ភ្នំពេញៈ ក្រុមមន្ត្រី​ជំនាញ​ខាង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បានសម្តែង​នូវ​ក្តី​កង្វ​ល់​ ​​ចំពោះ​អ្វី​ដែល​ពួកគេ​ហៅ​ថា ជា​​ការ «កើន​ឡើង ​នៃ​ការ​បំបិទ​សំឡេង​នយោបាយ​ប្រឆាំង» ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ ដើម្បី​វាយ​ប្រហារ​ទៅលើ​សិទ្ធិ​បញ្ចេញ​មតិ​ និង​សិទ្ធិ​នៃ​ការជួបជុំ​របស់​សមាជិក​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​អ្វី​ដែល​​មន្ត្រី​រដ្ឋាភិបាល​​ចាត់​ទុក​​ថា ជា​ការលើក​ឡើង​ ដោយ​មិន​គិត​​ពី​យន្តការ​ច្បាប់​របស់​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ចេញផ្សាយ​នៅ​ថ្ងៃទី ១៩ ខែ​ មិថុនា ​ម្សិលមិញលោកស្រី​ រ៉ូ​ណា ស្ម៊ីត អ្នករាយការណ៍​ពិសេ​ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​​ប្រចាំ​នៅ​កម្ពុជា និង​លោក ដា​វីដ កា​យ៉េ អ្នក​រាយការណ៍​ពិសេស​ ស្ដីពី​ការលើកស្ទួយ និង​ការពារ​សិទ្ធិ​សេរី​ភាព​នៃ​គំនិត និង​ការ​បញ្ចេ​ញ​មតិ បានបង្ហាញ​ក្ដីកង្វល់​ថា ការ​កើន​ឡើង​នូវ​សកម្មភាព​គាប​សង្ក​ត់​​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គំនិ​ត​ដែល​ផ្ទុយ​ពី​ខ្លួន​ គឺ​ហាក់​បី​​ដូចជា​ការ​ព្យាយាម​មួយ​ ដើម្បី​បំភិត​បំភ័​យ ​ឬ​បំបិទ​គំនិត​នយោបាយ។

ការលើកឡើង​ទាំងនេះ ដោយ​​​សារ​ពួកគេ​​សំអាង​ទៅ​លើ​ការទទួលបាន​ព័ត៌មាន​អំពី​សមាជិក​ជាង ១៤០ នាក់​ របស់​អតីត​គណ​​​បក្ស​សង្គ្រោះ​ជាតិដែល​ខ្លះ​ត្រូវ​បា​ន​អាជ្ញាធរ​ហៅ​ទៅ​សួរ តុលាការ​ចេញ​ដីកា​កោះ​​ហៅ ឬ​ត្រូវបាន​ឃុំខ្លួន បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ចូលរួម​ប្រជុំ​ ដើម្បី​បង្ហាញ​​ពី​ការគាំទ្រ​ដល់​អតីត​មេដឹកនាំ​ទាំង ២ ​រូប​របស់​ពួកគេ​ គឺ​លោក កឹម សុខា និង​លោក សម រង្ស៊ី ហើយ​អ្នក​ខ្លះ​ទៀត​បាន​យក​វីដេអូ​នៃ​ការ​ជួបជុំ​ និង​សេចក្ដីថ្លែងការណ៍​គាំទ្រ​លោ​ក កឹម សុខា និង​លោក សម រង្សី នោះទៅ​បង្ហោះ​​នៅ​តាម​បណ្តាញ​សង្គម​​ហ្វេសប៊ុក។

​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ត្រី​ជំនាញ​ UN ​និយាយ​ថា​៖​ «​ពួកយើង​បាន​ខ្វល់ខ្វាយអំពី​ការប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​ដើម្បី​វាយប្រហារ​សិទ្ធិ​បញ្ចេញ​មតិ ទាំង​តាម​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត​ និង​ក្រៅ​ប្រព័ន្ធ​អុីន​ធី​ណិ​ត។ អ្នក​គ្រប់គ្នា​មាន​សិទ្ធិ​សម្រាប់​បញ្ចេ​ញ​​​មតិ។ សិទ្ធិ​នេះ គឺជា​សិទ្ធិ​មួយ​ ក្នុ​ង​ចំណោម​សិទ្ធិ​ជា​មូលដ្ឋាន​ដ៏​សំខា​ន់ ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ​ និង​យុត្តិធម៌។ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ត្រូវតែមាន​ដែន​កំ​ណត់​​ និង​បែងចែក​ឱ្យ​ច្បា​ស់​​លាស់ ហើយ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​មេដឹក​នាំ​នយោ​បាយ​មិន​ត្រូវ​ស្ថិត​ក្នុង​​ដែន​កំណត់​នោះ​ទេ»។

