ភ្នំពេញៈ អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ដៃគូ​ផ្ដល់​ជំនួយ​សប្បុរសធម៌​ផ្សេងទៀត​បាន​កំពុង​ចាប់ផ្ដើម​ដំណើរការ​ផែនការ​ឆ្លើយតប​គ្រោះ​ទឹកជំនន់​ឆ្នាំ​ ២០២០ ​ដោយ​គ្រោង​រៃអង្គាស​ថវិកា​ឱ្យបាន​ជាង​ ៩ ​លាន​ដុល្លារ​ដើម្បី​យកមក​ជួយ​ពលរដ្ឋ​ ២៣ ​ម៉ឺន​ ៧ ​ពាន់​នាក់ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។

បើតាម​ឯកសារ​ដែល​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​កិច្ចការ​សម្របសម្រួល និង​មនុស្សធម៌​ហៅ​កាត់ OCHA បាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​កាលពី​សប្ដាហ៍​មុន ពលរដ្ឋ​កម្ពុជា ៨០ ​ម៉ឺន​នាក់​នៅក្នុង​ខេត្ត​ចំនួន​ ១៩ បាន​រង​ការប៉ះពាល់​ពី​គ្រោះទឹកជំនន់ បណ្ដាល​មកពី​ទឹកភ្លៀង​កាលពី​ខែ​តុលា​ដែល​ក្នុង​ចំនួន​នេះ មនុស្ស​ជិត ៣៩ ​ម៉ឺន​នាក់​កំពុង​ត្រូវការ​ជំនួយ​។ ប៉ុន្តែ​ផែនការ​ឆ្លើយតប​ដែល​កំពុង​ចាប់ផ្ដើម​នេះ​សំដៅ​លើ​តែ​ជនរងគ្រោះ ២៣ ​ម៉ឺន ៧ ​ពាន់​នាក់​ប៉ុណ្ណោះ ដោយ​ត្រូវការ​ថវិកា​សរុប​ ៩,៤៣ ​លាន​ដុល្លារ​។

បើតាម​ឯកសារ​ដដែល​នៅពេល​ប្រមូលបាន​គ្រប់គ្រាន់ ថវិកា​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ជំនួយ​សង្គ្រោះ​ជីវិត និង​គាំពារ​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ព្យុះ ទឹកជំនន់ និង​ការផ្ដល់​ជា​សេវា​មូលដ្ឋាន​នានា​។ ថវិកា​នេះ​នឹង​ប្រើប្រាស់​ក្នុង​រូប​ភាពជា​ជំនួយ​សម្រាប់​វិស័យ​ចម្រុះ​ដែល​ជួយ​ដល់​ក្រុម​ងាយ​រងគ្រោះ​រួមមាន​អ្នក​បាត់បង់​ទីជម្រក កុមារ​ងាយ​រងគ្រោះ និង​ក្រុម​ផ្សេងទៀត​។

លើសពីនេះ​ទៀត ថវិកា​នេះ​ក៏​នឹង​ប្រើ​សម្រាប់​គាំទ្រ​ដល់​ការស្ដារ​ជីវភាព និង​ការពឹង​អាស្រ័យ​លើ​ខ្លួនឯង​ឡើងវិញ​។ វា​ក៏​នឹង​ប្រើ​ជា​ជំនួយ​ក្នុង​លក្ខណៈ​មួយ ដែល​ចូលរួម​បញ្ចៀស​នូវ​ហានិភ័យ​ជំងឺ​កូវីដ​១៩​ក្នុង​ចំណោម​អ្នករងគ្រោះ​ពី​គ្រោះធម្មជាតិ​។

