
ក្រុមអង្គការសង្គមស៊ីវិលក្នុងសិក្ខាសាលាពីថ្ងៃ ១២ ខែធ្នូ។ រូបថត ហ៊ាន រង្សី ហុង មិនា
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ១០ បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃអង្គារនៅមជ្ឈមណ្ឌល Diakonia ក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីបញ្ហារើសអើងលើស្ដ្រី និងបានបោះឆ្នោតជ្រើសរើសយកអនុសាសន៍ចំនួន ៤ ក្នុងចំណោមអនុសាសន៍ទាំង ៥៧ របស់អង្គការសហប្រជាជាតិ ដើម្បីដាក់ទៅរដ្ឋាភិបាលកម្ពុជាឱ្យយកទៅអនុវត្តជាអាទិភាព។
លោកស្រី ជឹម ចាន់នាង អគ្គលេខាធិការនៃអង្គការ NGO-CEDAW បានលើកឡើងថា តំណាងក្រុមអង្គការសង្គមស៊ីវិលដែលទៅចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ៧៤ នៃគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ដ្រីនៅក្នុងទីក្រុងហ្សឺណែវប្រទេសស្វ៊ីសកាលពីខែតុលាកន្លងទៅគឺបានសម្រេចជ្រើសយកអនុសាសន៍ចំនួន ២០ ក្នុងចំណោមអនុសាសន៍ចំនួន ៥៧ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសតែ ៤ អនុសាសន៍ ដើម្បីដាក់ទៅរដ្ឋាភិបាលសម្រាប់អនុវត្តជាអនុសាសន៍អាទិភាពក្នុងអំឡុងរយៈពេល ៤ ឆ្នាំនេះ។
លោកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលមិនជ្រើសរើសអនុសាសន៍ណាមួយធ្វើជាអាទិភាពនោះទេ នោះនៅពេលកិច្ចប្រជុំពិនិត្យឡើងវិញស្ដីពីការអនុវត្តអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ដ្រីលើកក្រោយរបស់អង្គការសហប្រជាជាតិគឺកម្ពុជានឹងនៅតែទទួលបានអនុសាសន៍ដដែលៗបន្តទៀត។
លោកស្រីបន្ថែមថា ក្នុងចំណោមអនុសាសន៍ទាំងនោះគឺខ្លះជាអនុសាសន៍ដែលកម្ពុជាទទួលមកអនុវត្តចាប់តាំងពីឆ្នាំ ២០០៦ មកហើយមានតែ ៧ អនុសាសន៍ប៉ុណ្ណោះដែលអង្គការសហប្រជាជាតិបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងអនុវត្តតាមពីសំណាក់រដ្ឋាភិបាលកម្ពុជា ខណៈអនុសាសន៍ចំនួន ៥០ ផ្សេងទៀតគឺអង្គការពិភពលោកនេះនៅតែសម្ដែងអំពីក្ដីព្រួយបារម្ភនៅឡើយ។
លោកស្រីថា៖ «បញ្ហា (អនុសាសន៍) ខ្លះគឺគណៈកម្មាធិការ CEDAW ធ្លាប់បានលើកឡើងតាំងពីលើកមុនៗដូចជាការវាយតម្លៃឆ្នាំ ២០០៦- ២០១៣ និងឆ្នាំ ២០១៩ ហ្នឹង។ អង្គការសង្គមស៊ីវិលយើងមើលឃើញថា អនុសាសន៍គឺមានគ្រប់ផ្នែក ហើយរដ្ឋាភិបាលអនុវត្តទាំងអស់ គឺពិបាកក្នុងរយៈពេលតែ ៤ ឆ្នាំនេះ។ អ៊ីចឹងយើងគិតថា ប្រសិនបើរដ្ឋាភិបាលចាត់ជាអាទិភាពថាបញ្ហាណាជាបញ្ហាសំខាន់ហើយគួរតែដោះស្រាយមុន»។
ការលើកឡើងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបស់អង្គការសង្គមស៊ីវិលលើសេចក្ដីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការទទួលបន្ទុកអនុសញ្ញា «សីដ» ចំពោះប្រទេសកម្ពុជាដែលរៀបចំរួមគ្នា ដោយអង្គការសង្គមស៊ីវិលចំនួន ១០ ដូចជាអង្គការ NGO-CEDAW អង្គការកម្ពុជា ដើម្បីសុខភាព និងការអប់រំសហគមន៍ អង្គការ RHAC អង្គការក្លាហាន អង្គការបន្ទាយស្រី អង្គការ Planete Enfants & Developpement អង្គការ CHEC អង្គការ GADC អង្គការអាដហុក អង្គការលីកាដូ និងអង្គការ Solidarity Center។