មន្ត្រី​ជំនាញ​ UN ទាំង​ ២ រូប​នេះបាន​បញ្ជាក់​ថា​ ខ្លួន​​ចង់​ឃើ​ញ​​ការ​រឹតត្បិត​សិទ្ធិសេរីភាព គឺត្រូវ​​ធ្វើ​​ឡើង​ដោយ​ផ្អែក​តាមច្បាប់ និង​​ភាព​ចាំបាច់​ សម្រាប់​ការពារ​សណ្ដាប់ធ្នាប់​សា​ធារណៈ​ និង​សន្ដិសុខ​ជាតិ។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អ្នក​ជំនាញ​ UN​ បន្ថែមថា ការចេញ​ដីកា​កោះ​​ហៅ​សមា​ជិក​​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ ទៅ​សាកសួរ​ដោយ​ចោទ​ពី​ការរំលោភ​លើ​សាលដីកា​តុលា​​ការ​កំពូល​ដែល​បាន​រំលា​យ​​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧ គឺ​​ធ្វើឡើង​ដោយ​មិន​បញ្ជាក់​ពី​ការរំលោភបំពាន​ច្បាស់លាស់​ឡើយ ហើយ​ថែមទាំង​មិន​អនុញ្ញាតឱ្យ​មេធាវី​ការពារ​ក្ដី​ថតចម្លង​ឯកសារ​សំណុំ​​រឿង ដើម្បី​រៀបចំ​ការពារ​ក្ដី​ឱ្យ​ពួកគេ​បាន​ទាន់​ពេល​នោះ​ទេ។

អ្នក​ជំនាញ​ UN ទាំង​ ២ រូប​នេះ​បញ្ជាក់ថា កម្ពុជា​បានក្លាយ​ជា​រដ្ឋ​ឯក​បក្ស​គ្រប់គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​មិន​អា​ច​​ប្រកែក​បាន បន្ទាប់ពី​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ប្រឆាំង​តែមួយ​គត់​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ត្រី​ជំនាញ​ UN ទាំង​ ២ រូប​នេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​​ធានា​សិទ្ធិ​នយោបាយ ​និង​សេរី​ភាពជា​មូលដ្ឋាន​ឱ្យ​ត្រឡប់មក​ដូចដើម​វិញ និង​ដល់​ពេលដែល​ត្រូវ​បង្កើ​ត​​ឱ្យមាន​វប្បធម៌​នយោបាយ​ ដែល​ជជែក​គ្នា​ផ្ដោត​សំខាន់​លើ​បញ្ហា​ជាជាង​រឿង​បុគ្គល ដើម្បី​ធ្វើឱ្យ​កម្ពុ​ជាមាន​សន្ដិ​ភាពរឹងមាំ ការ​​អភិវឌ្ឍយូរអង្វែង​ និង​ទទួល​បាន​នូវ​សិទ្ធិ​មនុស្ស​​សម្រាប់​ទាំងអស់​គ្នា​មក​វិញ។

ប៉ុន្តែ ​លោក ជិន ម៉ា​លីន អ្នក​​នាំពាក្យ​ក្រសួងយុត្តិធម៌​​ បាន​ឆ្លើយតប​ថា ការលើកឡើង​របស់​មន្ត្រី​ជំនាញ​ UN ទាំង​ ២ រូប​នេះ គ្រាន់តែ​ជា​គិត​ទៅលើ​សេរីភាព​របស់​ក្រុម​ឬ​សមាជិក​របស់​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ​​តែ​ប៉ុណ្ណោះ ហើយ​មិន​បានគិត​អំពី​យន្តការ​ច្បាប់​របស់​កម្ពុជា​ឡើយ ដោយ​​លោក​អះអាងថា ការជួប​ជុំគ្នា​កន្លងមក​របស់​​មន្ត្រី​​អតីត​បក្ស​ប្រឆាំ​ងគឺ​មិនមែនជា​ការប្រើ​សិ​ទ្ធិ​នៃ​ការជួបជុំ​ឡើយ ប៉ុន្តែ​ជា​សកម្ម​​ភាព​ធ្វើការ​គាំទ្រ​ដល់​ចលនា​ខុស​ច្បាប់​ និង​ដល់​ជន​ដែល​ច្បាប់​បាន​ផ្ដន្ទាទោស។

