ភ្នំពេញ: ចាប់តាំងពី​ឆ្នាំ ២០០២ មក​ករ​ណី​​ប្រើ​អំពើហិង្សា​ដោយ​ការកាត់ ទោស​ពី​មហា​ជន បានកើត​ឡើង​ចំនួន ៧៣ លើក ក្នុង​នោះ​ករណី​សម្លាប់​ចំនួន ៥៧ លើក និង​ករណី​បង្ក​ឱ្យ​របួស​​ចំនួន ១៦ លើក។ នេះ​បើតាម​របាយការណ៍​ជា​លើកដំបូង​ចេ​ញ​ផ្សាយ​ជា​ផ្លូវការ​ កាលពី​​ម្សិលមិញ​របស់​ការិ​​​យាល័យ​របស់​ឧ​ត្ត​ម​ស្នងការ​សហ​ប្រជា​ជា​តិ​ ទទួល បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ (OHCHR) ដែល​បាន​កត់​ត្រាទុក​អំពី​ការ​សម្លា​ប់ ការវាយដំ និង​ការ​បំពាន​ដែល​បង្ក​ឡើង​ដោយ​ «តុលាការ​មហាជន»។

ទោះយ៉ាងណា OHCHR បញ្ជាក់ថា តួលេ​ខ ​ដែល​កត់​ត្រាទុក​នេះ គឺ​តិចជាង​ករណី​កើត​ឡើង​ជាក់ស្ដែង ​ដែល​ពុំ​​ត្រូវ​បាន​គេ​កត់ត្រា​ទុកជុំ​​វិញ​ករណី​កាត់ ទោស​ដោយ​មហា​ជន​។ ស្ថាប័ន​នេះ​បន្តថា ការកាត់ទោស​ដោយ​មហា​ជនបានកើត​ឡើង​ដោយសារ​ពល​រដ្ឋ​​​ខ្វះ​ទំនុកចិត្ត​លើ​មន្ត្រី​ប៉ូលិស ប្រព័ន្ធ​ពន្ធនា​គារ​ និង​តុលាការ រួមទាំង​ការ ប្រព្រឹត្ត​អំពើ​ពុក​​រលួ​យ​ដែល​ធ្វើឱ្យ ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត ខណៈ​ការកាត់ទោស​ដោយ​មហា​ជ​ន​នេះ គឺជា​អំពើ​រំលោភ​សិទិ្ធមនុស្ស ដូចជា សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ប្រកបដោយ​យុត្តិធម៌ សិទ្ធិ​ទទួល​បានការ​សន្មតជាមុន​ថា​គ្មាន​ទោស និង​សេរីភាព​រួចផុត​ពី​ការធ្វើ​ទារុណ​កម្ម ហើយ​វា​ក៏​ជា​អំពើ​ល្មើស​នឹង​ច្បាប់​ព្រហ្មទណ្ឌ​ផងដែរ។

OHCHR បន្តថា ប្រឈម​នឹង​ការ​កើត​​ឡើងជា​បន្តបន្ទាប់ ​នៃ​ការកាត់ទោស​ដោយ​មហាជន គឺ​ត្រូវ​ទាមទារ​ឱ្យមាន​ដំណោះ​ស្រាយ​មួយចំនួនដូចជា​ការអន្ត​រាគមន៍​ទាន់ពេល​របស់​មន្ត្រី​ប៉ូលិស​និង​អាជ្ញា​​ធរ​មូលដ្ឋាន ការលើកកម្ពស់​ការយ​ល់​ដឹង​ក្នុង​ចំណោម​អ្នកប្រើប្រាស់​ការ​កាត់​ទោស​ដោយ​មហាជន និង​ការធានា​អំពី​ការកាត់​ទោស​ និង​ការស៊ើបអង្កេត​ឱ្យមាន​ប្រសិទ្ធភាព​ជាង​មុន ទាំង​ក្នុងករណី​អំពើ​កាត់ទោស​ដោយ​មហាជន និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត ដែល​ការធ្វើ​បែបនេះ ទើប​អាច​ធ្វើឱ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ និង​លើកទឹកចិត្ត​ កុំឱ្យ​ពលរដ្ឋ​ចូល​រួម ​ក្នុងការ​ប្រើប្រាស់​អំពើ​កាត់​ទោស​ក្រៅ​ប្រព័ន្ធ​តុលាការ ។

