ភ្នំពេញៈ អង្គការ​សហប្រជាជាតិ​ (UN) ​ប្រចាំ​កម្ពុជា ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ ១០ ​ធ្នូ​ តាម​អនឡាញ រីឯ​អង្គការ​ក្នុងស្រុក​នឹង​ប្រារព្ធ​ទិវា​នេះ​នៅ​តាម​ទីតាំង​រៀងៗ​ខ្លួន ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​នូវ​ការរាលដាល​ក្នុង​សហគមន៍​ពី​ជំងឺ​កូវីដ​ ១៩​។

បើតាម​លោកស្រី Pauline Tamesis អ្នក​សម្របសម្រួល​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថ្លែង​តាម​អ៊ីមែល​កាលពី​សប្តាហ៍​មុន​ថា ក្រុមការងារ​របស់ UN ប្រចាំ​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ ១០ ធ្នូ តាម​អនឡាញ​ក្រោម​ប្រធានបទ​ «​សិទ្ធិ​ក្នុង​ការបង្កើត​» និង​ពិភពលោក​ល្អប្រសើរ​ជាង​មុន​ បន្ទាប់ពី​កូវីដ​ ១៩ ដែល​បញ្ហា​សិទ្ធិមនុស្ស​ត្រូវបាន​គេ​ចាត់ទុក​ជា​បេះដូង​នៃ​ការស្ដារ​ឡើងវិញ​។ ប្រធានបទ​នេះ​ក៏ត្រូវ​បាន​ជ្រើសរើស ដើម្បី​ធានា​ថា ក្មេង ស្ត្រី និង​បុរស គ្រប់​គ្នា អាច​ទទួលបាន​សិទ្ធិ និង​សេរីភាព​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​កាលពី ៧២ ​ឆ្នាំមុន​។

លោកស្រី​ថា ​ព្រឹត្តិការណ៍​តាម​អនឡាញ​នានា​នឹង​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ស្ថានទូត​ប្រទេស​ស៊ុយអ៊ែត​។

លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖ «​យុទ្ធនាការ​តាម​បណ្ដាញ​ឌីជីថល ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​ត្រូវ​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​ពេញ​ ១ ​ខែ​ធ្នូ​ នេះ ហើយ​យុទ្ធនាការ​នេះ​នឹង​បង្ហាញ​ការងារ​របស់​សិល្បករ តន្ត្រីករ តារាសម្ដែង អ្នក​របាំ​នានា​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ដោយ​ផ្អែកលើ​ដំណើរការ​តាម​បែប​ចូលរួម​របស់​ផលិតកម្ម​សិល្បៈ​ទៅជា​ការបង្ហាញ​ដែលមាន​តន្ត្រី​បូក​នឹង​រូបភាព​»​។

បើតាម​លោកស្រី Tamesis ការប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នៅ​កម្រិត​សកល​ដែល​ធ្វើឡើង​ក្នុងពេល​មាន​ការរាតត្បាត​នៃ​កូវីដ ​១៩ នឹង​ផ្ដោត​ទៅលើ​ «​ការស្ដារ​ឡើងវិញ​ឱ្យ​ប្រសើរ​ជាង​មុន​» ​ដោយ​ការធានា​ថា សិទ្ធិមនុស្ស​គឺជា​ស្នូល​នៃ​កិច្ចប្រឹងប្រែង​ស្ដារ​ឡើង​វិញ​។ ប្រធានបទ​នេះ​ចង់បង្ហាញ​ពី​ភាពចាំបាច់​នៃ​សិទ្ធិមនុស្ស​ក្នុង​ការកសាង​ពិភពលោក​ឡើងវិញ និង​បង្ហាញ​ថា​ពិភពលោក​ត្រូវការ​សាមគ្គីភាព​សកល​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក និង​ភាព​ជា​មនុស្ស​។

ស្រដៀង​គ្នា​នេះ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក៏​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​ ១០ ​ធ្នូ​តាម​អនឡាញ​ដែរ ដើម្បី​បញ្ចៀស​ហានិភ័យ​កូវីដ ​១៩​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែង​កាលពី​ថ្ងៃទី​ ៦ ធ្នូ ថា​៖ «​កាលពី​មុន យើង​ជួបជុំ​គ្នា និង​ចេញ​សារ​ក្នុង​ទម្រង់​ជា​វីដេអូឃ្លីប​ដើម្បី​អប់រំ​ដល់​សាធារណជន​អំពី​សិទ្ធិ​មនុស្ស​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​កូវីដ​ ១៩ ឆ្នាំ​នេះ​យើង​នឹងមិន​ធ្វើការ​ជួបជុំគ្នា​ទេ​។ យើង​នឹង​ចេញ​ស្ប៉ត​វីដេអូ​អប់រំ​អំពី​សិទ្ធិ​មនុស្ស និង​មាន​សារ​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។

