ភ្នំពេញៈ សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ (UNCTAD) ​ព្រមទាំង​គណៈកម្មការ​ចំនួន​ ៥ ​ក្នុង​តំបន់​របស់​អង្គការ​សហប្រជាជាតិ​រួម​កម្លាំង​គ្នា​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ពាណិជ្ជកម្ម និង​ដឹកជញ្ជូន​ដែល​កើតឡើង​ពី​ការរាលដាល​ដោយ​ជំងឺ​កូវីដ​១៩​។

គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ (UNESCAP) ​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៨ ឧសភា​ថា​គម្រោង​រួម​ថ្មី​របស់​អង្គការ​សហប្រជាតិ​កំពុង​ស្វះស្វែង​ជួយ​រដ្ឋាភិបាល និង​ពាណិជ្ជកម្ម រក្សា​បណ្តាញ​ដឹកជញ្ជូន និង​ប្រតិបត្តិការ​ព្រំដែន ហើយ​ជួយ​សម្រួល​លំហូរ​ទំនិញ និង​សេវាកម្ម ខណៈ​ដែល​ខ្លួន​កំពុង​ទប់ស្កាត់​ការឆ្លង​វីរុស​កូរ៉ូណា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​គម្រោង​ដែល​បាន​ចាប់ផ្តើម​ដំណើរការ​ខែ​នេះ​នឹង​អនុវត្ត​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ បទដ្ឋាន គោលការណ៍​ណែនាំ ម៉ែត្រសាស្ត្រ ឧបករណ៍ និង​វិធីសាស្ត្រ ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​កសាង​ការងើប​ឡើងវិញ​ផ្នែក​ដឹកជញ្ជូន ពាណិជ្ជកម្ម និង​ភ័ស្តុភារ​​ បន្ទាប់ពី​ព្រឹតិ្តការណ៍​កូវីដ​១៩»​។

គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ UNCTAD និង​គណៈកម្មការ​ក្នុង​តំបន់​របស់​អង្គការ​សហប្រជាជាតិ​ទាំង​ ៥ ​ដែល​មាន​អាហ្វ្រិក​ (ECA) អឺរ៉ុប​ (ECE) អាមេរិក​ឡាទីន និង​ការីប៊ីន​ (ECLAC) ​អាស៊ី​ប៉ាស៊ីហ្វិក​ (ESCAP) និង​អាស៊ី​ខាងលិច​ (ESCWA)​។

គម្រោង​នេះ​មាន​វិសាលភាព​ក្នុង​ពិភពលោក និង​ក្នុង​តំបន់​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការផ្លាស់ប្តូរ​នូវ​បទពិសោធ​ល្អៗ និង​ចំណេះដឹង​រវាង​គ្នា​ទៅវិញ​ទៅមក​ក្នុង​ពិភពលោក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ «​គម្រោង​នេះ ស្វះស្វែង​បំពាក់​ឧបករណ៍​ដល់​រដ្ឋាភិបាល​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍ​តិច​បំផុត ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ស្ថានភាព​ថ្មី​ក្រោយពី​ជំងឺ​កូវីដ​១៩ ដោយ​ប្រើប្រាស់​ឯកទេស បទដ្ឋាន ឧបការណ៍ និង​គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ ខណៈ​ដែល​កំពុង​ពិចារណា​ស្ថានភាព​ជាក់លាក់​ក្នុង​តំបន់​របស់​ពួកគេ​»​។

អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​លោក​ ឈួន វ៉ន់ ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៨ ខែឧសភា ថា​ប្រសិន​បើ​អង្គការ​សហប្រជាជាតិ​ចង់​ជំរុញ​ការដឹកជញ្ជូន លោកស្វាគមន៍​គំនិត​នេះ ដើម្បី​ទទួល​យក​គម្រោង​ផ្សេងៗ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​។ ស្ថានភាព​ដឹកជញ្ជូន​បច្ចុប្បន្ន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ចំពេល​ការរាលដាល​កូវីដ​​ ១៩​។ ការដឹកជញ្ជូន​ឆ្លងកាត់​នៅ​​តាម​ព្រំដែន​បាន​បើក​សម្រាប់​ការដោះដូរ​ទំនិញ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​ការដឹកជញ្ជូន​អ្នក​ដំណើរ​មិន​ត្រូវ​បាន​អនុញ្ញាត​។

លោក​ថ្លែងថា​៖ «​ដូចនេះ ស្ថានភាព​ដឹកជញ្ជូន​អាច​មាន​ការធ្លាក់ចុះ​បន្តិច​។ ប្រសិនបើ វិស័យ​ផ្សេងៗ​បាន​បើក​ឡើងវិញ នោះ​វិស័យ​ដឹកជញ្ជូន​នឹង​ងើបឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​។ ក្រសួង​របស់​យើង​តែង​លើកទឹកចិត្ត និង​ស្វាគមន៍​កិច្ចសហប្រតិបត្តិការ ប្រសិន​បើ​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ណាមួយ​ចង់​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន ដើម្បីឲ្យ​វិស័យ​ដឹកជញ្ជូន​បាន​ប្រសើរ​»​។

អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​លោកស្រី ប៉ូលីន ថា​មេស៊ីស​ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​ ជាមួយ​ក្រុម​ប្រទេស​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ ៣០ ខែមេសា ថា​ដូច​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រដ្ឋាភិបាល​កម្ពុជា​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ដ៏ស្មុគស្មាញ នៅពេល​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​​ ១៩​។ មិន​គ្រាន់តែ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​វិស័យ​ផ្សេងៗ​ដូចជា ការអប់រំ ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​។

លោកស្រី​បាន​ថ្លែងថា​៖ «​ហើយ​ទោះបី​មិនទាន់​ផ្ទុះ​ជំងឺ​ធំ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ ក៏​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ខាងក្រៅ​កំពុង​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​រួចជាស្រេច​។ វិស័យ​នាំមុខ​គឺ​វាយនភ័ណ្ឌ ទេសចរណ៍ និង​សំណង់ កំពុង​ស្ថិត​ក្រោម​សម្ពាធ​ធ្ងន់​ដែល​បណ្តាល​ឲ្យ​មាន​ទិន្នផល​កាន់តែ​ទាប និង​ការបញ្ឈប់​បុគ្គលិក​ច្រើន ហើយ​នឹង​មាន​ផលប៉ះពាល់​ប្រយោល​លើ​វិស័យ​ផ្សេងៗ​ផងដែរ​។ ប្រទេស​កម្ពុជា​ត្រូវ​ប្រឈម​នឹង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​បើកចំហ​ខ្លាំង តែ​ក៏​ជា​ប្រទេស​មួយ​មាន​មូលដ្ឋាន​សេដ្ឋកិច្ច​ចង្អៀត​ជាមួយ​ជម្រើស​ផ្សេង​មួយចំនួន​»៕