តួលេខ​ក្នុង​របាយ​ការណ៍​លើកដំបូង​នេះ ​បាន​ចងក្រង​ឡើងវិញ​ដោយ​ OHCHR ដែ​ល​បាន​តាមដាន​របាយការណ៍​តាំងពី​ឆ្នាំ ​២០​០​២ ផ្ដោតលើ​ការប្រើ ប្រាស់​អំពើហិង្សា​ដោយ​សារ​​​ការកាត់ ទោសរ​បស់​មហាជន ហើយ​ការចេញ ផ្សាយ​របាយ​ការ​ណ៍​នេះ​ជា​ផ្លូវការ ដើម្បី​បង្ហាញ​អំពី​មូលហេតុ​ដែលនាំឱ្យ​កើត​មាន​ការប្រើ​ហិង្សា​ ដោយ​ការ​កាត់​ដោយ​មហាជន និង​ការ​លើកឡើង​អំពី​អនុសា​ស​ន៍​មួយចំនួន​ ទៅកាន់​មន្ត្រី​ជំនាញ​រដ្ឋាភិបាល ដើម្បី​ការពារ​កុំឱ្យ​ករណី​កាត់ទោស​ដោយ​មហាជន​ ​កើត​ឡើង​បន្ថែម​ទៀត។

លោក ស៊ឹង សែន​ករុណា អ្នក​​​នាំពាក្យ​សមា​គមការ​ពារ​សិទ្ធិមនុស្ស​​អាដហុក​បាន​លើក​ឡើងថា ដើ​​ម្បី​​បញ្ឈ​ប់​ការកាត់​ទោស​ដោយ​មហា​ជន​គឺ​រដ្ឋា​​ភិបាល​ ត្រូវ​លុបបំបាត់​អំពើពុករលួយ ​ក្នុង​ប្រព័ន្ធតុលាការ ជាពិសេស​អ្នក​​មាន​លុយ​ និង​អំណាច​ត្រូវ​ប្រឈម​នឹង​ការ​កាត់​ទោស​តាមច្បាប់​នៅពេល​ពួកគេ​ប្រព្រឹត្ត​បទល្មើស និង​ការផ្សព្វផ្សាយ ​ឱ្យបាន​ទូលំ​ទូលាយ​ ដើម្បីឱ្យ​ប្រជា​​ពលរដ្ឋ​បាន​យល់ដឹង​ឱ្យបាន​ច្រើន​ថែមទៀត។

លោក​ថា៖ «អ៊ីចឹ​ង​យើង​ត្រូវ​​ធ្វើ​វីដេអូ​អប់រំខ្លីៗអំពី​បទល្មើស​ទាំង​​អ​ស់​​ហ្នឹងដូច​យើង​ឃើញ​កាលពី​ពេល​ថ្មីៗខាង​ UN គាត់​ធ្វើ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហើយ​អាហ្នឹង​ជារឿង​​ល្អ​មែន​ទែន ដើម្បី​ជាការ​រួម​ចំណែក​មួយ»។

លោក ជិន ម៉ា​លីន អ្នក​​នាំពាក្យ​ក្រសួ​ង​យុត្តិធម៌​ និង​ជាអ្នក​នាំពាក្យ​នៃ​គណៈ​កម្មាធិការ​សិទ្ធិ​កម្ពុជា​ បាន​ទទួលស្គាល់ថា ការប្រព្រឹត្ត​ទង្វើ​កាត់​ទោស​ដោយ​មហាជន​នៅ​កម្ពុជា គឺជា​រឿង​ដ៏​រសើប​មួយ ប៉ុន្តែ​លោ​ក​ថា កន្លង មករដ្ឋាភិបាល​បានធ្វើ​ការងារ​ច្រើ​ន​ហើយ ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះដូចជា​ចុះទៅ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ដល់​សហ​​គមន៍ និង​ការពង្រឹង​សមត្ថភាព​របស់​មន្ត្រី​អនុវត្ត​ច្បាប់​ជាដើម។

លោក​ថា៖ «ប៉ុន្តែ​ការកើតឡើង ​(ការកាត់​ទោស​ដោយ​មហា​ជន) កន្លងមក​អាច​ដោ​យ​សារតែ​យើង​មាន​ចន្លោះ​ប្រហោង​ទាក់​ទង​នឹង​ការផ្សព្វ​ផ្សាយ​មិ​ន​បាន​គ្រប់​ជ្រុង​ជ្រោ​យ និង​ការ​អនុវត្ត​របស់​សមត្ថកិច្ច​នៅ​មាន​ការ​ថ្លោះ​ធ្លោយ»។

