ភ្នំពេញៈ គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) ស្ដីពីការលុបបំបាត់ការរើសអើងពូជសាសន៍បាននិងកំពុងបើកសម័យប្រជុំសាធារណៈមួយនៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីសចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៣ ខែធ្នូ ដើម្បីពិនិត្យរបាយការណ៍របស់ប្រទេសចំនួន ៥ រួមទាំងកម្ពុជាផងដែរ ស្ដីអំពីការអនុវត្តអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។ ឯរបាយការណ៍ពីកម្ពុជានឹងត្រូវពិនិត្យនៅថ្ងៃទី ២៨-២៩ ខែវិច្ឆិកា។
សេចក្ដីប្រកាសព័ត៌មានមួយរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សកាលពីសប្ដាហ៍មុនបានបញ្ជាក់ថា ក្នុងចំណោមប្រទេសទាំង ១៨២ ប្រទេសនៃរដ្ឋភាគី អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ គឺមានចំនួន ៥ ប្រទេស។
ក្នុងនោះមានដូចជាប្រទេស កូឡុំប៊ី អៀរឡង់ អ៊ីស្រាអែល អូសប៊េគីស្ថាន និងប្រទេស កម្ពុជា ត្រូវបានតម្រូវឱ្យមានការពិនិត្យឡើងវិញជាទៀងទាត់លើរបៀបដែលប្រទេសទាំងនេះអនុវត្តតាមអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់ការរើសអើងពូជសាសន៍ និងការអនុវត្តតាមអនុសាសន៍មុនៗដែលប្រទេសទាំងនេះទទួលយកពីគណៈកម្មាធិការអង្គការសហប្រជាជាតិស្ដីពីការលុបបំបាត់ការរើសអើងពូជសាសន៍នេះ។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «គណៈកម្មាធិការនឹងធ្វើការសន្ទនាជាមួយគណៈប្រតិភូរបស់រដ្ឋាភិបាល និងការធ្វើបទបង្ហាញសង្ខេបដោយអង្គការសង្គមស៊ីវិល ស្ថាប័នសិទ្ធិមនុស្សជាតិ និងដោយក្របខ័ណ្ឌត្រួតពិនិត្យឯករាជ្យ។ គណៈកម្មាធិការនឹងបន្តការងាររបស់ខ្លួនពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទងអន្តររដ្ឋដែលបានដាក់ជូនទៅគណៈកម្មាធិការនៅក្នុងឆ្នាំ ២០១៨»។
កាលពីថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ ២០១៩ នេះក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំពិភាក្សាមួយដើម្បីប្រមូលព័ត៌មាន និងធាតុចូលស្ដីពីសិទ្ធិមនុស្ស ជនជាតិភាគតិច និងអន្តោប្រវេសន៍នៅកម្ពុជាសម្រាប់ចងក្រងជាទិន្នន័យដាក់ទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលត្រៀមទៅចូលរួមសម័យប្រជុំរបស់គណៈកម្មាធិការអង្គការសហប្រជាជាតិស្ដីពីការលុបបំបាត់ការរើសអើងពូជសាសន៍។ ក្នុងកិច្ចប្រជុំនោះកម្ពុជាក៏នឹងឡើងថ្លែងការពាររបាយការណ៍របស់ខ្លួនចំនួន ១៥ ចំណុចស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងកាលពីថ្ងៃទី ២៦ វិច្ឆិកា ថា វាជាយន្តការធម្មតា ដោយសារតាមនីតិវិធីរបស់អង្គការសហប្រជាជាតិគឺរាល់រដ្ឋជាសមាជិកនៃអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ត្រូវដាក់របាយការណ៍ស្ដីពីការអនុវត្តតាមអនុសញ្ញានេះទៅអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ។ អង្គការសហប្រជាជាតិក៏នឹងត្រូវអញ្ជើញតំណាងឱ្យប្រទេសមួយចំនួនទៅចូលរួមធ្វើបទបង្ហាញ និងសួរដេញដោលអំពីរបាយការណ៍របស់រដ្ឋទាំងនោះ។
លោកបន្តថា កម្ពុជាបញ្ជូនគណៈប្រតិភូចំនួន ៧ រូបដែលមកពីក្រសួង និងស្ថាប័នចំនួន ៥ គឺក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីឡើងការពាររបាយការណ៍របស់ខ្លួននៅក្នុងសម័យប្រជុំរបស់គណៈកម្មាធិការ UN នេះរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកានេះ។
លោកថ្លែងថា៖ «គណៈប្រតិភូកម្ពុជានឹងធ្វើបទបង្ហាញខ្លឹមសារសង្ខេបពាក់ព័ន្ធនឹងរបាយការណ៍របស់យើងទៅដល់គណៈកម្មាធិការអំពីការវិវឌ្ឍជាវិជ្ជមានពាក់ព័ន្ធនឹងទិដ្ឋភាពការងារហ្នឹង (ការទប់ស្កាត់ការរើសអើងពូជសាសន៍) ព្រមទាំង បញ្ហាប្រឈម និងទិសដៅទៅមុខ។ គណៈកម្មាធិការនឹងចោទជាសំណួរមួយចំនួនឱ្យយើងឆ្លើយ រួមទាំងផ្ដល់អនុសាសន៍ដើម្បីឱ្យយើងយកទៅអនុវត្តបន្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការទប់ស្កាត់ការរើសអើងពូជសាសន៍»។
លោក ជិន ម៉ាលីន បន្ថែមថានៅពេលធ្វើបទបង្ហាញជូនគណៈកម្មាធិការអង្គការសហប្រជាជាតិនេះ គណៈប្រតិភូរបស់កម្ពុជានឹងលើកឡើងអំពីការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយរបស់កម្ពុជាក្នុងការលើកតម្កើងសិទ្ធិលើគ្រប់វិស័យទាំងអស់របស់ក្រុមជនជាតិដើមភាគតិច ក្រុមនិគមជនវៀតណាម និងពលរដ្ឋខ្មែរកម្ពុជាក្រោមដូចជាសិទ្ធិសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ សិទ្ធិពលរដ្ឋ និងនយោបាយជាដើម។
មន្ត្រីរដ្ឋាភិបាលរូបនេះបញ្ជាក់ថា របាយការណ៍ដែលកម្ពុជាដាក់ទៅគណៈកម្មាធិការអង្គការសហប្រជាជាតិស្ដីពីការលុបបំបាត់ការរើសអើងពូជសាសន៍ រួមទាំងអនុសាសន៍មួយចំនួនដែលកម្ពុជាត្រូវទទួលយកមកអនុវត្តបន្ថែមទៀតនឹងត្រូវចេញផ្សាយនៅក្រោយពីបញ្ចប់សម័យប្រជុំនេះ៕