ភ្នំពេញៈ អង្គការ​សហប្រជាជាតិ​ប្រកាស​ជំហរ​គាំទ្រ​ជិតស្និទ្ធ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការពង្រីក​របៀបវារៈ​នៃ​កិច្ច​គាំពារ​សង្គម ដើម្បី​ការពារ​ក្រុម​ងាយ​រងគ្រោះ​ដូចជា​កម្មករ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ និង​ពលករ​ចំណាកស្រុក​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ការរាតត្បាត​ដោយសារ​ជំងឺ​កូវីដ ១៩​។

កាលពី​ម្សិលមិញ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ បាន​ដឹកនាំ​កិច្ចពិភាក្សា​ជាមួយ​អង្គការ​ដៃគូ​នានា​ជាង​ ២០ ដែល​ស្ថិតក្នុង​ចង្កោម​អង្គការ​សហប្រជាជាតិ (UN) នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការរាតត្បាត​នៃ​ជំងឺ​នេះ​កំពុង​ពង្រីក​វិសមភាព​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សង្គម និង​សេដ្ឋកិច្ច​ហើយ​រឹតតែ​បង្កើន​ផលប៉ះពាល់​ខ្លាំង​ទៅ​ដល់​ក្រុម​ងាយ​រងគ្រោះ​ដូចជា​ស្ត្រី កុមារ យុវជន មនុស្ស​ចាស់ កម្មករ នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្រប​ពេលដែល​ពួកគេ​ទាំងនោះ រក​ប្រាក់កម្រៃ​បាន​ទាប​ស្រាប់​ទៅ​ហើយ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​រាជរដ្ឋាភិបាល​ដែល​បាន​ចាត់​វិធានការ​សារពើពន្ធ​ជា​កញ្ចប់​ឧបត្ថម្ភ​ទំហំ​ធំ​ដែល​បង្ហាញ​នូវ​ការពង្រីក​ការចំណាយ​យ៉ាងច្រើន​លើ​កិច្ចគាំពារ​សង្គម​។ អ.ស.ប រំពឹង​ថា​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការពង្រីក​របៀបវារៈ​នេះ ដើម្បី​ការពារ​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ដូចជា​កម្មករ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ និង​ពលករ​ចំណាកស្រុក​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​»​។

វិធានការ​គាំពារ​សុខភាព​ និង​ការគាំពារ​សង្គម​ក្នុង​ប្រទេស​ដទៃ​បាន​បង្ហាញថា មាន​សារៈសំខាន់​ជា​សារវន្ត​មិន​ត្រឹមតែ​ក្នុង​កាលៈទេសៈ​ទប់ទល់​ចំពោះ​វីរុស និង​ផ្តល់​សន្តិសុខ​លើ​ប្រាក់​ចំណូល​សម្រាប់​ក្រុមមនុស្ស​ដែល​ងាយរង​ផលប៉ះពាល់​ខ្លាំង​ជាងគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ធានា​ថា សេដ្ឋកិច្ច​អាច​នឹង​ធន់​ទ្រាំ​ចំពោះ​វិបត្តិ​ក្នុង​ពេល​បច្ចុប្បន្ន និង​ក្នុង​ពេលអនាគត​ផងដែរ​។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី Pauline Tamesis​។

លោកស្រី​បន្ថែម​ថា វិធានការ​សារពើពន្ធ​ទាំងនេះ​បើ​ត្រូវ​បាន​រៀបចំ​ឡើង​គឺជា​ការវិនិយោគ​ក្នុង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​វែង និង​ជាការ​ឆ្លើយតប​ជាបន្ទាន់​ដែល​ជួយ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ​បាន​ល្អប្រសើរ​នូវ​បញ្ហា​ប្រឈម​ផ្សេងៗ​។ បើទោះ​ជា​កម្ពុជា​ពុំទាន់​ឃើញ​សញ្ញា​ច្បាស់លាស់​អំពី​ការឆ្លង​ក្នុង​សហគមន៍​ក៏ដោយ​ក៏​ស្ថានភាព​នេះ​អាច​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ដែល​តម្រូវ​ឲ្យ​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច និង​បន្ស៊ាំ​ការឆ្លើយតប​ទៅ​តាម​ស្ថានភាព​នូវ​ការគំរាមកំហែង​នៃ​ការឆ្លង​ឆាប់រហ័ស​ទូទាំង​សហគមន៍ ខណៈ​ដែល​មិន​ដឹងថា ការរាតត្បាត​នេះ​នឹង​បញ្ចប់​នៅពេលណា​។

