ភ្នំពេញៈ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ (UN) ​ស្តីពី​ការលុបបំបាត់​ការរើសអើង​លើ​ស្ត្រី នៅតែ​សម្តែង​ការព្រួយបារម្ភ​ពី​អំពើហិង្សា​ក្នុង​គ្រួសារ ឬ ការផ្សះផ្សា​ក្រៅ​ផ្លូវ​តុលាការ ការលើកកម្ពស់​បុរស​ជាង​ស្ត្រី និង​បញ្ហា​ស្ត្រី​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស ទោះបី​កម្ពុជា​បាន​បង្កើត​ផែនការ និង​គោលនយោបាយ ដើម្បី​លើក​កម្ពស់​ភាពស្មើគ្នា​រវាង​ស្ត្រី និង​បុរស និង​ការប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី​ក៏ដោយ​។

ក្នុង​ការចេញ​ផ្សាយ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា​ គឺជា​លទ្ធផល​នៃ​ការរកឃើញ​របស់​ខ្លួន​ស្តីពី​ស្ថានភាព​សិទ្ធិ​ស្ត្រី​នៅ​ប្រទេស​កម្ពុជា ហើយ​ដែល​ធ្វើឱ្យ​គណៈកម្មាធិការ​អង្គការ សហប្រជាជាតិ​ស្ដីពី​ការលុបបំបាត់ ការរើសអើង​លើ​ស្ដ្រី​មាន​ការព្រួយបារម្ភ​។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បាន​ត្រួតពិនិត្យ​លើ​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​លទ្ធផល​រកឃើញ​របស់​ខ្លួន​ក្នុង​អំឡុង​សម័យប្រជុំ​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី​ ២១ ​ខែ​តុលា​ដល់​ថ្ងៃទី​ ៨ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​ហ្សឺណែវ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​ការរកឃើញ​នេះ គឺជា​ការសន្និដ្ឋាន​ចុងក្រោយ បង្ហាញ​អំពី​របៀប​ដែល​រដ្ឋ​នីមួយៗ​កំពុង​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ដ្រី ការលម្អិត​អំពី​ការវិវឌ្ឍ​ជា​វិជ្ជមាន បញ្ហាសំខាន់ៗ​នៃ​ក្ដីបារម្ភ និង​អនុសាសន៍​សម្រាប់​ធ្វើ​សកម្មភាព​។

គណៈកម្មាធិការ​របស់​ UN នេះ​លើកឡើង​ថា​៖ «​ទោះ​យ៉ាងណា​ (​គណៈកម្មាធិការ​) ​នៅ​តែ​មាន​ការព្រួយបារម្ភ​អំពី​មធ្យោបាយ​ចម្បង​នៃ​ការដោះស្រាយ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ គឺ​ការផ្សះផ្សា​ក្រៅ​ផ្លូវការ​ដោយ​សមាជិក​ក្នុង​សហគមន៍​។ គោល​គំនិត​រើសអើង​ដែល​ធ្វើឱ្យ​មាន​ឧត្តមភាព​សម្រាប់​បុរស​នៅ​តែ​បន្ត​ចាក់ឫស​យ៉ាង​ជ្រៅ​នៅក្នុង​វប្បធម៌​ខ្មែរ​។ ស្ត្រី​ជាង​ ៦០ ​នាក់​ដែល​បាន​ធ្វើ​ជា​អ្នក​ពពោះ​ជំនួស ត្រូវ​បាន​ចាប់ខ្លួន និង​រង​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ចាប់​តាំងពី​មាន​ឧក្រិដ្ឋកម្ម​នៃ​ការ​ពពោះ​ជំនួស​ក្នុង​ឆ្នាំ​ ២០១៦»​។

ជុំវិញ​បញ្ហា​នេះ​លោក​ ផុន ពុធបូរី មន្ត្រី​នាំពាក្យ​ក្រសួង​កិច្ចការ​នារី​ថ្លែង​ថា ក្រសួង​កំពុង​បន្ត​ផ្សព្វផ្សាយ និង​តែងតែ​បង្ហាញ​ជំហរ​មិន​គាំទ្រ​ចំពោះ​ការ​ដោះស្រាយ​អំពើ​ហិង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ ព្រោះ​វា​គឺជា​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។

លោក​បន្តថា បច្ចុប្បន្ន​ក្រសួង​កិច្ចការនារី​ក៏​កំពុង​ខិតខំ​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើ​រើសអើង​លើ​ស្ដ្រី​។ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៣ ​មក​ចំនួន​ស្ដ្រី​ក្លាយជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ក្លាយជា​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​នៅក្នុង​រដ្ឋសភា​រួម​ទាំង​ចំនួន​ស្ដ្រី​ក្លាយជា​មេឃុំ​ផង​ទៀត​នោះ គឺ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។ លើសពី​នេះ​លោក​ថា ស្ដ្រី​ក៏​ត្រូវ​បាន​បញ្ចូល​ឱ្យ​ធ្វើ​ជា​អភិបាលរង​នៅ​គ្រប់​ខេត្ត​ទាំងអស់​។

លោក​ ផុន ពុធបូរី ថ្លែងថា​៖ «​កាលពី​ឆ្នាំ​ ១៩៩៣ យើង​សឹងតែ​គ្មាន​ស្ដ្រី​ជា​រដ្ឋលេខាធិការ ឬ​អនុរដ្ឋលេខាធិការ​។ ប៉ុន្តែ​ឥឡូវនេះ​សួរថា​យើង​មាន​សមាសភាព​ហើយ​ឬ​នៅ​។ យើង​អត់​ទាន់​មាន​សមាសភាព​ទេ​។ ប៉ុន្តែ​យើង​មាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​»​។

លោក​បាន​បន្ថែមថា ដោយឡែក​ក្រសួង​កិច្ចការនារី​ក៏​កំពុង​សម្របសម្រួល​ក្នុង​ការរៀបចំ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការពពោះ​ជំនួស​ដែល​ច្បាប់​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​កុំឱ្យ​មាន​ការកេងប្រវ័ញ្ច​លើ​ស្ដ្រី រួមទាំង​លើកកម្ពស់​ឧត្តម​ប្រយោជន៍​ដល់​កុមារ​ផង​ដែរ​៕