កាលពី​សប្ដាហ៍​មុន​សាលា​រាជធានី​ភ្នំពេញ​បាន​សុំឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ពន្យារ​ការប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​អ្នកចូលរួម​ប្រមាណ ១ ៥០០ ​នាក់ ​ក្នុង​ពេល​ដែល​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

លោក រស់ សុដ្ឋា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ស្នើសុំ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ ១០ ធ្នូ ឱ្យ​ដឹងពី​ថ្ងៃទី​ ៦ ធ្នូ ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់ស្រប​តាម​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការពន្យារពេល​ជួបជុំ​។ ការជួបជុំ​នឹង​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​តូច​នៅតាម​អង្គការ​នានា ដោយ​គោរព​តាម​វិធាន​សុខាភិបាល​ពាក់ព័ន្ធ​នឹង​កូវីដ​ ១៩​។

ទោះ​យ៉ាងណា​លោក​ថា ក្រុម​អង្គការ​នៅតែ​រក្សា​ផែនការ​ជួបជុំ​គ្នាច្រើន​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​អ្នក​ចូលរួម​ ១ ៥០០ ​នាក់​ដដែល​។ ក្រុម​អង្គការ​នឹង​ជួប​ជាមួយ​សាលា​រាជធានី​នៅ​ថ្ងៃទី​ ១៥ ធ្នូ ម្ដង​ទៀត​ដើម្បី​ជូនដំណឹង​អំពី​គម្រោង​ជួបជុំ​នៅ​ថ្ងៃទី​ ២០ ​ធ្នូ មាន​គ្នា ១ ៥០០ ​នាក់​ នៅ​ទីលាន​ប្រជាធិបតេយ្យ​។

លោក​ថ្លែងថា​៖ «​យើង​មិន​ចង់​បំភ្លេច​ទិវា​ដ៏សំខាន់​នេះ​ទេ ពីព្រោះ​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​នឹង​ជីវិត ហើយ​វា​ក៏​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ប្រទេស​ដែរ​។ កម្ពុជា​យើង​មាន​បទពិសោធ​សោកនាដកម្ម​សិទ្ធិមនុស្ស​ជា​យូរ​មកហើយ គឺ​ ៣ ​ទសវត្សរ៍​មកហើយ​។ ដូច្នេះ​យើង​ត្រូវតែ​ចងចាំ​ទិវា​នេះ​»​។

ជាមួយ​គ្នា​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​កំណត់​យក​ខែធ្នូ​នេះ​ដើម្បី​ធ្វើ​សកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ខួប​ ៧០ ​ឆ្នាំ ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​។ ប្រធានបទ​នេះ​ក៏ត្រូវ​បានជ្រើសរើស​ស្រប​តាម​ទិវា​សិទ្ធិមនុស្ស​ផងដែរ​។ នេះ​បើតាម​អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក លោក​ Chad Roedemeier​។

ប៉ុន្តែ​លោក​ ជិន ម៉ាលីន យល់ថា ការកំណត់​យក​ខែធ្នូ​សម្រាប់​ប្រធានបទ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​មិន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវីដ​ ១៩​ នោះទេ​។ ប៉ុន្តែ​លោក Roedemeier ថ្លែងថា ចាប់តាំងពី​មាន​ការផ្ទុះឡើង​នៃ​កូវីដ​ ១៩ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជាង​ ១១ ​លាន​ដុល្លារ​ដល់​កម្ពុជា ហើយ​ជា​ប្រទេស​ផ្ដល់​ជំនួយ​ច្រើនជាងគេ​ដល់​កម្ពុជា​លើ​បញ្ហា​នេះ​។

លោក Roedemeier បន្តថា មជ្ឈមណ្ឌល​គ្រប់គ្រង ទប់ស្កាត់ និង​កម្ចាត់​ជំងឺ​របស់​អាមេរិក​ក៏​ដូចជា​ទីភ្នាក់ងារ​សុខភាព​ផ្សេងទៀត​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើការ​ជា​ដៃគូ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា​អស់​រយៈពេល​ជាយូរ​មកហើយ ដោយ​រួមមាន​ទាំង​កម្មវិធី​កសាង​សមត្ថភាព​ផ្នែក​ឃ្លាំមើល និង​ការតាមរក​អ្នក​ប៉ះពាល់​អ្នកមាន​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ប្រជាជន​កម្ពុជា​គឺមាន​ច្រើន​ផ្នែក​។ តាមពិត​ទៅ​សូម្បីតែ​ក្នុង​ពេល​មាន​ការរាតត្បាត​ជំងឺ​នេះ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ឧបត្ថម្ភ​មាន​ទឹកប្រាក់​ ៧០ ​ម៉ឺន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​នៅតាម​សហគមន៍​ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់​»​។

ចាប់តាំងពី​ឆ្នាំ​ ១៩៩២ សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ជាង​ ១ ​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​លើ​កម្មវិធី​លើកកម្ពស់​សុខភាព អប់រំ ពង្រឹង​កសិកម្ម ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស​។ នេះ​បើតាម​លោក Roedemeier៕