
ជនជាតិដើមភាគតិចសម្តែងរបាំនៅក្នុងពិធីពីម្សិលមិញ។ SCW
ភ្នំពេញៈ ក្នុងថ្ងៃទិវាពិភពលោកសម្រាប់វប្បធម៌ចម្រុះ សម្រាប់ការពិភាក្សា និងការអភិវឌ្ឍ «The World Day for Cultural Diversity for Dialogue and Development» កាលពីម្សិលមិញ អង្គការសង្គ្រោះសត្វព្រៃកម្ពុជា បានមើលឃើញថា ជនជាតិដើមភាគតិចនៅកម្ពុជា ទទួលបានការគោរពសិទ្ធិសេរីភាពស្មើៗគ្នា ប៉ុន្ដែអង្គការនេះចង់ឱ្យជនជាតិដើមភាគតិចត្រូវហ៊ានតស៊ូមតិ បើមានការរំលោភបំពានណាមួយ។
លោក ចាន់ វិចិត្រ ប្រធានកម្មវិធីនៃអង្គការសង្គ្រោះសត្វព្រៃកម្ពុជា (Save Cambodia Wildlife) បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ទិវាពិភពលោក សម្រាប់វប្បធម៌ចម្រុះ ដែលត្រូវបានធ្វើឡើងកាលពីម្សិលមិញ គឺដើម្បីគោរពដល់សិទ្ធិជនជាតិដើមភាគតិច រួមមានសិទ្ធិក្នុងការរស់នៅ សិទ្ធិក្នុងការអាស្រ័យផលជាមួយធនធានធម្មជាតិ និងសិទ្ធិក្នុងការរក្សានូវប្រពៃណីវប្បធម៌ទំនៀមទម្លាប់របស់គាត់ជាដើម។ លោកបន្ដថា SCW ចង់ធ្វើឱ្យជនជាតិដើមភាគតិច អាចបំពេញនូវសិទ្ធិឱ្យបានពេញលេញព្រោះពួកគេរស់នៅអាស្រ័យផលលើធនធានធម្មជាតិបើសិនជាបាត់បង់ធនធានធម្មជាតិ ជីវភាពរបស់ពួកគេ ប្រាកដជាជួបការលំបាកមិនខាន។
លោក វិចិត្រ លើកឡើងថា៖ «ជាទិដ្ឋភាពច្បាប់ យើងមើលឃើញការគោរពសិទ្ធិរបស់ពួកគាត់ (ជនជាតិដើមភាគតិច) បានស្មើៗគ្នាទៅលើសិទ្ធិ កាតព្វកិច្ចគ្រប់បែបយ៉ាង និងការទទួលបាននូវសេវាសាធារណៈ មានសេវាសុខភាពហេដ្ឋារចនាសម្ព័ន្ធ និងសន្ដិសុខភូមិ-ឃុំ ពីថ្នាក់ខេត្ដដល់ថ្នាក់មូលដ្ឋាន យើងឃើញថា ពួកគាត់ទទួលបានស្មើៗគ្នា»។
តាមរយៈទិវានេះលោក វិចិត្របានលើកឡើងថា អ្វីដែលប្រជាពលរដ្ឋ ដែលជាជនជាតិដើមភាគតិចត្រូវតែធ្វើ គឺត្រូវតែមានសេចក្ដីក្លាហានទាមទារនូវអ្វីដែលខ្លួនគួរទាមទារដូចជាមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទៅបំពានលើការរស់នៅរបស់ពួកគាត់ឬព្រៃអាស្រ័យផលរបស់ពួកគាត់គឺត្រូវប្រើសិទ្ធិរបស់ពួកគាត់ដើម្បីការពារធនធានធម្មជាតិទាំងអស់នោះដែលធនធាននោះមានតម្លៃស្មើនឹងអាយុជីវិតរបស់ពួកគាត់។
ក្នុងទិវានេះ អង្គការ SCW ក៏បានបង្ហាញជាសាធារណៈនូវវីដេអូខ្លីមួយមានរយៈពេល ១០ នាទី ដោយបានបង្ហាញពីជីវភាព ការរស់នៅ វប្បធម៌ និងការគោរពជំនឿសាសនារបស់ជនជាតិដើមភាគតិច និងបានបោះពុម្ពផ្សាយសៀវភៅស្តីពីជនជាតិដើមភាគតិចនៅកម្ពុជា រួមមានជនជាតិភាគតិចចំនួន ៤ ក្រុមគឺ ប្រៅ កាវ៉ែត គ្រឹង និងខ្មែរ-ឡាវ។ SCW បញ្ជាក់ថា ទិវានេះ គឺជាឱកាសដើម្បីជួយឱ្យសហគមន៍ជនជាតិដើមភាគតិចយល់ដឹងអំពីតម្លៃនៃវប្បធម៌ចម្រុះ និងរៀនពីរបៀបរស់នៅជាមួយគ្នាដោយភាពសុខដុម។
តាមរយៈវីដេអូខាងលើនេះ ជនជាតិដើមភាគតិចភាគច្រើន បានសំណូមពរដល់ជនជាតិដើមភាគតិចដូចគ្នា ឲ្យចូលរួមថែរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្លួន កុំទទួលយកវប្បធម៌ទំនើប ហើយបោះបង់វប្បធម៌ប្រពៃណីខ្លួនឯង។
ទាក់ទងនឹងការរក្សាធនធានធម្មជាតិនេះ កាលពីម្សិលមិញ ក្រសួងបរិស្ថាន បានប្រារព្ធទិវាជីវៈចម្រុះអន្ដរជាតិលើកទី៦ ដោយផ្តោតលើប្រធានបទ «ជីវៈចម្រុះរបស់យើង អាហាររបស់យើង សុខភាពរបស់យើង (Our Biodiversity, Our Food, Our Health)»។
លោកស្រី ចាន់ សុម៉ាលី អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្នុងនាមជាតំណាងជនបង្គោល នៃអនុសញ្ញាសហប្រជាជាតិ ស្តីពីជីវៈចម្រុះ បានបញ្ជាក់ថា ក្នុងនាមជាប្រទេសហត្ថលេខីក្រសួងបរិស្ថាន មានកាតព្វកិច្ចរៀបចំពិធីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ ២០១៩ នេះ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការ រវាងបណ្តាស្ថាប័នប្រជាសហគមន៍អង្គការដៃគូជាតិ-អន្តរជាតិ និងបណ្តាអ្នកពាក់ព័ន្ធ។
លោកស្រីបន្ដថា៖ «ទិវានេះ សំដៅលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សធនធានជីវៈចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដែលមិនអាចខ្វះបាន»។
លោក ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា៖ «ប្រធានបទឆ្នាំនេះផ្សារភ្ជាប់នឹងអត្ថន័យ គុណតម្លៃរបស់ជីវចម្រុះ ភាពសម្បូរបែប ដែលផ្តល់ដោយប្រព័ន្ធធម្មជាតិ សម្រាប់ជីវិតមនុស្ស និងសុខុមាលភាព នៅលើផែនដី ហើយក៏ចូលរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្សេងៗទៀត រួមទាំងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការបន្សាំ ការស្តារ ប្រព័ន្ធអេកូឡូស៊ី ទឹកស្អាត និងការបំបាត់សេចក្តីស្រេកឃ្លានជាដើម»៕