ទោះ​យ៉ាង​ណា លោក ជិន ម៉ា​លីន​បន្តថា ការលើកឡើង​នៅក្នុង​របាយ​​ការណ៍​រប​ស់ OHCHR គឺ​មិន​ទាន់​គ្រប់គ្រាន់​​នៅ​ឡើយ​ទាំងមូល​ហេតុ​ដែល​​នាំឱ្យ​កើត​មាន​ការកាត់ទោស​ដោ​យ​មហាជន រួមទាំង​យន្តការ​នៃ​ការដោះ​ស្រាយ និង​អ្នក​ពាក់ព័ន្ធ​ដែល​ត្រូវ​ចូល​រួម​ក្នុង​ការ​ដោះស្រាយ។

លោក​បន្ត​ថា ការដោះស្រាយ​នោះ គឺ​មិន​អាច​ទទួល​ខុសត្រូវ​ត្រឹម​រដ្ឋាភិបាល​ឡើយ គឺ​ទាល់តែ​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល និង​ជាពិសេស​ពី​​អ្នកនយោ​បាយ ព្រោះ​លោក​លើកឡើងថា ការប្រើប្រាស់​នយោបាយ​ធ្វើ​​ឲ្យ​មានការ​ស្អប់ខ្ពើម​វណ្ណៈ​ និង​ធ្វើឱ្យ​មាន​ការ​​រើសអើង​ចំពោះ​ជនជាតិ​វៀតណាម​ និង​ចិន​របស់​បក្សប្រឆាំង​កន្ល​ង​មក គឺជាការ​​បញ្ឆេះ​កំហឹង​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​បង្ក​​​ចលាច​ល ការ​បះបោរ​ផ្សេងៗ រួមទាំង​ការបង្កើត​ឱ្យមាន​ការ​កាត់​ទោស​ក្រៅ​​ប្រព័ន្ធ​តុលាការ​នេះ​ដែរ។

លោក​បន្ថែ​ម​ថា មូលហេតុ​នាំឱ្យ​កើតមាន​សកម្មភាព​ព្រួត​​គ្នា​វាយ​ធ្វើឱ្យ​លោក ស៊ុយ សារ៉េត សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ​កម្ពុជា​រង​របួសធ្ងន់​ កាលពីដើមឆ្នាំ ២០១៨ គឺជា​ការ កើត ឡើង​ ដោយសារ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​នយោបាយ​ស្អប់ខ្ពើម​វណ្ណៈ​​ និង​ការរើសអើង​ពូជសាសន៍​នេះឯង។

លោក​ថ្លែងថា៖ «ឧទាហរណ៍​ជាក់ស្ដែង ដូចជា​ករណី​លោកគ្រូ​សារ៉េត​ហ្នឹង នៅពេល​មាន​ព្រឹត្ដិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង នាំគ្នា​ស្រែកថា គាត់​ហ្នឹង​​ចិន ​យួនដោយ​​សា​រ​គាត់​ហ្នឹង​សម្បុរ​សអ៊ីចឹង នយោ​​បាយ​បញ្ឆេះ​កំហឹង​ហ្នឹង នាំឱ្យ​មនុស្ស​ប្រព្រឹ​ត្ត​អំពើហិង្សា​តែម្ដង»។

ទោះជា​យ៉ាង​ណា លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា បន្ទាប់ពី​មាន​ករណី​ប្រព្រឹត្ត​ហិង្សា​លើ​លោក ស៊ុយ សារ៉េត មក គឺ​មក​ដល់​ពេលនេះ មិន​ទាន់​មាន​ករណី​ប្រើ​ហិ​ង្សា​​​កាត់ទោស​ដោយ​មហាជន​ទៀត​ឡើយ ពីព្រោះ​ករណី​កើត​ឡើង​ចុង​ក្រោយ​នេះ ត្រូវ​បាន​អាជ្ញាធរ​អនុវត្ត​តាម​ច្បាប់​យ៉ាង​តឹងរឹុងដោ​យ​​មាន​ជន​ប្រព្រឹត្ត​ហិង្សា​ចំនួន ៣​ នាក់ កំពុង​ទទួល​ទោសទណ្ឌ និង​ ៤​ នាក់​ទៀត​ កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ៕