ភ្នំពេញៈ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ (FAO) ​បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​ និង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​បាន​ជួបប្រជុំ​គ្នា​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​ឆ្លើយតប និង​ស្ដារ​ការងារ​ឡើងវិញ​ស្ដីពី​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង​ការអត់ឃ្លាន​។

FAO លើកឡើង​ថា នៅពេល​ការរាតត្បាត​ជំងឺ​កូវីដ​បន្ត​គំរាមកំហែង​អាយុជីវិត និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក វា​បាន​ធ្វើឱ្យ​ដើរ​ថយក្រោយ​នូវ​ការប្រយុទ្ធ​ប្រឆាំង​ដើម្បី​បញ្ចប់​ភាពអត់ឃ្លាន​ និង​ការខ្វះ​អាហារូបត្ថម្ភ​។

អង្គការ FAO បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១ កញ្ញា ​ថា តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ដែល​មាន​ចំនួន​ប្រជាជន​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ខ្វះ​អាហារូបត្ថម្ភ​នៅក្នុង​ពិភពលោក និង​បញ្ហា​ជំងឺ​កូវីដ​ ១៩ នឹង​ធ្វើឱ្យ​ចំនួន​ប្រជាជន​ជួប​ការអត់ឃ្លាន​នៅ​អាស៊ី​ខាងត្បូង ត្រូវ​បាន​គេ​រំពឹងថា នឹង​កើនឡើង​ជិត​ ១ ​ភាគ​ ៣ គឺ​កើន​ដល់ ៣៣០ ​លាន​នាក់ នៅក្នុង​ឆ្នាំ​ ២០៣០ ​ជា​ឆ្នាំ​ដែល​ពិភពលោក​កំណត់ ដើម្បី​លុបបំបាត់​ភាពអត់ឃ្លាន និង​ការខ្វះ​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​។

ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​កិច្ចប្រជុំ​លើក​ទី​៣៥ នៃ​សន្និសីទ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​របស់​អង្គការ FAO ដែលមាន​ការចូលរួម​ពី​តំណាង​មកពី​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ចំនួន​ ៤៥ ​ផ្សេង​ទៀត​ជា​សមាជិក​របស់​អង្គការ​នេះ​គឺ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ៤ ​កញ្ញា ដើម្បី​ពិនិត្យ​ឱ្យបាន​ដិតដល់​នូវ​ស្ថានភាព​បច្ចុប្បន្ន​នៃ​សន្ដិសុខ​ស្បៀង​រួមទាំង​ផលប៉ះពាល់​ដែល​បង្កឡើង​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ទៅលើ​ប្រព័ន្ធ​ចំណីអាហារ​។

លោក Jong-Jin Kim តំណាង​ FAO ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ថ្លែង​ថា ការជួបប្រជុំ​នេះ​ដើម្បី​ប្រមូលផ្ដុំ​មនុស្ស និង​គំនិត​ដើម្បី​ដាក់ចេញ​វិធានការ​សម្រាប់​ផលប្រយោជន៍​ទាំងអស់​គ្នា​។

លោក​ថា​៖ «​ពួកយើង​ត្រូវតែ​ទទួល​យក​នូវ​អ្វីដែល​ស្ថិតនៅ​ខាងមុខ​យើង ហើយ​ទទួលស្គាល់​ថា ពិភពលោក​ និង​តំបន់​របស់​យើង​បាន​ផ្លាស់ប្ដូរ​ហើយ​។ ពួកយើង​ត្រូវ​ស្វែងរក​វិធី​ថ្មី​ដើម្បី​ឆ្ពោះទៅរក​ និង​ធានាបាន​នូវ​សន្ដិសុខ​ស្បៀង​ជា​និរន្តរ៍​ក្នុង​ពេល​កំពុង​ប្រឈម​នឹង​បញ្ហា​ការរាតត្បាត​ទាំងពីរ​នេះ​រួមទាំង​ការត្រៀម​សម្រាប់​ការគំរាមកំហែង ដែល​អាច​កើតឡើង និង​វិវត្ត​នៅពេល​ខាងមុខ​»​។

