ភ្នំពេញៈ ​សង្គម​ស៊ីវិល​ និង​មន្ត្រី​រដ្ឋាភិ​បាល​ អះអាង​ថា​ ប្រជា​ពល​រដ្ឋ​កម្ពុជា ​ជា​ពិសេស​ពល​រដ្ឋ​ក្រីក្រ​នៅ​តាម​ទី​ជន​បទ​ មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​ពី​សិទ្ធិ​ទទួល​បាន​សេវា​សា​ធារ​ណៈ​របស់​រដ្ឋ​ ខណៈ​ពួក​គេ​ថា​ អ្នកផ្តល់​សេវា​ដែល​ជា​ភ្នាក់​ងារសាធារ​ណៈ​របស់​រដ្ឋ​ បាន​បន្ទន់​ឥរិយា​​បថ ​និង​គោរព​តាម​តួនា​ទី​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ជាង​មុន។​

​យោង​តាម​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​រួម​ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​អនុ​ស្សរ​ណៈ​យោគ​យល់​មួយ​កាល​ពី​ម្សិល​មិញ​ រវាង​អង្គការ​ទស្សនៈ​ពិភព​លោក ​និង​អង្គការ​វឌ្ឍន​ភាព​ប្រមាណ​ ១១​ ផ្សេង​ទៀត​ ដែល​មាន​ទឹក​ប្រាក់​ជិត ​៣ លា​ន​ដុល្លារ ក្នុង​ការ​អនុ​វត្ត​គម្រោង​គណនេយ្យ​ភាព​សង្គម​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធា​រ​ណៈ​ក្នុង​ខេត្ត​ចំនួន​​ ៥​ ក្រោម​ការ​គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរុ​ប ​និង​អង្គ​ការ​ទស្សនៈ​ពិភព​លោក​ប្រ​ចាំ​ប្រទេស​អាល្លឺម៉ង់។​

​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ដដែល​បាន​ឲ្យ​ដឹង​ថា​ក្រុម​អង្គការ​ទាំង​នោះ​ រំពឹង​ថា​ គម្រោង​នេះ​ នឹង​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​ប្រជា​ពល​រដ្ឋ​ជាង​ ​២,៨​ លា​ន​នាក់​ ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធា​រ​ណៈ​នៅ​ក្នុង​ឃុំ​ចំនួន ​២៩២ ​ឃុំ សាលា​បឋម​សិក្សា​ចំនួន ៥៧១​ សាលា ​និង​មណ្ឌល​សុខ​ភាព​ចំនួន​ ២១៦ ​កន្លែង​នៅ​ក្នុង​ខេត្ត​ចំនួន​ ៥ ​មាន​ខេត្ត​តាកែវ ​កំពង់​ចាម ពោធិ៍សាត់​ បាត់​ដំបង​ និង​ខេត្ត​កំពង់​ស្ពឺ ​បន្ទាប់​ពី​គម្រោង​គណ​នេយ្យ-​ភាព​សង្គម​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ​​នេះ ​បាន​អនុវត្ត​តាំង​ពី​ឆ្នាំ ២០១៥ មក។​

​លោក​ ឡេង​ វិ​រៈ ​នា​យក​ប្រតិបត្តិ​នៃ​អង្គ​ការ​ទស្សនៈ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា​ បច្ចុ​ប្បន្ន​សេវា​សាធា​រ​ណៈ​ទាំង​នេះ ​មាន​ភាព​ល្អ​ប្រសើរ​ ព្រោះ​តែ​ការ​ប្រែប្រួល​ឥរិយា​បថ​របស់​អ្នក​ផ្តល់​សេវា ​និង​ការរី​ក​ចម្រើន​នូវ​ចំ​ណេះ​ដឹង​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​នូវ​សេវា​នេះ។​

លោ​ក​ វិរៈ​ ​ថ្លែង​ថា​៖​ ​«​តាម​រយៈ​ដែល​យើង​ចុះ​ជា​ទៀង​ទាត់​ និង​តាម​រយៈ​ក្រុម​ការងារ​របស់​យើងឃើញ​ថា​មាន​ការ​ផ្លាស់​ប្តូរ​ ហើយ​ការ​ចង់​ឃើញ​សេវា​សាធា​រណៈ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ គឺ​លែង​ជា​គម្រោង​ទៀត​ហើយ​ ព្រោះ​ពលរដ្ឋ​គាត់​បាន​ដឹង​ថា​ មណ្ឌល​សុខ​ភាព​មាន​សេវា​នេះ ​សាលា​រៀន​ ឃុំ​ សង្កាត់​ មាន​សេវា​នេះ​ ដែល​គាត់​ត្រូវ​ធ្វើ។ ​អ៊ី​ចឹង​​ទេ​ប្រជា​ពល​រដ្ឋ​លោក​ដឹង ​ពីអ្វី​ដែល​គាត់​ត្រូវ​ទទួល​បាន​នូវ​សេវា​ទាំង​អស់​ហ្នឹង​ គាត់​ហ៊ាន​តថ្លៃ​យក​មក​វិញ។​ ពី​មុន​មក ប្រ​ហែល​ជា​គាត់​មិន​បាន​ដឹង​ (ពី​សិទ្ធិ)​ របស់​គាត់​ ដែល​ពេល​ដែល​គាត់​ទៅ​រក​សេវា​សាធា​រ​ណៈ​ម្តងៗ​គាត់​លន់​តួ ​(អ្នក​បម្រើសេវា​)​សុំ​ជួយ​អ៊ី​ចេះ ​ជួយ​អ៊ី​ចុះ ​ពេល​ខ្លះ​គេ​ឲ្យ​ពេល​ខ្លះ​គេ​មិន​ឲ្យ»។​​

