ភ្នំពេញៈ អង្គ​ការ​សង្គមស៊ីវិលដែល​កំពុង​បំពេញ​ការងារ​ ដើ​ម្បី​លើក​កម្ពស់​សុវត្ថិ​ភាព​ចរាច​រ​ណ៍ ​និង​ជា​សមា​ជិក បណ្ដាញ​សុវត្ថិ​ភាព​ចរា​ចរ​ណ៍​ផ្លូវ​គោក​នៅ​កម្ពុជា ​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​​រួម​ ដើម្បី​អំពាវ​នាវ​ដល់​អាជ្ញាធរ និង​អ្ន​ក​​ជាប់​ពាក់​ព័ន្ធ​ឲ្យ​មាន​វិធាន​ការ​ចាំបាច់ប្រកប​ដោយ​ប្រសិទ្ធ​ភា​ព​​ខ្ពស់​បន្ថែម​ទៀត​ក្នុង​ការ​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ចិន និង​បុណ្យ​ជាតិ​សំខាន់​ៗ​នៅ​កម្ពុ​ជា។​

​តាម​រយៈ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១​ ខែ​កុម្ភៈ​ បាន​​លើក​ឡើង​ថា​ ជា​រៀង​រាល់​ឆ្នាំ​អ្នកស្លាប់​មាន​ចំនួន​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​អំឡុង​ពេល​បុណ្យ​សំខាន់ៗ​ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ បុណ្យ​ចូល​ឆ្នាំ​ចិន​ បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យ​អុំទូក​ជាដើម។​

សេច​ក្ដី​ថ្លែង​ការណ៍​​បង្ហាញ​ថា ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ជា​សរុប​ក្នុង​ពេល​ពិធី​បុណ្យ​សំខាន់​ៗ​ទាំង ៤​ ខាង​លើ​ គឺ​មាន​ចំនួន​ប្រហែល​ជាង​ ១០ ​ភាគ​រយ ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ ១ ឆ្នាំៗ ​ហើយ​មាន​អ្នក​ស្លាប់​ជា​មធ្យម​ចន្លោះ​ពី ៦ ​ទៅ ​១១ នាក់​ក្នុង​មួយ​ថ្ងៃ។​ ​

​ក្រុ​ម​អង្គ​ការ​សង្គម​ស៊ីវិល​បាន​ថ្លែង​ថា​៖ ​«​យើង​ខ្ញុំ​សូម​អំពាវ​នាវ​ ដល់​ស្ថាប័ន​រាជ​រដ្ឋាភិ​បាល​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។​ សូម​បង្កើត​ឲ្យ​មាន​កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន​ថែម​ទៀត​ និង​ទូលំ​ទូលាយ​ ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សហ​គមន៍​មូល​ដ្ឋានក្នុង​អំឡុង​ពេល ​និង​ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ​ក៏​ដូច​ជា​ពិធី​បុណ្យ​ជាតិ​សំខាន់​ផ្សេងទៀត»។​

សេច​ក្ដី​ថ្លែង​ការណ៍​នេះ បាន​អំពាវ​នាវ​ផង​ដែរ​ទៅ​ដល់ ​សង្គម​ស៊ីវិល​ និង​ក្រុម​ហ៊ុន​ឯក​ជន​ផ្សេង​ទៀត​ បង្កើត​ឲ្យ​មាន​គោលនយោ​បាយ​សុវត្ថិ​ភាព​ចរា​ចរណ៍​ សម្រាប់​អនុ​វត្ដ​ជា​មួយ​បុគ្គ​លិ​ក​នៅ​កន្លែង​ធ្វើការ។