ក្នុង​សុន្ទរកថា របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថ្លែង​ថា វិស័យ​កសិកម្ម​ត្រូវបាន​គេ​ទទួលស្គាល់​ថា ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​ចំណែក ២០,៨ ភាគរយ​ដល់​ផលិតផល​ក្នុងស្រុក​សរុប​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បន្តថា ​ភាពក្រីក្រ​នៅ​កម្ពុជា​បាន​ថយចុះ​ពី​ ៥៣ ​ភាគរយ ​ក្នុង​ឆ្នាំ​ ២០០៤ មក​នៅត្រឹម ១៣,៥ ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៤ ហើយ​ត្រូវបាន​គេ​រំពឹង​ថា ឥឡូវនេះ​គឺ​ស្ថិត​នៅក្រោម​ ១០ ​ភាគរយ​។ ប៉ុន្តែ​លោក​បន្ត​ថា កម្ពុជា​នៅតែ​ប្រឈម​បញ្ហា​មួយ​ចំនួន​នៅពេល​ខាងមុខ​ដូចជា​កម្លាំង​ពលកម្ម​បាន​ចាកចេញ​ពី​វិស័យ​កសិកម្ម​ទៅ​ស្វែងរក​ឱកាស​ការងារ​ថ្មី ជាពិសេស​នៅ​ទីក្រុង​ដែល​តម្រូវ​ឱ្យ​ធ្វើ​យន្តកម្ម​កសិកម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ធារាសាស្ដ្រ​ និង​ទឹក និង​ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ការធានា​ដល់​ការកើនឡើង​ផលិតភាព​ និង​ផលិតកម្ម​។

លោក​ថា​៖ «​ការចូល​ទៅក្នុង​ទីផ្សារ ក៏​នៅតែ​ជា​បញ្ហា​ដ៏ធំ​មួយ​សម្រាប់​កសិករ​ខ្នាតតូច​។ មាន​តម្រូវការ​ដ៏សំខាន់​មួយ​សម្រាប់​បង្កើត​ឱ្យ​មាន​បរិយាកាស​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ល្អប្រសើរ​មួយ​សម្រាប់​កសិករ គឺ​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដែល​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​ការផ្ដល់​ព័ត៌មាន​អំពី​ទីផ្សារ​ឱ្យ​កាន់តែ​ប្រសើរ រួមទាំង​ការសម្របសម្រួល​បញ្ហា​ទីផ្សារ​កសិកម្ម​»​។

បើ​របាយការណ៍​នៅក្នុង​ឆ្នាំ​ ២០១៩ ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា កម្ពុជា​មាន​កម្លាំង​ពលកម្ម​ប្រមាណ​ ១០ ​លាន​នាក់​ ក្នុង​នោះ​នៅក្នុង​វិស័យ​កសិកម្ម​មាន​ចំនួន​ជាង​ ៤ ​លាន​នាក់​។

យោង​តាម​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) បាន​ព្យាករ​ថា ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ជា​សកល គឺ​កំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​នាក់​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ ហើយ​ប្រជាពលរដ្ឋ​ប្រមាណ ៣៩ ​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ​ធ្វើ​នៅត្រឹម​ឆ្នាំ ​២០២០ ​នេះ​។

ប៉ុន្តែ​នៅក្នុង​ស្ថានភាព​ដ៏លំបាក​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​ប្រកាសថា កម្ពុជា​មាន​ស្បៀង​គ្រប់គ្រាន់​ និង​ធានាថា នឹង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ត្រូវ​ស្លាប់​ដោយសារ​អត់​អាហារ​ឡើយ​។

រដ្ឋាភិបាល​កម្ពុជា​ថែមទាំង​បានប្រកាស​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​អំឡុង​វិបត្តិ​កូវីដ​ ១៩ និង​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​បាត់បង់​ការងារ ងាក​មក​ចាប់ផ្ដើម​មុខរបរ​កសិកម្ម ដើម្បី​ជួយ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ ដើម្បី​បង្កើន​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស និង​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​បន្លែ ត្រី សាច់ ពី​ប្រទេស​ខាងក្រៅ​៕