នៅក្នុង​ខែ​តុលា​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ​មួយចំនួន និង​គ្រោះទឹកជំនន់​ដែល​បណ្ដាលឱ្យ​មនុស្ស​ ៤២ ​នាក់​បាត់បង់​ជីវិត​។ មនុស្ស​ជាង​ ២ ​លាន​នាក់​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​ប៉ុន្តែ ៨០ ​ម៉ឺន​នាក់​បាន​រង​ផលប៉ះពាល់​ដោយផ្ទាល់​។ ក្នុងចំណោម​អ្នក​រងគ្រោះ​មាន​ ៣៨ ​ម៉ឺន​ ៨ ​ពាន់​នាក់ ​គឺជា​អ្នក​ងាយ​រងគ្រោះ​ដោយសារ​ពួកគេ​គឺជា​អ្នក​ដែល​ត្រូវបាន​កំណត់ថា​ជា​អ្នកក្រីក្រ (IDpoor)​។ លើសពីនេះ គ្រោះមហន្តរាយ​នេះ​ក៏​ធ្វើឱ្យ​ប៉ះពាល់​ដល់ផ្ទះ​ជាង​ ១៦ ម៉ឺន​ខ្នង​។ នេះ​បើតាម​ OCHA ដែល​បាន​ស្រង់​ទិន្នន័យ​ពី​រដ្ឋាភិបាល​កម្ពុជា​។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ថ្លែងប្រាប់​តាម​អ៊ីមែល​ថា អង្គការ​សហប្រជាជាតិ និង​ដៃគូ ក៏បាន​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដែរ ជាមួយ​នឹង​រដ្ឋាភិបាល​។ ផែនការ​ឆ្លើយតប​ថ្មី​នេះ​គឺ​ដើម្បី​កំណត់​អាទិភាព​ដែល​អង្គការ​នានា​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល​កាកបាទក្រហម​នឹង​អនុវត្ត ដើម្បី​បំពេញបន្ថែម​លើ​អ្វីដែល​រដ្ឋាភិបាល​បាន​ឆ្លើយតប​។

«​សកម្មភាព​ដែល​ដាក់​ចេញ​ក្នុង​ផែនការ​នេះ​ត្រូវ​បានផ្ដល់​អាទិភាព​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានាថា សកម្មភាព​ទាំងនោះ​នឹង​ជួយ​ដល់​ជីវិត​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​ដែល​រងគ្រោះ​ពី​ទឹកជំនន់​។ ជំនួយ​ទាំងនេះ​រួមមាន​ការឆ្លើយតប​ទៅនឹង​សេចក្ដី​ត្រូវការ​ផ្នែក​មនុស្សធម៌​បន្ទាន់ ក៏ដូចជា​សកម្មភាព​ស្ដារឡើងវិញ​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​ជួយ​ឱ្យ​ពួកគេ​ឱ្យ​វិល​ទៅរក​ស្ថានភាព​ធម្មតា​វិញ​»​។

ក្រៅពី​គ្រោះទឹកជំនន់​នៅ​តាម​តំបន់​មួយចំនួន​កម្ពុជា​ក៏​រងគ្រោះ​ដោយសារ​ភាពរាំងស្ងួត​ដែរ​។ គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​បាន​បង្ក​ផលប៉ះពាល់​លើ​ផ្ទៃដី​ផលិតកម្ម​ស្រូវ​ជាង​ ៣១ ​ម៉ឺន​ហិកតា ប៉ុន្តែ​បាន​ធ្វើឱ្យ​ខូចខាត​តែ​ជាង​ ១២ ​ម៉ឺន​ហិកតា​ប៉ុណ្ណោះ​។

ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​នេះ រាជរដ្ឋាភិបាល​បាន​ចែក​ពូជស្រូវ​ជាង​ ៦៤៣៤ ​តោន​ដល់​ពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្ត​ចំនួន​ ១៩ និង​ពូជ​បន្លែ​ជាច្រើន​ប្រភេទ​ទៀត​។ នេះ​បើតាម​សារាចរ​ណែនាំ​របស់​ក្រសួង​កសិកម្ម​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ ១៣ វិច្ឆិកា​៕