ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ​បាន​ប្រកាស​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ ​របស់​ប្រទេស​ថៃ​បាន​ធ្វើការ​សុំទោស និង​ដកយក​រូប​ប្រាសាទ​អង្គរវត្ត​ចេញពី​ផ្ទៃ​ខាងក្រោយ​នៃ​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​របស់គេ​ហើយ បន្ទាប់ពី​មានប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​កម្ពុជា​។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ដែល​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​នឹង​លិខិត​របស់លោក ចាក់គ្រីត ឌីរេកវឌ្ឍនាឆៃ អគ្គនាយករង​ផ្នែក​កិច្ចការ​សាជីវកម្ម​នៃ​ក្រុមហ៊ុន BEC Multi media Company Limited បាន​ឱ្យ​ដឹងថា ការសុំ​ទោស​នេះ​បាន​ធ្វើឡើង​ក្រោយពី​ស្ថានទូត​កម្ពុជា​បាន​ទំនាក់ទំនង​ទៅកាន់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣ ដើម្បី​សុំ​ការបកស្រាយ ដោយសារ​កុន​នេះ​មិន​ពាក់ព័ន្ធ​នឹង​កម្ពុជា​។

លិខិត​ដដែល​នេះ​បានឱ្យ​ដឹងថា បន្ទាប់ពី​ទទួល​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​តាម​កម្មវិធី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​កុន​ភាគ​ថៃ​មួយ​មាន​ចំណងជើង​ថា «​សន្យាស្នេហ៍​» ដែល​បាន​ចាក់ផ្សាយ​នៅក្នុង​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ ៣ ដោយបាន​យក​រូប​ប្រាសាទ​អង្គរវត្ត​ទៅ​ដាក់​ផ្ទៃ​ខាងក្រោយ​នៃ​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​។

សារលិខិត​នោះ​ក៏បាន​សន្យាថា​នឹង​គ្មាន​រូបភាព​ប្រាសាទអង្គរវត្ត លេច​ឡើង​នៅលើ​សម្ភារ​ផ្សព្វផ្សាយ​នៃ​រឿង «​សន្យាស្នេហ៍​»​ តទៅទៀត​ទេ​។ «​យើងខ្ញុំ​គ្មាន​បំណង​ប្រើប្រាស់​រូបភាព​ប្រាសាទអង្គរវត្ត​ក្នុង​ន័យ​ទុច្ចរិត​ណាមួយ​ឡើយ​។ យើងខ្ញុំ​នឹង​បន្ត​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដែល​កើតឡើង​នាពេល​អនាគត ដែល​នាំឱ្យ​ខូចខាត​ទំនាក់ទំនង​ប្រទេស​យើង​ទាំង​ ២»​។

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​បានឱ្យដឹងថា អង្គរវត្ត​គឺជា​បេតិកភណ្ឌ​ពិភពលោក​។ ការប្រើប្រាស់​រូបភាព​ប្រាសាទអង្គរវត្ត​មិន​តម្រូវឱ្យ​សុំ​សិទ្ធិ​សេដ្ឋកិច្ច​ទេ តែ​ត្រូវសុំ​សិទ្ធិ​សីលធម៌​»៕