ក្រុមហ៊ុន​អចលនទ្រព្យ Prince Real Estate ដែល​ជា​សមាជិក​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Prince Holding Group កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ចែក​អំណោយ​ជា​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ​ជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន ៨០៤ គ្រួសារ ​នៅ​ខណ្ឌ​ចំការមន ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ទុះ​ជំងឺ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

ការ​បរិច្ចាគ​នេះ​ត្រូវ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន អ្នក​ឧកញ៉ា Chen Zhi បាន​ប្រកាស​បរិច្ចាគ​ថវិកា​ចំនួន ៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បរិច្ចាគ​ថវិកា​លើក​ដំបូង​ចំនួន ៣ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​បាន​បរិច្ចាគ​ដោយ​អ្នក​ឧកញ៉ា Chen Zhi កាល​ពី​ខែ​ធ្នូ ​ក្នុង​ឆ្នាំ​កន្លង​ទៅ ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩។

ការ​បរិច្ចាគ​ចុង​ក្រោយ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រួម​លើ​វិស័យ​បរិស្ថាន សង្គម និង​អភិបាលកិច្ច សម្រាប់​ក្រុមហ៊ុន​ជា​សមាជិក​តាម​ការ​គូស​បញ្ជាក់​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Prince Group។ ចំណុច​គន្លឹះ​មួយ​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​ការ​បរិច្ចាគ​ថវិកា​ចំនួន ៣ លាន​ដុល្លារ របស់​លោក​ប្រធាន Chen Zhi នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឈាន​ដល់​គោលដៅ​របស់​ខ្លួន ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​យ៉ាងហោច​ណាស់ ៨០% ឬ​ស្មើ​នឹង​ជិត ១៣ លាន​នាក់ ដែល​នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​សង្គម​នៅ​កម្ពុជា។

ក្នុង​នោះ​ផង​ដែរ ក្រុមហ៊ុន Prince Real Estate បាន​ឧបត្ថម្ភ​អង្ករ​សរុប ១៦ ០៨០ គីឡូក្រាម មី​ចំនួន ៨០៤ កេស ទឹកត្រី ៨០៤ យួរ និង​ទឹក​ស៊ីអ៊ីវ ៨០៤ យួរ ជូន​ដល់​គ្រួសារ​មួយ​ចំនួន រួម​ជាមួយ​ទឹក​បរិសុទ្ធ ៥០០ កេស និង​ភេសជ្ជៈ​ចំនួន ២០០ កេស សម្រាប់​មន្ត្រី​នគរបាល​ចំនួន ២៣៤ រូប ដែល​កំពុង​បំពេញ​ការងារ​ដោយ​មិន​គិត​ពី​ការ​នឿយហត់​នៅ​តាម​ទីតាំង​ចំនួន ៣៣ កន្លែង​ក្នុង​ខណ្ឌ​ចំការមន ដែល​ជា​តំបន់​រង​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ១៩។

អ្នកឧកញ៉ា Chen Zhi។

លោក Steven Wang ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Prince Real Estate ថ្លែង​ថា៖ «ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​រាតត្បាត​ក្នុង​សហគមន៍​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​រស់នៅ​របស់​បងប្អូន​ប្រជាជន​ជាច្រើន​នៅ​ក្នុង​ខណ្ឌ​មួយ​នេះ ហើយ​យើង​ជឿជាក់​ថា សកម្មភាព​ឆ្លើយ​តប​រហ័ស និង​ច្បាស់​លាស់​នឹង​ធ្វើឱ្យ​មានការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​ក្នុងការ​ធានា​ឱ្យ​មាន​ការ​ងើប​ឡើង​វិញ​ដ៏​រឹងមាំ សម្រាប់​សហគម​ន៍»។

កាល​ពី​ខែ​មុន មូលនិធិ​សប្បុរសធម៌​ព្រីនស៍ ដែល​ជា​អង្គភាព​សប្បុរសធម៌​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Prince Group បាន​ចែក​អំណោយ​ជា​សម្ភារ​ថែទាំ​សុខភាព​ជូន​ដល់​ប្រជាជន​ចំនួន ៥០០ គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​អុង ស្រុក​ព្រៃនប់ ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​ជិត​ទីតាំង​គម្រោង​ទីក្រុង​រាម​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១៦ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​លើ​ផ្ទៃដី​ចាក់​បំពេញ​ទំហំ ៨៤៣ ហិកតា ដែល​កំពុងតែ​ធ្វើការ​អភិវឌ្ឍ​ស្ថិតនៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ។

សម្ព័ន្ធ​ក្រុមហ៊ុន Prince Group នឹង​បន្ត​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដោយ​ការ​ចែក​អំណោយ​សម្ភារ​ចាំបាច់​ជូន​ដល់​ប្រជាជន ខណៈដែល​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​សហគមន៍​សំខាន់ៗ និង​ការ​ធ្វើ​ការ​ជាមួយ​ដៃគូ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខាង​សង្គម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​គោល​បំណង​ឆ្ពោះ​ទៅ​រក​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគមន៍​មូលដ្ឋាន៕