សៀមរាបៈ ក្រុម​ហ៊ុន POST Media Co Ltd ​ដែល​ជា​ម្ចាស់​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​​ភាសា​អង់​​គ្លេស ​និង​ភាសា​ខ្មែរ​​ បាន​ចុះ​​អនុស្សរណៈ​ នៃ​ការ​យោគ​យល់គ្នា​ (MOU)​​ ជា​មួយ​ Siem Reap Tourism Club (STC) ​កាល​ពី​ថ្ងៃ​សុក្រ​​នៅ​ខេត្ត​សៀម​រាប​ ​ដើម្បី​សហការ​​ក្នុង​​ការ​គាំ​ទ្រ​​ឧស្សាហកម្ម​​ទេស​​ចរណ៍​​​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​​ដោយ​ចីរភាព​​នៅ​ក្នុង​ខេត្ត​នេះ។

​​​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ក៏​មាន​​ការ​សម្ពោធ​កម្មវិធី Pos​t Watch ​ដែល​ជា​កម្មវិធី​ព័ត៌​មា​ន​​មួយ​​ជា​ភាសា​អង់គ្លេស​​ និង​ភាសាខ្មែរ​​ដែល​​​ជា​កម្មវិធី​ទី​ ១​​ ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​វេទិ​កា​វីដេអូ​​ដែលរីក​ចម្រើន​លឿនដែ​ល​​អាចមើល​​តាម​ហ្វេសប៊ុក។

​លោក លី តៃ​សេង អគ្គ​នាយ​ក​ និង​ជា​ចាង​ហ្វា​ង​កាសែត​ភ្នំ​ពេ​ញ​ប៉ុស្តិ៍​ បានចុះ​ហត្ថលេខា​តំណា​ង​ឲ្យ​ក្រុម​ហ៊ុន​ Post Media ជាមួយ​​​លោក Philip Kao ដែល​ជា​ប្រធាន STC ​តំណាង​ឲ្យ​ក្លិប​របស់​គាត់​។​ ក្នុង​អំឡុង​វេទិកា​នេះ​ ដែល​មាន​ការ​ចូល​រួម​​​ពី​ភ្ញៀ​វ​​ប្រមាណ​ ៨០ ​នាក់​ ជា​ពិសេស​​ត្រូវ​បាន​អញ្ជើញ​មក​ពី​​វិស័យទេសចរណ៍​​​ និង​ឧស្សាហកម្ម​ពាក់ព័ន្ធ។

លោក លី តៃ​សេង ​បាន​ថ្លែង​ថា កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ភាសា​អង់​គ្លេស​និង​​ភាសា​ខ្មែរ​​ បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​​ ចាប់​តាំង​ពី​ការ​ចូល​កាន់​តំណែង​​ដោយ​អ្នក​គ្រប់គ្រង​ថ្មី​​​ក្នុង​រយៈ​កាល​​ ១៤ ​ខែ​កន្លង​មក​នេះ។

លោក​​ថ្លែង​ថា​៖ «​​កាសែត​ទាំង​ ២ នេះ ​​បាន​រីក​ចម្រើន​​ទៅ​ជា​កាសែត​​ជាតិ​ពិត​​ដែល​ឥឡូវ​នេះ​ មាន​វត្ត​មាន​​នៅ​ក្នុង​​ខេត្ត​​ទាំង ​២៥​ ក្នុង​ប្រទេស​កម្ពុជា​។ កាល​ពី​ឆ្នាំ​មុន​ យើង​ក៏​​បាន​​ចាប់​ផ្តើម​​កម្មវិធី​​ទូរស័ព្ទ​ដៃ​​របស់​យើង​​ផង​ដែរ​ ​ហើយ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ យើង​នឹង​​កែ​លម្អ​គេ​ហទំព័រ​របស់​យើង​​ឲ្យ​​ល្អ​ប្រសើរ​ថែម​ទៀត»។

