ភ្នំពេញៈ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ (UN) ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍​បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ខិតខំ​ធ្វើការ​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​នៃ​ការរើសអើង​ពូជសាសន៍ ខណៈ​គណៈកម្មាធិការ​នេះ​បង្ហាញ​នូវ​ក្ដីព្រួយបារម្ភ​អំពី​ស្ថានភាព​ជនជាតិ​វៀតណាម ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​។

ការផ្ដល់​អនុសាសន៍​នេះ​បាន​ធ្វើឡើង​នៅក្នុង​ការចេញផ្សាយ​អំពី​ការរកឃើញ​មួយចំនួន​របស់​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍ បន្ទាប់ពី​សម័យប្រជុំ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស​កាលពី​ថ្ងៃទី​ ២៥ ​វិច្ឆិកា​ ដល់​ថ្ងៃទី​ ១៣ ​ធ្នូ​។ កិច្ចប្រជុំ គឺ​ដើម្បី​ពិភាក្សា​ និង​ពិនិត្យ​របាយការណ៍​ស្ដីពី​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការលុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍​របស់​ប្រទេស​ចំនួន ៥ រួមមាន​ប្រទេស​កូឡុំប៊ី អៀរឡង់ អ៊ីស្រាអែល អ៊ូសប៊េគីស្ថាន និង​ប្រទេស​កម្ពុជា​។

ចំពោះ​ប្រទេស​កម្ពុជា​គណៈកម្មាធិការ​នេះ​បាន​លើកឡើង​ថា​៖ «​គណៈកម្មាធិការ​មាន​ការព្រួយបារម្ភ​អំពី​ស្ថានភាព​ជនជាតិ​វៀតណាម ខ្មែរ-កម្ពុជា​ក្រោម និង​ក្រុម​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា និង​ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​ត្រូវខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​នៃ​ការរើសអើង​ពូជសាសន៍​»​។

គណៈកម្មាធិការ​របស់​ UN ​ក៏បាន​បញ្ជាក់​ដែរ​អំពី​របាយការណ៍​នៃ​ការបំភិតបំភ័យ និង​ការវាយប្រហារ​ប្រឆាំង​នឹង​ក្រុម​ការពារ​សិទ្ធិមនុស្ស​រួមទាំង​ក្រុម​មេដឹកនាំ​ជនជាតិដើម​ភាគតិច​ដែល​ពួកគេ​បាន​ព្យាយាម​ដើម្បី​អនុវត្ត​សិទ្ធិ​សម្រាប់​ការពារ​ដី​សហគមន៍​របស់​ពួកគេ​។

កាលពី​ចុងខែ​វិច្ឆិកា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​គណៈប្រតិភូ​ចំនួន​ ៧ ​រូប​តំណាងឱ្យ​ក្រសួង​ស្ថាប័ន​ចំនួន​ ៥ រួមមាន​ក្រសួងមហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងយុត្តិធម៌ ក្រសួង​អប់រំ ដឹកនាំ​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ទៅ​ចូលរួម​ក្នុង​សម័យ​ប្រជុំ​របស់​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍​នេះ ដើម្បី​ឡើង​ថ្លែង​ការពារ​របាយការណ៍​របស់​ភាគី​កម្ពុជា​ដែល​មាន​ ១១ ​ទំព័រ​ស្ដីពី​ការគោរព​សិទ្ធិមនុស្ស ជនជាតិភាគតិច និង​អន្តោប្រវេសន៍​ដែល​បាន​ដាក់​ជូន​ទៅ​ស្ថាប័ន UN​។

