ភ្នំពេញៈ ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​ (SDC) ​តាមរយៈ​អង្គការ​ស្វ៊ីសខន់ថាក់​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ទេសចរណ៍​ដល់​យុវជន សិស្ស និស្សិត និង​អ្នក​បម្រើការ​នៅក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅក្នុង​ខេត្ត​ភាគឦសាន ៥ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង ៩ ​លាន​ដុល្លារ​។

ក្រសួង​ទេសចរណ៍ និង​អង្គការ​ស្វ៊ីសខន់ថាក់ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ១ កាលពី​រសៀល​ថ្ងៃ​ពុធ ដើម្បី​ផ្ដល់​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ហៅ​កាត់​ថា TVET សម្រាប់​វិស័យ​ទេសចរណ៍​ដល់​យុវជន និស្សិត និង​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅ​ខេត្ត​គោលដៅ​ចំនួន ៥ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្តព្រះវិហារ​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ដំណាក់កាល​ទី​ ២ មាន​រយៈពេល​ ៤ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២៤​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍​។

ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោកស្រី Naddia Ottiger នាយិការង​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ថ្លែងថា គម្រោង​អភិវឌ្ឍន៍​ជំនាញ​ដំណាក់កាល​ទី​ ២ ​នេះ​ធ្វើ​ឡើង​ចំពេល​វេលា និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ជាពិសេស​លើ​ការជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី និង​បន្ថែម​ក្នុង​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ការធ្វើដំណើរ​។

វគ្គ​នេះ​នឹង​ផ្ដល់​ចំណេះដឹង និង​ជំនាញ និង​ដើម្បី​ជា​ច្រក​សម្រាប់​បន្ត​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​បន្ថែម និង​ពេញ​ ១ ​ជីវិត​។ ក្រៅពី​យុវជន និស្សិត និង​អ្នក​បម្រើការ​នៅក្នុង​វិស័យ​ទេសចរណ៍​គម្រោង​នេះ​ក៏​នឹង​ចូលរួម​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​របស់​ក្រសួង​ទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​សម្រាប់​គម្រោង​ជំហាន​ទី​ ២ ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ជំនាញ​ថ្មី និង​ការអភិវឌ្ឍ​ជំនាញ​បន្ថែម​ការជំរុញ​ទីផ្សារការងារ ការពង្រឹង​សហគ្រិនភាព​ក្នុង​វិស័យ​ទេសចរណ៍ និង​ការអនុវត្ត​បច្ចេកវិទ្យា​ក្នុង​ការអប់រំ និង​បណ្តុះបណ្តាល​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ SDC យុវជន​ដែល​ងាយ​រងគ្រោះ​ប្រមាណ ១២ ០០០ ​នាក់ ​រួមជាមួយ​បុគ្គលិក​ដែលមាន​ជំនាញ​ទាប និង​គ្រូ​បណ្តុះបណ្តាល បុគ្គលិក និង​គណៈ​គ្រប់គ្រង​សាលា និង​ក្រុមហ៊ុន​ជាង​ ៩០០ ​នាក់​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​រយៈពេល ៤ ឆ្នាំ​នេះ​។ ថវិកា​ដែល​ត្រូវ​ចំណាយ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​មាន ៨,៣ ​លាន ហ្វ្រង់ស្វ៊ីស ឬ​ប្រមាណ ៩,១៤ ​លាន​ដុល្លារ​។

សេចក្ដី​ប្រកាស​បន្តថា​៖ «​បុគ្គលិក​ដែល​មាន​ជំនាញ​ទាប​ប្រមាណ ១ ៧៤០ ​នាក់​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល​។ ចំណែក​ម្ចាស់​ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​ផ្នែក​បដិសណ្ឋារកិច្ច គ្រូ​បណ្តុះបណ្តាល​នៅ​មន្ទីរ​ទេសចរណ៍​ខេត្ត គ្រូ​បណ្តុះបណ្តាល អ្នក​វាយតម្លៃ​តាម​សហគ្រាស​ប្រមាណ ១៧០ នាក់​ក៏​នឹង​ទទួលបាន​ការពង្រឹង​សមត្ថភាព​ផងដែរ​»​។

ក្រសួង​ទេសចរណ៍​បញ្ជាក់​ថា ក្នុង​គម្រោង​អភិវឌ្ឍន៍​ជំនាញ​ជំហាន​ទី​ ១ ​ក្រសួង​បាន​ធ្វើការ​ជាមួយ​ទីភ្នាក់ងារ SDC នៅ​ខេត្តក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ដោយបាន​បណ្តុះបណ្តាល​យុវជន​លើ​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ក្នុង​កម្មវិធីសិក្សា​ពេញ​ម៉ោង​ ១៦០ ​រូប​ បណ្តុះបណ្តាល​អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ ៣៨៩ ​រូប​ ប្រជាសហគមន៍​ទេសចរណ៍​ ៤៨០ ​រូប គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​គ្រូ​បង្គោល​ចំនួន ៩១ ​រូប​ ព្រមទាំង​បាន​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍​តាមរយៈ​យន្តការ​វាយតម្លៃ​ការសិក្សា​ពី​មុន​ចំនួន ១ ១៦៧ ​រូប​៕