លោក​បាន​ថ្លែង​ថា កម្មវិធី Post Watch ​ដែល​​​រចនា​ឡើង​ ពី​​ទី​តាំង​​មូល​ដ្ឋាន​ផ្ទាល់ ​​​មិន​ដូច​​កម្មវិធី​ព័ត៌​មាន​ដទៃ​ៗ​​ក្នុង​ប្រទេស​កម្ពុជា​​នោះ​ទេ​ ​នឹង​ផ្តល់​ព័ត៌​មាន​​​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​​របស់​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​​​ ដែល​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ និង​ចែក​រំលែក​​ការ​រាយការណ៍​ព័ត៌​មាន​អំពី​វិស័យ​កម្សាន្ត។

​នៅ​ក្នុង​អនុស្សរណៈ​នេះ​ ​លោ​ក តៃ​សេង បាន​ថ្លែង​ថា៖ «​ការ​ពិត​គឺ​ថា​​ប្រសិន​បើ​សមា​ជិក STC ​ធ្វើ​បាន​​ល្អ​នៅ​ក្នុង​ខេត្ត​ ​​ហើយ​ឧស្សាហកម្ម​​ទេសចរណ៍​រីក​ចម្រើន​​បន្ថែម​ទៀត​ ពួក​គេ​នឹង​​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​​កម្ម​នៅ​ក្នុង​កាសែត​របស់​យើង ​​និង​បណ្តាញ​​ឌីជីថល​។ ​នេះ​ផ្តល់​នូវ​​​ស្ថាន​ភាព​ឈ្នះ ឈ្នះ ​សម្រាប់​​ភាគី​ទាំង​ ២»។ ​«​​នេះ​ជា​មូលហេតុ​ ដែល​យើង​​ប្តេជ្ញា​​ផ្សព្វ​ផ្សាយ​​កន្លែង​​ហូប​ចុក​អាហារ​ និង​ភេសជ្ជៈ​និង​ទិស​ដៅ​​ថ្មី​​ៗនិ​ង​​ការ​ផ្តល់​​ផ្សេង​ៗ​ទៀត​ នៅ​ក្នុង​ខេត្ត​សៀម​រាបមិន​មែន​តែ​ប្រាសាទ​អង្គរវត្ត​តែមួយ​នោះ​ទេ»។

លោក តៃ​សេង បាន​ថ្លែង​ថា បណ្តាញ​​ព័ត៌​មាន​​ទាំង​អស់​ក្រោ​​​ម​​​ក្រុម​ហ៊ុន Post Media ​នឹង​ជួយ​​ផ្សព្វ​ផ្សាយ​​មិន​មែន​តែ​​​វិស័​យ​ទេសចរណ៍​ទេ ប៉ុន្តែ​​ក៏​​ជួយ​ផ្សព្វ​​​​​​ផ្សាយ​​​វិស័យ​​ផ្សេង​ៗ ​​និង​ឧស្សាហកម្ម​ផ្សេងៗ​​ទូទាំង​ប្រទេស​កម្ពុជា​ផងដែរ។

លោក​បន្ត​​ថា​៖ «​​យើង​ចង់​ពង្រីក​កិច្ច​សហ​ការ​របស់​យើង ទៅ​​​ឧស្សាហកម្ម​​ដទៃ​ៗ​ទៀត​ផង​ដែរ​។ ​យើង​មាន​​ការ​តាំង​ចិត្ត​ក្នុង​ផ្នែក​នេះ​ ​ហើយ​យើង​បាន​ពង្រីក​រួច​ហើយ​ លើស​ពី​​​អ្នក​ផ្សព្វ​ផ្សាយ​ប្រពៃណី​របស់​យើង​»។