របាយការណ៍​ចំនួន​ ១១ ​ទំព័រ​នោះ​គឺ​បានលើកឡើង​អំពី​ការគោរព​តាម​នូវ​អនុសាសន៍​ទាំង ១០ ​ចំណុច​របស់​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការលុបបំបាត់​ការរើសអើង​ពូជសាសន៍ ដូចជា ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​របស់​ជនជាតិ​ដើម​ភាគតិច​។ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ការអនុវត្ត​ច្បាប់​ក្នុង​ការបញ្ជូន​ជនភៀសខ្លួន ឬ​ជន​សុំ​សិទ្ធិ​ជ្រកកោន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ ការផ្ដល់​អត្តសញ្ញាណប័ណ្ណ​ដល់​ខ្មែរ​កម្ពុជាក្រោម ស្ថាប័ន​សិទ្ធិមនុស្ស ការផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្តរជាតិ និង​ការពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ជាដើម​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែងថា​៖ «​គ្មាន​ប្រទេស​ណាមួយ​អាចធ្វើ​ចប់សព្វគ្រប់ និង​ល្អឥតខ្ចោះ​នោះទេ​តែងតែ​នៅមាន​បញ្ហា​សេសសល់ និង​ប្រឈម​មួយចំនួន​។ ខាង​គណៈកម្មាធិការ​គេ​ផ្ដល់​អនុសាសន៍​មួយចំនួន​ដូចជា​ពាក់ព័ន្ធ​នឹង​ក្របខ័ណ្ឌ​ច្បាប់ គោលនយោបាយ ដូចជា​វិធាន​ការអប់រំ​ផ្សព្វផ្សាយ​អីហ្នឹង គឺ​យើង​នឹង​ពិនិត្យមើល​លើ​អនុសាសន៍​ទាំងអស់​ហ្នឹង ហើយ​យក​មក​អនុវត្ត​ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅវិញ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំក្រោយ​ទៀត​»​។

លោក​ ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​លើកឡើង​ថា​កម្ពុជា​បានផ្ដល់​សច្ចាប័ន​ជាច្រើន​លើ កតិកាសញ្ញា និង​អនុសញ្ញា​ស្ដីពី​ការប្រឆាំង​ទៅ​នឹង​ការរើសអើង និង​ដាក់បញ្ចូល​ទៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ដើម្បី អនុវត្ត​។ ប៉ុន្តែ​លោក​ថា​ការអនុវត្ត​តាម​កតិកា​សញ្ញា និង​អនុសញ្ញា​ទាំងនោះ ហាក់ មិនបាន​ស្មើភាព​គ្នា​ឡើយ​រវាង​ប្រជាជន​ដែលមាន​សញ្ជាតិ​ជា​កម្ពុជា និង​ប្រជាជន​ដែល​មិនមែន​ជា​សញ្ជាតិ​កម្ពុជា​។

លោក​បន្តថា សម្រាប់​អ្នកមាន​សញ្ជាតិ​កម្ពុជា​ពួកគេ​ទទួលបាន​សិទ្ធិ​ច្រើន​ក្នុងការ​ទទួលបាន​សេវា​យុត្តិធម៌ និង​សេវា​នៅក្នុង​សង្គម​ផ្សេងៗ ដូចជា​សេវា​ទទួល​បាន​ការអប់រំ និង​សុខភាព​ជាដើម ខណៈ​អ្នក​មិនមាន​សញ្ជាតិ​កម្ពុជា​គឺ​ពួកគេ​ហាក់​រស់នៅ​តែលតោល​។

លោក​ ករុណា​ ថ្លែងថា​៖ «​អ៊ីចឹង​ខ្ញុំ​យល់ថា ការមើលឃើញ​ខាង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ហ្នឹង គឺ​មិន​ខុស​ទេ​ (​រដ្ឋ​) ​គួរតែ​ពិនិត្យមើល​លើ​ការស្នើ​ឡើង​ពី​អង្គការសហប្រជាជាតិ​ហ្នឹង ថា​តើ​នៅមាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​ដែល​រដ្ឋាភិបាល​គួរ​បំពេញ​នូវ​ចំណុច​ទាំងអស់​ហ្នឹង​»​។

លោក​បន្ថែមថា កន្លងមក​ក្រុម​ជនជាតិ​ដើម​ភាគតិច​បាន​ប្រឈម​នឹង​ការពិបាក​ក្នុងការ​ស្វែងរក​យុត្តិធម៌​រឿង​ដីធ្លី​នៅក្នុង​ប្រទេស ដោយសារ​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ក្រុម​ជនជាតិដើម​មួយក្រុម​បាន​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​ប្រទេស​បារាំង ដើម្បី​សុំ​ឱ្យ​តុលាការ​ប្រទេសមួយ​នេះ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគេ​៕

វីដេអូ៖