ដូច្នេះ​ស្របពេល​ដែល​ហានិភ័យ​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ លោកស្រី Tamesis ចង់​ឲ្យ​កម្ពុជា​ត្រូវ​បន្ត​ត្រៀមខ្លួន និង​កែលម្អ​វិធី​ដែល​អាច​ឆ្លើយតប​នឹង​ជំងឺ​កូវីដ ១៩ ដើម្បី​អាច​បញ្ឈប់ ឬ​ពន្យឺត​ការឆ្លង​វីរុស​នេះ​រួមទាំង​អាច​កាត់បន្ថយ​ឲ្យ​នៅ​កម្រិត​អប្បបរមា​នូវ​ផលប៉ះពាល់​ខាង​សុខភាព សង្គម និង​សេដ្ឋកិច្ច​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា អ្វីៗ​នឹង​ល្អ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​ត្រៀម​សម្រាប់​ករណី​ធ្ងន់ធ្ងរ​។ លើស​ពីនេះ​ផល​លំបាក​ខាង​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ការកើនឡើង​នៃ​ភាពគ្មាន​ការងារ​ធ្វើ និង​ភាពក្រីក្រ​ទំនង​ជា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយសារ​តែ​របាយ​ប្រាក់​ចំណូល​នៅ​កម្ពុជា ឃើញ​ថា​ប្រជាជន​ជាច្រើន​រស់នៅ​ជិត​បន្ទាត់​នៃ​ភាពក្រីក្រ​។ ស្ថានភាព​នេះ​ក៏​កាន់តែ​មាន​ការលំបាក​ថែម​ទៀត ដោយសារ​តែ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុជា​ទើបតែ​ចាប់ផ្តើម​វិវត្ត និង​លូតលាស់​»​។

លោក ម៉ម ប៊ុនហេង បាន​សាទរ​ចំពោះ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចូលរួម​ និង​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការបង្ការ ទប់ស្កាត់ និង​ឆ្លើយតប ព្រមទាំង​ការកាត់បន្ថយ​ផលប៉ះពាល់​នានា​ដែល​កើតមានឡើង​ពី​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​នេះ​។ លោក​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ចំពោះ​ការរាតត្បាត​នៅក្នុង​សហគមន៍​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ជា​ស្ថានភាព​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ធូរស្បើយ​ខ្លះ​ហើយ​ក៏​ដោយ ក៏​រាជដ្ឋាភិបាល​នៅតែ​បន្ត​រក្សា​នូវ​វិធានការ​ជាច្រើន​ដែល​កំពុង​អនុវត្ត​ប្រកប​ដោយ​ភាពម៉ឺងម៉ាត់ និង​ហ្មត់ចត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជាថ្មី​ម្តងទៀត​»​។

ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ ​១៩ រដ្ឋាភិបាល​បាន​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ៣០ ​លាន​ដុល្លារ​ ដល់​មូលនិធិ​សង្គ្រោះបន្ទាន់​របស់​ក្រសួង​សុខាភិបាល​ហើយ​បន្ថែម​ពីនេះ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ថវិកា​ចន្លោះ​ពី ៨០០ ​លាន​ដល់​ទៅ​ ២ ​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​កម្ពុជា​ដែល​រង​ផលប៉ះពាល់​ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ក្នុង​ពេល​ខាងមុខ​។ នេះ​បើ​តាម​លោក ម៉ម ប៊ុនហេង​៕