ភ្នំពេញៈ ឆ្លើយតបនឹងការតវ៉ារបស់អតីតបុគ្គលិកផ្នែកវេចខ្ចប់ស្រោមអនាម័យចំនួន៤៤នាក់ អង្គការបម្រើសុខភាពប្រជាជនកម្ពុជា និងអង្គការបម្រើសុខភាពប្រជាជនអន្តរជាតិបានបដិសេធថា ខ្លួនមិនបានរំលោភច្បាប់ការងារទេ នៅពេលបញ្ចប់កិច្ចសន្យាបុគ្គលិកកាលពីសប្តាហ៍មុន។
ក្នុងលិខិត ដែលផ្ញើជូន ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍មុន អង្គការទាំងពីរបានថ្លែងថា ពួកគេបានផ្តល់អត្ថប្រយោជន៍ចាំបាច់ទាំងអស់ដល់កម្មករ ហើយបានជួបជាមួយនឹងកម្មករជាច្រើនលើកដើម្បីពន្យល់ថា តើមូលហេតុអ្វីបានជាអង្គការមិនបន្តកិច្ចសន្យាការងារពួកគេ។ អង្គការបម្រើសុខភាពប្រជាជនកម្ពុជាបានឲ្យដឹងកាលពីសប្តាហ៍មុនថា មូលហេតុគឺ«ការកែប្រែនៃការទិញផលិតផល ហើយសេចក្តីត្រូវការវេចខ្ចប់នៅក្នុងប្រទេសគឺមានកម្រិត»។
លិខិតនោះបានស្នើឲ្យអ្នកវេចខ្ចប់បញ្ចប់ការតវ៉ារបស់ខ្លួន ដែលបានបន្តពេញមួយសប្តាហ៍មុន បានឲ្យដឹងថា៖«យើងបានធានាថា យើងបានផ្តល់ប្រាក់សម្រាប់ការបញ្ចប់កិច្ចសន្យា អនុលោមតាមច្បាប់ការងារ»។
លិខិតនោះបន្តឲ្យដឹងទៀតថា៖ «យើងមានឯកសារជាភ័ស្តុតាងនៃការផ្ទេរតាមធនាគារដែលបានទទួលយកដោយកម្មករតវ៉ា»។
លោកស្រី សូ នីតា អតីតអ្នកវេចខ្ចប់ម្នាក់ បានអះអាងកាលពីម្សិលមិញថា អង្គការ PSI ពុំបានផ្តល់អត្ថប្រយោជន៍ដល់ពួកគេទេ ហើយបានបន្ថែមថា ពួកគេនឹងជួបអង្គការនេះ នៅក្រសួងការងារនៅថ្ងៃចន្ទនេះ៕ TK