ភ្នំពេញៈ ការិយាល័យ ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ OHCHR បានប្រគល់​ពានរង្វាន់​យុវជន​សិទ្ធិមនុស្ស​ឆ្នាំ​ ២០២០ ដល់​យុវជន​ ៦ ​ក្រុម​ ដែល​បាន​ផលិត​វីដេអូ​ខ្លីៗ​មាន​ខ្លឹមសារ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស គណនេយ្យភាព​លើ​ការអភិវឌ្ឍ​ និង​សន្តិភាព​នៅ​កម្ពុជា​។

ពិធី​ប្រគល់​ពានរង្វាន់​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន សម្រាប់​ក្រុម​ទាំង​ ៦ ដែលមាន​សមាជិក​ ២៧ ​នាក់ ហើយ​ក្រុម​ដែល​ទទួលបាន​ពាន​នេះ​ត្រូវបាន​ជ្រើសរើស​ពី​ក្រុម​ចូលរួម​សរុប​ ១៨ ក្រុម​។ ពួកគេ​ទទួលបាន​ការបណ្ដុះបណ្ដាល​អំពី​សិទ្ធិមនុស្ស និង​ការផលិត​វីដេអូ​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

OHCHR រៀបចំ​ពាន​រង្វាន់​យុវជន​សិទ្ធិមនុស្ស​ឆ្នាំ ២០២០ ជាមួយ​អង្គការ​ក្នុងស្រុក​ជាច្រើន​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​យុវជន និង​ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​ជប៉ុន និង​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​។ វីដេអូ​ទាំង​ ៦ ​ដែល​ទទួល​បាន​ពាន​និយាយ​ពី​ការបញ្ឈប់​ការរើសអើង តួនាទី​ពលរដ្ឋ​ក្នុង​ការចូលរួម​បោះឆ្នោត​,​សិទ្ធិ​របស់​កុមារ​ក្នុង​ការជ្រើសរើស​មុខរបរ​សំឡេង​របស់​ជន​មាន​ពិការភាព​ក្នុង​ការធ្វើការ​សម្រេចចិត្ត​,​ការការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក និង​ការមិន​រើសអើង​លើ​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​។

វីដេអូ​ទាំង​ ៦ ​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់ OHCHR នៅក្នុង​ខែវិច្ឆិកា​។ ក្នុង​រយៈពេល​តិចជាង​ ១០ ​ថ្ងៃ វីដេអូ​ទាំងនេះ​ត្រូវ​មើល​ជាង​ ១៩ ​ម៉ឺន​នាក់ និង​មានប្រតិកម្ម​ជាង ២០ ​ម៉ឺន បន្ទាប់ពី​ត្រូវបាន​មនុស្ស​ជាង​ ២ ​លាន​នាក់​បានឃើញ​។

អ្នកចូលរួម​ម្នាក់​ឈ្មោះ សុខឃីម បាន​ថ្លែងអំណរគុណ​ដល់ OHCHR ដែល​បានរៀបចំ​កម្មវិធី​នេះ ហើយ​ជឿថា គម្រោង​នេះ​បាន​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យចូលរួម​ក្នុង​ការលើក​កម្ពស់​សិទ្ធិ​មនុស្ស​តាមរយៈ​ការបញ្ចេញ​ទស្សនៈ​រៀងៗ​ខ្លួន​។

លោកស្រី Claudia de La Fuente តំណាងរង​នៃ OHCHR បាន​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៨ មករា​ថា​៖ «​យើង​ត្រេកអរ​នឹង​ការប្ដេជ្ញា និង​ការសាទរ​របស់​ពួកគេ​ក្នុង​ការលើកកម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ OHCHR នឹង​បន្ត​បង្កើត​នូវ​គម្រោង​នានា​អំពី​យុវជន ដើម្បី​ឆ្លើយតប​នឹង​ចំណាប់អារម្មណ៍​របស់​យុវជន​កម្ពុជា​ក្នុង​ការស្វែងយល់​បន្ថែម និង​លើកកម្ពស់​បញ្ហា​សិទ្ធិមនុស្ស ដែល​ពាក់ព័ន្ធ​នឹង​ប្រជាជន​ទាំងអស់​នៅ​កម្ពុជា​»​។

លោក Nobuo Mori លេខា​ទី​១ ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ថា លោក​រីករាយ​ណាស់​ដែល​បាន​មើល​វីដេអូ​ទាំង​ ៦​។ ​លោក​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែល​យុវជន​មើលឃើញ​ និង​យក​បញ្ហា​នានា​នៅក្នុង​សង្គម​មក​បង្ហាញ ដោយ​ផ្ដោតលើ​ទិដ្ឋភាព​ថ្មី​។ ក្នុងនាម​ជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា ជប៉ុន​នឹង​ដើរតួនាទី​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

លោក​ថ្លែងថា​៖ «​បញ្ហា​សង្គម​ទាំងអស់​នេះ​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ទេ វា​ក៏​កើត​នៅ​គ្រប់​ប្រទេស​។ ការប្ដេជ្ញាចិត្ត​ចូលរួម​ពី​មនុស្ស​ជំនាន់​ថ្មី​ដូចជា​អ្នក​ដើម្បី​ធ្វើឱ្យ​ស្ថានភាព​ប្រសើរ​ឡើង​គឺជា​ចំណុច​គន្លឹះ​ដើម្បី​ធ្វើឱ្យ​មាន​​ការកែប្រែ​»​។ ​លោក​បន្តថា ការរួមបញ្ចូល​កិច្ចប្រឹងប្រែង​តូចៗ​ទាំងនេះ​នឹង​ជា​មូលដ្ឋាន​មិន​ប្រែប្រួល​សម្រាប់​ឱ្យ​កម្ពុជា​ទទួល​បាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​វិជ្ជមាន​នាពេល​អនាគត​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងថា គណៈកម្មាធិការ​នេះ​ក៏បាន​ចូលរួម​ផ្ដល់យោបល់​លើ​គម្រោង​ផលិត​វីដេអូ​ពី​បញ្ហា​សិទ្ធិមនុស្ស​នេះដែរ​។

លោក​ថ្លែងថា ប្រសិនបើ​គម្រោង​នេះ​ធ្វើបាន​ល្អ​វា​នឹង​ធ្វើឱ្យ​យុវជន​ចេះ​ស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ ដូចជា​ការស្រាវជ្រាវ​ឯកសារ និងសម្ភាស​ជាមួយ​មនុស្ស និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នីមួយៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​វា​នឹង​ជួយ​ឱ្យ​ពួកគេ​វិភាគ និង​បញ្ចេញ​មតិយោបល់​អំពី​បញ្ហា​សិទ្ធិមនុស្ស​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ និង​គ្រប់​ជ្រុងជ្រោយ​។

វា​នឹង​ជួយ​ឱ្យ​យុវជន​យល់ដឹង​ពី​បញ្ហា​សិទ្ធិមនុស្ស ហើយ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ស្រប​ទៅ​តាម​ច្បាប់​»៕