសួង​កិច្ចការនារី​វិញ នៅពេល​មាន​ជនរងគ្រោះ​ដោយ​អំពើហិង្សា​មកសុំ​កិច្ចអន្តរាគមន៍​គឺ​ក្រសួង​នឹង​ផ្តល់​ការប្រឹក្សា​ផ្លូវចិត្ត ពង្រឹងស្មារតី​ហើយ​និង​ផ្តល់​ការប្រឹក្សា​ផ្នែក​ផ្លូវច្បាប់​ជូន​។ ប៉ុន្តែ​ក្រសួង​មិនមាន​សេវា​ផ្តល់ជូន​ទេ តែ​អាចជួយ​សម្របសម្រួល​ឱ្យ​ជនរងគ្រោះ​ទៅ​រក​សេវា​នោះបាន​។

ក្នុង​នោះ​មានដូចជា ការជួយ​រក​មេធាវី ការដាក់​ពាក្យបណ្តឹង ឬ​ក៏​តម្រូវការ​ផ្សេងៗ​ទៀត​ដែល​ក្រសួង​បាន​ធ្វើការ​ជាមួយ​អង្គភាព​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជាដើម​។

ដោយឡែក​បើតាម​របាយការណ៍​ក្រសួង​កិច្ចការនារី​ដែល​មាន​ចុះហត្ថលេខា​ដោយ​លោកស្រី​រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី បង្ហាញ​ថា​សកម្មភាព​នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ដែល​បង្ក​ ឬ​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ ឬ​ការឈឺចាប់​ដល់​រាងកាយ ផ្លូវភេទ​ និង​ផ្លូវចិត្ត​របស់​ស្ត្រី រួមទាំង​ការគំរាមកំហែង ការបង្ខិតបង្ខំ​ ឬ​ដកសិទ្ធិ​សេរីភាព ទោះបី​កើត​​ក្នុង​ជីវិត​ឯកជន​ ឬ​សាធារណៈ​ក្ដី គឺ​ភាគច្រើន​ប្រព្រឹត្ត​ដោយ​ដៃគូ​​ស្និទ្ធស្នាល​របស់​ពួកគេ​៕