ភ្នំពេញ៖ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​រាជ​អាវុធហត្ថ​ជា​ច្រើន​នាក់​បាន​ជួប​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ កងកម្លាំង​រាជ​អាវុធ​ហត្ថ​បាន​បង្ក្រាប​បទ​ល្មើស​ជា​ទូទៅ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ​២ ពាន់​ករណី ​ក្នុង​ឆ្នាំ ​២០១៩​។​

បើ​​យោងតាម​របាយការណ៍​ដែល​បាន​ចែក​រំលែក​តាម​បណ្ដាញ​សង្គម​បាន​ឲ្យ​ដឹង​ថា​​ ​ក្នុង​ឆ្នាំ ​២០១៩​ ​កម្លាំងកង​រាជ​អាវុធហត្ថ​ ​ធ្វើ​ការ​បង្ក្រាប​បទល្មើស​បាន​ចំនួន​ ២ ​៣៩៨ ​លើ​បទល្មើស​ដែល​កើត​មាន ​២ ៥៥០ ​​ករណី ​ក្នុង​នោះ​មាន​បទល្មើស​ប្រមាណ​ជាង ​៨០០ ​ករណី​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​តាមដាន​ និង​ស៊ើប​អង្កេត។ ​

ការ​បង្ក្រាប​ជាក់ស្ដែង​មាន​ ២ ១៣៥ បទល្មើស​ ក្នុង​ចំណោម ២ ២២២ ​ករណី ​បទល្មើស​ទាំង​នោះ​មាន​​ដូចជា​ការ​ជួញដូរ​ចែកចាយ​គ្រឿង​ញៀន​ ​៩៦៣ ​ករណី,​ ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​១៨៨ ករណី,​ ​ឃាតកម្ម ​១៤ ​ករណី, ​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់​ រំលោភ​សេពសន្ថវៈ​, លួច​មាន​ស្ថាន​ទម្ងន់​ទោស​, និង​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​​, ជួញដូរ​មនុស្ស​​, លួច​,​ ឆក់​,​ ​ឆបោក​, ​ ហិង្សា​ដោយ​ចេតនា​,​ ប្រើប្រាស់ ​និង​រក្សា​អាវុធ​ខុស​ច្បាប់​,​ ​ដំណាំ​កញ្ឆា​,​ ​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​​, រំលោភ​លើ​ទំនុក​ចិត្ត​ និង​ល្បែង​ស៊ីសង​។​ល​។​

លោក​ ​ស៊ឹង​ ​សែនករុណា ​អ្នក​នាំពាក្យ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​ថ្លែងថា ការ​បង្ក្រាប​នោះ​ បាន​​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀបចំ​​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​៕​