ភ្នំពេញៈ ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ និង​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​ (SDC) ព្រមទាំង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ផ្សេងទៀត​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​ចុះហត្ថលេខា​លើ​កម្មវិធី​ «​ភាព​មាន​ការងារ​សមរម្យ​សម្រាប់​យុវជន ឬ DEY» ​វគ្គ​ ២ ​ដែល​មាន​រយៈពេល ៤ ​ឆ្នាំ​ ក្នុង​គម្រោង​ទឹកប្រាក់​ប្រមាណ​ជាង​ ៨ ​លាន​ដុល្លារ​។

បើតាម​ឯកសារ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​ពិធី​នេះ​ថវិកា​សរុប​សម្រាប់​កម្មវិធី DEY ដំណាក់កាល​ទី​ ២ គឺ​មាន​ ៨,៤៨ លាន​ដុល្លារ​ ក្នុងនោះ​ទឹកប្រាក់​ ៤ ​លាន​ដុល្លារ​ជា​ថវិកា​ផ្តល់​ដោយ SDC និង ៤,៤៨ លាន​ដុល្លារ​ទៀត​ជា​ថវិកា​ដែល​បានមកពី​មូលនិធិ​ស្នូល​របស់​ទីភ្នាក់ងារ​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ពី​អ្នកផ្តល់​ជំនួយ​ដទៃទៀត​ពី​វិស័យ​ឯកជន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

DEY គឺជា​កម្មវិធី​មួយ​ដែល​ត្រូវ​បាន​ប្រកាស​ដំណើរការ​តាំងពី​ឆ្នាំ​ ២០១៧ ហើយ​បាន​បិទ​បញ្ចប់​ក្នុង​ដំណាក់កាល​ទី​ ១ កាលពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៩ ដោយ​មាន​ការគាំទ្រ​ពី SDC រួម​នឹង​ដៃគូ​គាំទ្រ​ដទៃទៀត​។

អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពីថ្ងៃ​ចន្ទ​ថា កម្មវិធី​ដំណាក់កាល​ទី ២ ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​តាំងពី​ខែ​មករា ឆ្នាំ​ ២០២០ ដែលមាន​រយៈពេល​ ៤ ​ឆ្នាំ​ក្រោម​ការដឹកនាំ និង​រៀបចំ​ដោយ​ការិយាល័យ​អ្នកសម្របសម្រួល UN ។

នៅក្នុង​កិច្ចសហប្រតិបត្តិការ​នេះ​ក៏​រួមមាន​ស្ថាប័ន​រដ្ឋាភិបាល និយោជក និង​កម្មករ​និយោជិក ទទួល​បាន​ការគាំទ្រ​ពី​គម្រោង​ដំណាក់កាល​ទី​ ២ នេះ​ដោយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់នូវ​គន្លឹះ​មួយ​ចំនួន ដើម្បី​អន្តរាគមន៍​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​វិស័យ​ការងារ​ការបណ្តុះបណ្តាល ការអប់រំ​ និង​ប្រាក់ចំណូល​។

UN បញ្ជាក់ថា​៖ «​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​គម្រោង​ថ្មី​នេះ​នឹង​ទទួលបាន​យុទ្ធសាស្ត្រ​ព្រមទាំង​ថវិកា​ប្រមាណ​ ៤ ​លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​ស្វ៊ីស​ក្រោម​ការអភិវឌ្ឍ និង​សហការ ខណៈ​ដំណាក់កាល​ទី​ ២ ​នេះ​នឹង​បន្ត​ពង្រីក​គំនិត​ផ្តួចផ្តើម​ក្នុង​វគ្គ​ទី​ ១ ​ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការជួយ​ដល់​យុវជន​ដែល​ជា​ស្ត្រី​ និង​បុរស​ក្នុង​ការទទួល​បាន​ឱកាស​ការងារ​សមរម្យ និង​ផលិតភាព​កាន់តែ​ច្រើនឡើង​»​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​នាឱកាស​នោះ​ថា គម្រោង​នេះ​នឹង​ជួយ​ដល់​យុវជន​ក្នុង​ការទទួល​បាន​ឱកាស​ការងារ និង​ប្រសិទ្ធភាព​ការងារ​កាន់តែ​ប្រសើរ ខណៈ​ពួកគេ​បាន​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ​១៩​។

លោក​ថា​៖ «​ការបន្ត​គម្រោង​នេះ​ដែល​មាន​ទឹកប្រាក់​ ៤ ​លាន​ដុល្លារ ​នឹង​ជួយ​គាំទ្រ​ដល់​គម្រោង​ក្នុង​ការជួយ​ដល់​យុវជន​ឲ្យ​ទទួល​បាន​ឱកាស​ការងារ​សមរម្យ​សម្រាប់​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៣ ហើយ​យើង​ក៏​នឹង​បន្ត​រួមគ្នា​ក្នុង​ការផ្តល់​ឱកាស​ដល់​កម្ពុជា​ក្នុង​ការលើកកម្ពស់​ការងារ​សមរម្យ ជាពិសេស​ដល់​យុវជន​»​។

កញ្ញា ហុក សុវណ្ណវត្តី តំណាង​ឲ្យ​យុវជន​ដែល​ទទួល​បាន​ការជួយ​គាំទ្រ​ពី​គម្រោង​នេះ​ថ្លែងថា ការប្រឈមមុខ​នឹង​ជំងឺ​កូវីដ​១៩ មួយរយៈ​ចុងក្រោយ​នេះ​បាន​​ធ្វើឲ្យ​យុវជន​មួយចំនួន​បាន​បាត់បង់​ការលើកទឹកចិត្ត​ដោយសារ​តែ​មិន​ត្រៀមខ្លួន​ទុកជាមុន ព្រោះ​តែ​ការផ្អាក​សកម្មភាព​ប្រចាំថ្ងៃ​ដែល​ធ្លាប់តែ​ធ្វើ​។ កញ្ញា បន្ត​ថា​ក្នុង​ឱកាស​នេះ​គឺជា​ពេល​ដ៏ពិបាក​សម្រាប់​កម្មករនិយោជិត​ជាពិសេស​សម្រាប់​ពលករ​ចំណាកស្រុក​ដែល​ធ្លាប់​ពឹង​អាស្រ័យ​លើ​ការងារ​នៅក្រៅ​ប្រទេស​។

កញ្ញា​បញ្ជាក់ថា​៖ «​ផលវិបាក​នេះ​មិន​ទាន់​រាប់បញ្ចូល​ការបិទ​ទ្វារ​សាលា​ក្លិប​កម្សាន្ត​នានា ដែល​ធ្វើឲ្យ​មនុស្ស​រាប់សែន​នាក់​មិន​មាន​ការងារ​ធ្វើ និង​សេវា​គាំពារ​សង្គម​។ អ្វីដែល​វិជ្ជមាន​នោះ គឺ​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​កាន់​តែ​មាន​ភាពល្អប្រសើរ​ដោយសារ​តែ​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​សម្រេចចិត្ត​ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដ៏ត្រឹមត្រូវ​។ ខ្ញុំ​រីករាយ និង​សង្ឃឹមថា កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ដំណាក់កាល​ទី​ ២ នេះ នឹង​បន្ត​អនុវត្ត ហើយ​ក៏​មាន​យុវជន​ដ៏​ច្រើន​នឹង​ទទួល​ផល​ពី​គម្រោង​នេះ​»៕