ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​គណៈ​​កម្មា​ធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ.​ជ​.​ប​)​ បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​ ហាក់​មិន​សូវ​អើពើ​នឹង​​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជ​ធានី​-​ខេត្ត​ ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ​ អាណត្តិ​ទី៣ ​ដែល​គ្រោង​នឹង​រៀប​ចំ​ឡើង​​នៅ​ថ្ងៃ​អាទិត្យ​ ទី​ ២៦​ ខែ ​ឧសភា​ ឆ្នាំ​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​មុនៗ។

លោក​ នុត​ សុខុម​ អនុ​ប្រធាន​គណៈ​កម្មា​ធិកា​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​(​គ​.​ជ​.​ប​)​ ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​ការ​ប្រកាស​ផ្សព្វ​ផ្សាយ​ប្រតិទិន ​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ​ ២០១៩​ បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ ២០១៩​ នេះ​ គ​.ជ.​ប​ ​មាន​ព្រឹត្ថិការណ៍​សំខាន់​ៗ​ចំនួន​ ២​ គឺ​ការរៀ​ប​ចំ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​-​ខេត្ត​ ​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ ​អាណត្តិ​ទី​៣ ​និង​ផែន​ការ​ចុះ​ឈ្មោះអ្ន​កបោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ ២០១៩។​

​លោក ​នុត ​សុខុម​ និយាយ​ថា​ យោង​តាម​ស្ថិតិ​ប្រជា​ពលរដ្ឋ​ប៉ាន់​ស្មាន​ឆ្នាំ​ ២០១៩​ អ្នកដែល​មាន​អាយុ​ចាប់​ពី ១៨​ ឡើង​​មាន​ចំនួន​ ១០ ១៧៨ ៨០៩ ​នាក់​ ហើយ ​គ.​ជ​.​ប​ មាន​​ផែនការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ចំនួន​ ៣៧២ ៦២៨ នាក់។​

​លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ធ្វើការ​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​មេត្តា​អ​ញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី ​២២​ ខែ ឧ​សភា​ ឆ្នាំ ២០១៩​ នៅតាម​សាលា​ឃុំ​សង្កាត់ ឬ​ទីតាំង​មួយ​ចំនួន​ដែល​ខ្លួន​រស់​នៅ»។

​ការ​បោះ​ឆ្នោត​នេះ​នឹង​មាន​អ្នក​បោះឆ្នោត​ ១១ ៥៧២ ​នាក់ ​ដែល​ពួក​គេ​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ នៅក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ នា​ពេល​កន្ល​ង​មក​។​ ​ពួក​គេ​នឹង​ចូល​រួម​បោះឆ្នោ​ត​ជ្រើស​រើស​ សមាជិក​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេ​ត្ត ​ចំនួន​ ៥៥៩ ​នាក់ ​និង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ ​ចំនួន​ ៣ ៥៥៥ នាក់។

​លោក​ ហង្ស ​ពុទ្ធា ​អ្នកនាំពាក្យ​គ.ជ.​ប​ ​ក៏​ប្រកាស​ដែរ​ថា ​ការិយា​ល័យ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១​៩​ មាន​ចំនួន ២៣ ៣៦៤ ការិយាល័យ។​

​លោក​ សំ គ​ន្ធា​មី នា​យក​ប្រតិបត្តិ​អង្គការ​និក​ហ្វិ​ច ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​ ថ្លែង​ពី​ម្សិលមិញ​ថា ​មាន​កត្តា​ជាច្រើន​ដែល​នាំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ដំណើរការ​​បោះឆ្នោ​ត​ និង​កា​រប្រកាស​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​​ក្នុង​ពេល​នេះ​ ព្រោះ​​អាច​ម​ក​ពី​ ការបោះឆ្នោត​ឆ្នាំ​នេះ​ ជាកា​រ​​បោះឆ្នោ​ត​អសក​ល​ ​ហើយ​ម្យ៉ាង​ទៀត ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ ក៏ត្រូវ​បាន​រំលាយ​ផងដែរ។

​លោក គ​ន្ធា​មី នៅ​តែ​ចង់​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ ចូល​រួម​គ្រប់​សកម្មភាព​នៃ​ការបោះ​ឆ្នោត​ និង​ចូលរួម​ឃ្លាំមើល​ទាំងអ​ស់​គ្នា ​ដើម្បី​ឲ្យ​ការបោះ​ឆ្នោត​​នៅ​​កម្ពុជា​ មាន​​ភាព​ល្អ​ប្រសើ​រ​ ព្រោះ​មិន​ថា កា​រ​បោះឆ្នោ​ត​​ប្រភេទ​ណា​ទេ គឺ​សុទ្ធ​តែ​រឿង​សំខាន់​សម្រាប់​ជាតិ។

​យោង​តាម ​គ.ជ.​ប​ កា​រ​បោះឆ្នោត​អស​កល​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ ក្រុម​ប្រឹក្សា​ក្រុង​ ស្រុក​ ខណ្ឌ អាណត្តិ​ទី៣ គឺមាន​គណបក្ស​នយោ​បាយ​ ចំនួន​ ៧ ​បាន​ចុះ​ឈ្មោះ​ធ្វើការ​ប្រកួត​ប្រ​ជែ​ង ហើយ​ ៧ ​គណបក្ស​​នេះ ​ក៏បាន​ដាក់​បេក្ខជន​សង្កេតការ​ណ៍របស់​ពួកគេ​ផង​ដែរ​ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ជិត ១០០​ ស្ថាប័ន​ បាន​ចុះ​ឈ្មោះ​​ចូលរួម​សង្កេត​ការណ៍៕​