​លោក​ គឹម​ បញ្ញា​ នា​យក​អង្គការ​មូ​លនិ​ធិ​បង្ការ​របួស​អាសុី ​​(AIP) ​ដែល​រួមគ្នា​ចេញ​សេច​ក្ដី​ថ្លែងការ​ណ៍​នេះ​ដែរ​បាន​ឲ្យ​ដឹង​​ថា​៖ «​យើង​នៅ​តែ​មើល​ឃើញ​ថា​ បញ្ហា​គ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍​នេះ​ ​នៅ​តែ​ជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់​ធ្ងរ​នៅ​កម្ពុ​ជា​យើង​។​ ​យើង​កត់​សម្គាល់​ឃើញ​ថា​ គ្រោះថ្នាក់​ចរា​ចរណ៍​នេះ ​វា​កើត​ឡើង​ខ្លាំង​នៅ​អំឡុង​ពេល​រដូវ​បុណ្យទា​ន​នេះ​តែ​ម្ដង។​ ដូច​យើង​ដឹង​ហើយ​ថា​ កាល​ពី​ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​លើស​ពី​ឆ្នាំ ២០១៧ ​រហូត​ដល់​ទៅ ៩ នាក់។​ ចំ​ណែក​បុណ្យ​ទាន​ផ្សេង​ទៀត​ក៏​មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ស្លាប់​ដូច​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ដែរ»​។​

​តាម​របាយ​ការណ៍​នគ​របាល​ចរា​ចរណ៍​ផ្លូវ​គោក​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ទិន្ន​ន័យ​ពី​វិស័យ​សុខា​ភិ​បាល​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ ៤​ ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​កាល​ពី​ឆ្នាំ ២០១៨ ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍​រហូត​ទៅ​ដល់ ​៤៤ នា​ក់​ កើន​លើស​ឆ្នាំ​ ២០១៧ ចំនួន​ ៩ ​នា​ក់​ បើ​ធៀប​នឹង​ពេ​ល​វេ​លា​ដូច​គ្នា។​

ដោយឡែក​រ​បាយ​ការណ៍​រយៈ​ពេល​ពេញ ១​ ខែ ​ក្នុង​ខែ​មក​រា ​ឆ្នាំ ២០១៩​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​កម្ពុជាកើត​ឡើង​ ៣៣១​ ករណី ​បណ្តាល​ឲ្យ​មនុស្ស ១៤៨ នាក់​ស្លាប់ ​និង​មនុស្ស ​៥១៧ ​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់​ និង​ស្រាល។

យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​នៃ​ប្រព័ន្ធ​ព័ត៌​មាន​ជន​រង​គ្រោះ ​និង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​​ផ្លូវ​គោក​ក្នុង​ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹង​ថា​​ មាន​មនុស្ស​​រង​របួស​ធ្ងន់​ជាង ៤៨៥៣ ​នា​ក់ និង​ស្លាប់​ចំនួន ១៩៧៦ នាក់​ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខាត​ថវិ​កា​អស់​ជា​ច្រើន​រយ​លាន​ដុល្លារ​អាមេ​រិ​ក​ផង​ដែរ​។​

ស្ថិតិ​ប្រមាណ ៩៨ ​ភាគ​រយនៃ​គ្រោះ​ថ្នាក់​គឺ​បណ្ដាល​មក​ពី​កត្តា​មនុស្ស​ ដោយ​បើក​បរ​ក្នុង​ល្បឿន​មិន​សម​ស្រប ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​ និយាយ​ទូរស័ព្ទ​ ហើយ ៧៥ ភាគរយ​នៃ​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍​គឺ​ជា​អ្នក​ធ្វើ​ដំ​ណើរ​ដោយ​ម៉ូតូ​។​ ចំនួន​អ្នក​ស្លាប់​នេះ ​៣០ ​ដង​ច្រើន​ជាង​អ្នក​ស្លាប់​ដោយ​សារ​គ្រាប់​មីន ជំងឺ​គ្រុន​ចាញ់និង​ជំងឺ​គ្រុន​ឈាម​បូក​បញ្ចូល​គ្នា​ក្នុង​ឆ្នាំ​ ២០១៧៕​ ​