​លោក​ វិ​រៈ​ បាន​អះ​អាង​ថា​ គម្រោង​គណ​នេយ្យ​ភាព​ស​ង្គ​ម​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធា​រ​ណៈ​នៅ​កម្ពុជា​រយៈ​ពេល​កន្លង​មក​នេះ​ បាន​ឲ្យ​ប្រជា​ពល​រដ្ឋ​មា​នការ​យល់​ដឹង​ពី​អ្វី​ដែល​ពួក​គាត់​ គួ​រ​តែ​ទទួល​បាន​ពី​សេវា​សាធា​រណៈ​ទាំង​នេះ​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើ​ម្បី​ឆ្លើយ​តប​នឹង​ភាព​ជា​តំណាង​របស់​ពល​រដ្ឋ​ ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ជូន​រដ្ឋាភិបាល និង​អាជ្ញាធរ​ថ្នាក់​​មូលដ្ឋាន។​

​លោក​ ងី ចន្ទ្រ​ផល ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ​ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​នោះ​ បាន​លើក​ឡើង​ថា​ នេះ​គឺ​ជា​ភាព​ជោគ​ជ័យ​ដ៏​ធំ​មួយ​ទៀត​សម្រាប់​ការ​អនុ​វត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា។​

អង្គ​ការ​ទស្សនៈ-​ពិភព​លោក​គឺ​ជា​ដៃ​គូ​ដ៏​សំខា​ន់​ក្នុង​ការ​ជួយ​គាំ​ទ្រ​ដល់​ការ​អនុ​វត្ត​ផែន​កា​រ​យុ​ទ្ធសាស្ត្រ​គណ​នេយ្យ​ភាព​សង្គម ហើយ​តាម​រយៈ​ការ​ចូល​រួម​ពី​អ​ង្គ​ការ​ក្នុង​ស្រុក​ អង្គ​ការ​អន្តរ​ជាតិ​ និង​ដៃគូ​អភិ​វឌ្ឍន៍​ទាំង​អស់​ យើង​នឹង​អាច​សម្រេច​បាន​នូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណ​ភាព​នៃ​សេវា​សាធា​រ​ណៈ​ថ្នាក់​មូល​ដ្ឋាន​ ​ដើម្បី​ជា​ប្រយោ​ជ​ន៍​ដល់​កុមារ​និង​គ្រួសារ​កម្ពុ​ជា​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស​ផងដែរ។​

​លោក​ ​ចន្រ្ទ​ផល ​បញ្ជាក់​ថា៖​ ​«​តាម​បទ​ពិសោធ​ន៍​កន្លង​មក​ គឺ​យើង​នឹង​បន្ត​ពង្រឹង​យន្ត​​ការ​ ពង្រឹង​ធន​ធាន​មនុស្ស​នៅ​តាម​មូល​ដ្ឋាន​ និង​ដាក់​ចេញ​នូវ​សេ​ច​ក្តី​ណែ​នាំ​ផ្សេងៗ​ ដើម្បី​បន្ត​ទៅ​ថ្ងៃ​ក្រោយ ​ដែល​យើង​នៅ​មាន​ការ​ខ្វះ​ខាតខ្លះ​ ហើយ​បើ​មិន​មាន​ការ​ចូល​រួម​បែប​ហ្នឹង​ទេ គឺ​ការ-​អនុ​វត្ត​សេវា​សារ​ធាណៈ​នេះ ​អាច​មាន​ការ​យឺត​យ៉ាវ​ និង​ប្រើ​ពេល​វេលា​យូរ​»។

​លោក​ស្រី​​ Francesca Ciccomartino ​តំណាង​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​ចាត់​ទុ​ក​ថា​ ការ​ចូល​រួម​ក្នុង​ពេល​នេះ​ជាការ​ចូល​រួម​ចំណែក​អនុ​វត្ត​ផែន​ការ​យុ​ទ្ធសាស្ត្រ​គណ​នេយ្យ​ភាព​សង្គម ​ហើយ​វា​បាន​ត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ផ្តល់​សេវា​សា​ធារ​ណៈ​ឆាប់​រហ័ស​ មាន​គណនេយ្យ​ភាព​ និង​​ប្រកប​ដោយ​តម្លាភាព។​ ​

បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មានដដែល​​ឲ្យ​ដឹង​ថា​ កម្ម​វត្ថុ​នៃ​ MoU នេះ​ គឺ​ដើម្បី​ជួយអង្គ​ការ​ដៃ​គូ​ទាំង​អស់​ឲ្យ​បំពេញ​ការងារ​រួ​ម​គ្នា​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សេវា​សាធា​រណៈ​ ដែល​ត្រូវ​ផ្តល់​ដោយ​រាជ​រដ្ឋាភិ​បាល​ជូន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​នៅ​តាម​​តំបន់​គោល​ដៅ​របស់​អង្គការ​ទាំងអស់​នៅ​ទូទាំង​ប្រទេស៕​​