ចំណែក​លោក Kao តាង​នាម​ឲ្យ​ក្រុម​ហ៊ុន​ STC ​បាន​ថ្លែង​ថា លោក​​មាន​ភាព​រីក​រាយ​​ ចំពោះ​កិច្ច​សហការ​ជាមួយ​ក្រុម​ហ៊ុន Post Media ដោយសារ​តែ​ក្លិប​​របស់​លោក​​មាន​ផែន​ការ​ជា​ច្រើន​ដែល​នឹង​ធ្វើ​ឡើង​ ដូច​ជា​ ​ជា​កម្មវិធី​បង្កើត​បណ្តាញ​ទំនាក់​ទំនង​​ប្រចាំ​ខែ​​ជាមួយ​​អ្នក​រៀប​ចំ​​​ផ្សេង​ៗ​ដូច​ជា​សណ្ឋាគារ CAM Food Hotels និង​សមាគម​មេ​ចុង​ភៅ​កម្ពុជា​ (Cambodia Chef Association)។

ក្លិប​កំពុង​តែ​​រៀប​ចំ​​ព្រឹត្តិ​ការ​ណ៍​​ជា​ច្រើន​​នា​ឆ្នាំ​​នេះ​​ជា​មួយ​នឹង​​ភាគី​ពាក់​ព័​ន្ធ​ដទៃ​ៗ​ទៀត​ ដូច​ជា​ យុទ្ធនា​​​​​​​​​កា​រ​​ដាំ​ដើម​ឈើ​ ​ដែល​ជា​​គំនិត​ផ្តួចផ្តើម​​មួយ ជា​មួយ​​លោក តាន់ គីម​សួរ​ ហើយ​​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១០ ខែ​កក្កដា ​ជាមួយ​នឹង​​​ព្រឹត្តិការណ៍​ដាំ​ដើម​ឈើ​​នៅ​ខែ​សីហា​ផងដែរ​។ «​នៅ​កម្រិត​ថ្នាក់​ជាតិ​ STC ​នឹង​ចូល​រួម​ជា​មួយ​ក្រសួង​ទេសចរណ៍​​ ដើម្បី​ផ្សព្វ​ផ្សាយ​​​ផ្សារទេសចរណ៍​​របស់​កម្ពុជា ពី​ថ្ងៃ ទី ​១១‑១៦ ចំណែក​ឯ​នៅ​កម្រិត​ថ្នាក់​អន្តរ​ជាតិ​ ​យើង​នឹង​រៀប​ចំ​ឲ្យ​មាន​វិនិយោគ​សក្តានុពល​មក​ពី​ប្រទេ​ស​សិង្ហបុរី​​ និង​​បណ្តា​ប្រទេ​​ស​ដទៃ​ៗ​ទៀត​​​ឲ្យ​មក​ខេត្ត​សៀម​រាប​​ សម្រា​ប់​​វិស័យ​ទេស​ចរណ៍​ ​ការ​វិនិយោគ​ ​និង​​អាជីវកម្ម​​សក្តា​​នុព​ល​ដទៃៗ​ទៀត។ «​នោះ​ហើយ​ជា​មូលហេតុ​​ដែល​យើង​មាន​ភាព​រីក​រាយ​ណាស់​ ចំពោះ​ការ​សហការ​ជា​មួយ​​កាសែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ ហើយ​តាម​រយៈ​​ ​កាសែ​ត​ភ្នំ​ពេញ​ប៉ុស្តិ៍​​អង់គ្លេស​​ និង​​ខ្មែរ​ ​និង​កម្មវិធី​ Post Wat​ch ​និង​​​បណ្តាញ​ព័ត៌​មាន​ដទៃ​ៗ​ទៀត​​របស់​កាសែត​នេះ។

លោក​ Kao ​បន្ត​ថា​៖ «​ទៅ​លឿន ​ទៅ​ម្នាក់​ឯង​ ​​ហើយ​ទៅ​ឆ្ងាយ ទៅ​ជា​​មួយ​គ្នា។ ​នោះ​តែង​តែ​ជា​​​បាវចនា​របស់​ខ្ញុំ​ ​ហើយ​ឥឡូវ​នេះ ​​ជាមួយ​នឹង​កិច្ច​សហការ​ជា​មួ​យ​ក្រុម​ហ៊ុន Post Media ​ក្លិប​ STC ​ប្រាកដ​ថា​ នឹង​ទៅ​ជាមួយ​គ្នា​យើង​នឹង​ទៅ​ឆ្ងាយ»៕