ភ្នំពេញៈ ក្រសួង​យុត្ដិធម៌​កាលពី​ម្សិលមិញ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ OXFAM ដើម្បី​ទទួល​ជំនួយ​ឧបត្ថម្ភ​ក្នុង​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា តាមរយៈ​ការគាំទ្រ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​ពិតប្រាកដ​របស់​សង្គម​កម្ពុជា​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​យន្តការ​នេះ​ថ្លែង​ក្នុង​ពេល​ចុះកិច្ចព្រមព្រៀង​កាលពី​ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួង​យុត្ដិធម៌​ថា ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​គឺ​ពាក់ព័ន្ធ​ដល់​យន្តការ​ដោះ​ស្រាវ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ ដូច្នេះ​ជំនួយ​នេះ​គឺ​ជំនួយ​ពាក់ព័ន្ធ​ដល់​ដំណើរការ​នៃ​ការរៀបចំ​នូវ​កិច្ចប្រជុំ​​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទៅលើ​ឯកសារ​ទស្សនទាន​នៃ​យន្តការ​នេះ​។

លោក​ថ្លែង​បន្តថា​៖ «​អង្គការ OXFAM បាន​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រសួង​យុត្ដិធម៌​ព្រោះ​ការងារ​នេះ​ត្រូវ​នឹង​ទិសដៅ​របស់គាត់​ក្នុង​ការលើក​ស្ទួយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ជាពិសេស​គឺ​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សិទ្ធិ​ផ្នែក​សង្គម និង​សិទ្ធិ​ផ្នែក​ទទួល​បាន​យុត្ដិធម៌ តាមរយៈ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​»​។ លោក​ ជិន ម៉ាលីន បាន​ថ្លែងថា បច្ចុប្បន្ន​យន្តការ​នេះ​សម្រេច​បាន​លើ​ការរៀបចំ​សេចក្ដី​ព្រាង​បឋម​មួយ​ចំនួន​មាន​ដូចជា​ឯកសារ​ទស្សនទាន​ជាដើម (Zero- Draft)​។

លោក​បញ្ជាក់ថា​៖ «​ឯកសារ​ទស្សនទាន​សម្រាប់​យន្តការ​នេះ យើង​បាន​ស្រាវជ្រាវ​ទាំងអស់​ពាក់ព័ន្ធ​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ការអនុវត្ដ​ល្អ​ជា​អន្តរជាតិ​ក្នុង​តំបន់ និង​បរិបទ​របស់​កម្ពុជា រួមមាន​វប្បធម៌​ប្រពៃណី និង​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា​»​។

លោក​បន្ថែមថា​៖ «​យន្តការ​នេះ​គឺ​យើង​ចង់​រៀបចំ​យ៉ាងម៉េច​ឱ្យ​វា​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ពិតប្រាកដ​របស់​សង្គម​កម្ពុជា​។ យើង​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​ដទៃ ក៏ប៉ុន្ដែ​យើង​អត់​ចម្លង​ពី​គេ​មក​ទាំងស្រុង​ទេ យើង​ដកយក​បទពិសោធ​ល្អៗ ហើយ​យើង​ច្នៃ​យ៉ាងម៉េច​ឱ្យ​ត្រូវ​នឹង​បរិបទ​របស់​កម្ពុជា​»​។

លោកស្រី លឹម សូលីន នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ Oxfam នៅ​កម្ពុជា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រសួង​យុត្ដិធម៌​នេះ​គឺជា​ការបើក​លម្ហ​ផ្លូវ​មួយ​នៃ​កិច្ចការ​រវាង​អង្គការ​សង្គម​ស៊ីវិល ជាតិ និង​អន្តរជាតិ​ជាមួយ​ក្រសួង​យុត្ដិធម៌​។

លោកស្រី​ថ្លែងថា​៖ «​ក្នុង​នាម​អង្គការ​អន្តរជាតិ តាមរយៈ​កិច្ចសហប្រតិបត្ដិការ​នេះ​គឺ​យើង​នឹង​ជួយ​ជំរុញ​ដល់​ប្រតិបត្ដិការ​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ក្រសួង​យុត្ដិធម៌​ឱ្យ​កាន់តែ​បាន​ជោគជ័យ​ និង​មាន​វិសាលភាព​កាន់តែ​ទូលាយ ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​តម្លាភាព និង​ពេញសិទ្ធិ​ដល់​ពលរដ្ឋ​»​។

បើតាម​លោក ម៉ាលីន បច្ចុប្បន្ន​ក្រៅពី​មាន​កិច្ចសហការ​ជាមួយ​អង្គការ OXFAM ក្រសួង​យុត្ដិធម៌​ក៏​ទទួលបាន​កិច្ចសហការ​ក្នុង​ការរៀបចំ​យន្តការ​នេះ​ពី​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួន ដូចជា សហភាព​អឺរ៉ុប ឧត្តមស្នងការ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាដើម​។ ក្រសួង​យុត្ដិធម៌​នឹង​ប្រឹងប្រែង​រៀបចំ​យន្តការ​នេះ​ឱ្យបាន​ចប់​រួចរាល់​នៅ​ឆ្នាំ​ ២០២១​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​យន្តការ​នេះ​នឹង​ចូលរួម​កាត់បន្ថយ​សំណុំរឿង​កកស្ទះ​នៅតាម​តុលាការ​រាជធានី-ខេត្ត ព្រោះ​ករណី​វិវាទ​មួយចំនួន​ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅក្រៅ​ប្រព័ន្ធ​តុលាការ​តែម្ដង​»៕