ភ្នំពេញៈ អង្គការ​សហប្រជាជាតិ (UN) និង​ដៃគូ​មនុស្សធម៌​កំពុង​សម្របសម្រួល ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​ជាបន្ទាន់​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​នាគារ ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ក្នុង​សហគមន៍​ ២០ ​កុម្ភៈ​ ដល់​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ​ចំនួន​ ៣៤ ​នាក់​កាលពី​ថ្ងៃទី​ ៨ ​ឧសភា​។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ១៩ ខែឧសភា​ថា ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ដើម​ឆ្នាំមុន​មក​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​ធ្វើការ​តស៊ូ​មតិ​ជាប្រចាំ ដើម្បីឱ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ និង​ច្បាប់​ជាពិសេស​អំពាវនាវ​ឱ្យមាន​ការដោះលែង​ទ្រង់ទ្រាយ​ធំ និង​ការប្រើ​វិធី​ជំនួស​ក្នុង​ការឃុំខ្លួន​ជាពិសេស​ចំពោះ​ជនល្មើស​ដែល​មានទោស​កម្រិត​ទាប និង​អ្នកទោស​ងាយ​រងគ្រោះ​។

លោកស្រី​ថ្លែងថា​៖ «​តាមរយៈ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ UN បាន​សហការ​ជាមួយ​អាជ្ញាធរ​ពន្ធនាគារ និង​ដៃគូ​មនុស្សធម៌ ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​នៅ​ទីនោះ​។ អង្គការ​សហប្រជាជាតិ​នឹង​ផ្តល់​ការគាំទ្រ​ដល់​អ្នកទោស ដែល​រង​ផលប៉ះពាល់ និង​ការត្រៀម​បង្ការ​ដើម្បី​ការពារ​ចំពោះ​ការផ្ទុក​មេរោគ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​»​។

UN នៅ​កម្ពុជា​នឹង​បរិច្ចាគ​នូវ​សម្លៀកបំពាក់​សម្រាប់​ពាក់​ការពារ​ជំងឺ​កូវីដ​ ១៩ របាំងមុខ ម៉ាស់​ពាក់​ការពារ​មុខ និង​ស្រោមដៃ ស្បែកជើង​កវែង ឧបករណ៍​ធ្វើតេស្ត​រហ័ស និង​ថ្នាំ​វីតាមីន​ដល់​ជនជាប់ឃុំ​ដែល​រងគ្រោះ និង​បុគ្គលិក​ពន្ធនាគារ ដែល​រង​ផលប៉ះពាល់​តាម​ការស្នើសុំ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​។

លោកស្រី​បន្តថា អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការទទួល​បាន​ព័ត៌មាន​ថ្មីៗ​ជាប្រចាំ​ពី​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​អំពី​ស្ថានភាព​នៅក្នុង​ពន្ធនាគារ ទាក់ទង​នឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ជា​ការបង្ការ​ការផ្ទុះ​ឡើង​កាន់តែ​ធំ​នៅក្នុង​ពន្ធនាគារ​កម្ពុជា​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​លើក​ទឹកចិត្ត​ដល់​អាជ្ញាធរ​ពន្ធនាគារ និង​សុខាភិបាល​ឱ្យ​បន្ត​ការពិភាក្សា​ជា​ទៀងទាត់​តាមរយៈ​ក្រុមការងារ​អន្តរក្រសួង​ស្តីពី​សុខភាព​ក្នុង​ពន្ធនាគារ​ដែល​បង្កើតឡើង​ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល​ ដើម្បី​ធានាបាន​នូវ​ការទំនាក់ទំនង​ការសម្របសម្រួល និង​ការអនុវត្ត​នីតិវិធី និង​ផែនការ​ដែល​អាចអនុវត្ត​បាន​គ្រប់គ្រាន់​»​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ ​ឧសភា​ថា សម្ភារ​ចាំបាច់​ដែល​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានដាក់​ស្នើ​ទៅ UN រួមមាន​សម្ភារ​សម្រាប់​ប្រើប្រាស់​ដែល​ត្រូវ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែលមាន​ជំងឺ​កូវីដ​១៩ ដូចជា​ឯកសណ្ឋាន សម្រាប់​ពាក់​ការពារ​ពេល​ជួប​ជាមួយ​អ្នកជំងឺ​កូវីដ​ ១៩​ និង​ជាពិសេស គឺ​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ (Rapid Antigen Test COVID-19) និង​ថ្នាំ​សម្រាប់​ព្យាបាល​។

លោក​បាន​ថ្លែងថា សម្ភារ​ ៣ ​មុខ​នេះ គឺជា​វត្ថុ​ចាំបាច់​ដែល​ខាង​ពន្ធនាគារ​ត្រូវការ​។ ក្រៅពីនេះ​ក៏បាន​ស្នើសុំ​សម្ភារ​បន្ទាប់បន្សំ​បន្ថែមទៀត ដូចជា​សម្ភារ​អនាម័យ​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​គាត់ (UN) បាន​ឆ្លើយតប​មក​យើង​វិញ​ថា គាត់​នឹង​ជួយ​។ យើង​បានដាក់​តារាង អំពី​សម្ភារ​ចាំបាច់​ជូនទៅ​គាត់​ហើយ រួម​ជាមួយ​នឹង​គោលដៅ​ដែល​ត្រូវ​ចែកចាយ គឺ​យើង​បាន​ធ្វើការ​ជាមួយ​គាត់​ហើយ​»​។

លោក​បញ្ជាក់ថា​៖ «​ខាង UN គាត់​មាន​ភ្នាក់ងារ​មួយចំនួន ដែល​កំពុង​ធ្វើការងារ​នេះ​ជាមួយ​យើង គ្រាន់តែ​ថា សម្ភារ​ទាំងនេះ​មកដល់​ពេលណា​នោះ​គឺអាច​ប្រហែលជា​មកដល់​ក្នុង​សប្ដាហ៍​ក្រោយ​»​។

បើតាម​លោក សវនា ចំពោះ​ស្ថានភាព​ជន​ជាប់ឃុំ​ដែល​វិជ្ជមាន​ជំងឺ​កូវីដ​១៩ គឺ​គ្មាន​បញ្ហា​​អ្វី​ទេ ពួកគាត់​កំពុងតែ​សម្រាក​ព្យាបាល​ដោយ​ក្រុមការងារ​ជំនាញ បាន​តាមដាន​សុខភាព​ពួកគាត់​ជាប្រចាំ​។

បើតាម​លោក​ សវនា បច្ចុប្បន្ន​មិន​មាន​ជន​ជាប់ឃុំ​ណា​ម្នាក់​នៅក្នុង​ពន្ធនាគារ ខេត្ដ​ព្រះសីហនុ​មាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ទៀត​នោះទេ ក្រោយពី​រកឃើញ​ជន​ជាប់ឃុំ​ចំនួន ៣៤ ​នាក់​ វិជ្ជមាន​កូវីដ​កាលពី​ថ្ងៃទី​ ៨ ខែ​ឧសភា​ កន្លងទៅ​។ ចំពោះ​ជនជាប់ឃុំ​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត នឹង​ត្រូវ​ធ្វើតេស្ដ​លើក​ទី​២ នៅ​ថ្ងៃទី​ ២៣ ខែឧសភា​៕

វីដេអូ៖