ក្នុងចំណោមអនុសាសន៍ទាំង ២០ ដែលត្រូវបានជ្រើសរើសសម្រាប់បោះឆ្នោតនៅថ្ងៃអង្គារ រួមមាន ក្របខ័ណ្ឌច្បាប់ ការទទួលបានយុត្តិធម៌ និងសំណង ថវិកា និងយន្តការជាតិសម្រាប់ការរីកចម្រើនរបស់ស្ដ្រី ស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិឯករាជ្យ សេរីភាពបញ្ចេញមតិសម្រាប់សង្គមស៊ីវិល វិធានការពិសេសបណ្ដោះអាសន្ន ដើម្បីសមភាពយេនឌ័រផ្នត់គំនិតយេនឌ័រដែលមានលក្ខណៈរើសអើង អំពើហិង្សា ផ្អែកលើយេនឌ័រទៅលើស្ដ្រី ការជួញដូរ ការកេងប្រវ័ញ្ចទៅលើអំពើពេស្យាចារ ការចូលរួមនយោបាយ និងវិស័យសាធារណៈ សញ្ជាតិ ការអប់រំ ការងារ សុខភាពស្ដ្រីជនបទ ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ស្ដ្រីជាប់ឃុំឃាំង ស្ត្រីពពោះជំនួស និងអាពាហ៍ពិពាហ៍ និងទំនាក់ទំនងគ្រួសារ។
លទ្ធផលការបោះឆ្នោតរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបង្ហាញថា គឺពួកគេគាំទ្រឱ្យរដ្ឋាភិបាលអនុវត្តនូវអនុសាសន៍សំខាន់ៗចំនួន ៤ ដូចជា ពង្រឹងក្របខ័ណ្ឌច្បាប់ ថវិកា និងយន្តការជាតិ សម្រាប់ការរីកចម្រើនរបស់ស្ដ្រី សេរីភាពបញ្ចេញមតិ សម្រាប់សង្គមស៊ីវិល និងការអប់រំដល់ស្ដ្រី។
លោកស្រី ជឹម ចាន់នាង បន្តថាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសអនុសាសន៍ដែលសំខាន់ៗទាំង ៤ សម្រាប់ឱ្យរដ្ឋាភិបាលអនុវត្តនេះគឺត្រូវដាក់ទៅខាងស្ថាប័នក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលនៅថ្ងៃពុធ។
កញ្ញា បុណ្យ រចនា នាយិកាអង្គការក្លាហានថ្លែងថា ផែនការជាតិមួយចំនួនដើម្បីលើកកម្ពស់យេនឌ័រ គឺមិនត្រូវបានអនុវត្តបានពេញលេញនៅឡើយ ដោយសារតែកម្ពុជាមិនទាន់មានការបង្កើតកញ្ចប់ថវិកា សម្រាប់ប្រើប្រាស់ក្នុងការងារអនុវត្តផែនការជាតិទាំងនោះ។ កញ្ញាថា៖ «អង្គការសង្គមយើងទាំងអស់គ្នាបានតស៊ូមតិជាច្រើនឆ្នាំមកហើយ ដើម្បីស្នើឱ្យរដ្ឋាភិបាល បង្កើតកញ្ចប់ថវិកាជាតិ ពាក់ព័ន្ធបញ្ហាយេនឌ័រ។ អ៊ីចឹង! បើគ្មានការផ្ដល់មូលនិធិពីដៃគូអភិវឌ្ឍន៍ទេរាល់ផែនការទាំងនោះបានត្រឹមជាផែនការ ប៉ុន្តែមិនបានអនុវត្តពេញលេញឡើយ»។
ចំណែកលោកស្រី អេង ចាន់ឌី ប្រធានកម្មវិធីនៃអង្គការ GADC លើកឡើងថា ចំពោះចំណុចអនុសាសន៍ស្ដីពីការចូលរួមនយោបាយ និងវិស័យសាធារណៈរបស់ស្ដ្រីគឺខាងអង្គការសហប្រជាជាតិបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីខែតុលាថា ប្រទេសមួយដែលមានចំនួនស្ដ្រីកើនឡើងនៅក្នុងវិស័យដឹកនាំនយោបាយ និងវិស័យសាធារណៈនោះវិសមភាពយេនឌ័រ និងអំពើហិង្សាយេនឌ័រលើស្ដ្រីនៅក្នុងប្រទេសនោះនឹងអាចកាត់បន្ថយ ឬលុបបំបាត់បានទាំងស្រុង។
លោកស្រីបន្តថា ថ្វីដ្បិតកម្ពុជាបានរៀបចំការបោះឆ្នោតតាំងពីឆ្នាំ ១៩៩៣ ប៉ុន្តែចំនួនស្ដ្រីក្នុងវិស័យនយោបាយ និងជាអ្នកដឹកនាំគឺនៅតែមានចំនួនទាបនៅឡើយដូចជា ស្ត្រីជាសមាជិករដ្ឋសភាមានចំនួនស្ដ្រីតែ ២០,៨% និងសមាជិកព្រឹទ្ធសភាមានចំនួន ១៩% ស្ដ្រីជាឧបនាយករដ្ឋមន្ត្រីមានម្នាក់ ស្ដ្រីជាអភិបាលខេត្តមានម្នាក់ ស្ដ្រីក្នុងវិស័យការទូតមានចំនួន ៤៣ នាក់ក្នុងចំណោម ២៤ ៤៣៥ នាក់។
លោកស្រីថា៖ «ហើយបើវិស័យយុត្តិធម៌វិញ យើងឃើញថា ចៅក្រមជាស្ដ្រីមានតែ ១៤ ភាគរយ ហើយចំនួនហ្នឹងនៅថេរដដែលតាំងពីឆ្នាំ ២០១៣ ហើយស្ដ្រីជាព្រះរាជអាជ្ញាមានចំនួន ១៣ ភាគរយ ហើយគិតតាំងពីឆ្នាំ ២០១៣ មកដល់បច្ចុប្បន្នគឺកើនបានតែ ៣ ភាគរយ ប៉ុន្តែនៅតែជាចំនួនតិច»៕