លោក​ ម៉ាលីន បាន​បញ្ជាក់​ថា៖​ «ជាទូ​ទៅ​ គោលការណ៍​ច្បាប់​របស់​កម្ពុជា តែ​កាលណា​យើង​ធ្វើ​សកម្មភាព​គ្រប់រូប​ភាពមិន​ថា​ធ្វើ​នៅតាម​ហ្វេ​ស​ប៊ុ​ក​ទេ ទោះជា​ជួបជុំគ្នាក្នុង​ទម្រង់​បែប​ណា​ក៏ដោ​យ ក្នុង​ចេតនា​ទុច្ចរិត ធ្វើ​ការ​គាំទ្រ​ដល់​ចលនា​ខុស​ច្បាប់ ឬ​​ជនល្មើស​ណា​ដែល​បាន​ផ្ដន្ទាទោស អាហ្នឹង​ជាការ​ចូល​រួម​ធ្វើ​ខុសច្បាប់​ហើយ អ៊ីចឹង​សមត្ថកិច្ច​ ត្រូវ​តែ​មាន​ចំណាត់ការ​ច្បាប់​ហើយ»។

យ៉ាង​ណា​ក្តី លោក ស៊ឹង សែន​ករុណា អ្នក​​នាំពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​បា​ន​​ថ្លែងថា ប្រទេស​ កម្ពុជា ​ដែល​បា​ន​ផ្ដល់​សច្ចាប័នលើ​​កតិកា​សញ្ញា​​ទទួលស្គាល់​ច្បាប់​អន្តរ​ជាតិ​ និង​សិទ្ធិមនុស្ស​ជាច្រើនរួមទាំង​សិទ្ធិ​​​នយោបាយ​ ដែល​អនុញ្ញា​តឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​ធ្វើ​នយោ​បាយ​នោះ គឺ​តាមច្បាប់​កម្ពុជា ថ្វី​ដ្បិត​គណបក្ស​របស់​ពួកគេ​ ត្រូវ​បាន​រំលាយ​ក្ដី ប៉ុន្តែ​សិទ្ធិ​របស់​ពួកគេ​មិន​ត្រូវបាន​រំលាយ​នៅ​ឡើយ​ទេ។

លោក​បន្ត​​ថា៖ «គឺ​សិទ្ធិ​ពួកគា​ត់​ នៅតែមាន​សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ និង​អាច​ពេញចិត្ត​លើ​សកម្មភាព​នយោបាយ​ លើ​គណបក្ស​ណា​​មួយ​ដដែល។ ដូច្នោះ ពួកគាត់ ​ធ្វើ​​ដោយ​អនុលោម​តាមច្បាប់​ឬ​សិទ្ធិ​ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ​តាំងពី​យើង​យក​ប្រព័ន្ធ​លទ្ធិ​ប្រជា​ធិបតេ​យ្យ​សេរី​ពហុបក្ស​ និង​សិទ្ធិ​មនុស្ស​មក​អនុវត្ត​តាំងពី​ឆ្នាំ ១៩​៩១​ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​​ប៉ារីស​មក​ម្ល៉េះ»។

ទោះ​យ៉ាង​ណា​ លោក ផៃ ស៊ី​ផាន អ្នក​​នាំពាក្យ​រដ្ឋាភិបាល​បា​ន​លើកឡើង​​ថា ការធ្វើ​សកម្ម​ភាព​ដែល​ពាក់ព័ន្ធ​នឹង​​អតីត​គណ​បក្ស​​សង្គ្រោះ​ជាតិ​ គឺជា​ការ​ខុស​ច្បាប់ ដោយ​​លោក​ថា គណបក្ស​ដែល​តុលាការ​បាន​រំលោយ​ចោល​ហើយ​នោះ មិនមែន​ជា​គណបក្ស​ប្រឆាំង​ទៀត​ទេ។

​លោក​លើក​ឡើង​​ថា គណ​បក្ស​ប្រឆាំង​ដែល​កំពុងមាន​វត្ត​មាន​សព្វថ្ងៃ មាន​ដូចជា គណ​​បក្ស​ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុ​មប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ជាដើម។

លោក​ថ្លែង​បញ្ជាក់​ថា៖ «​គណ​បក្សប្រឆាំង​មាន​ពា​ស​​មេឃ​​ពាស​ដី​តើ តាមរយៈ​ឧ​ត្ត​ម ក្រុម ប្រឹក្សាហ្នឹង ​គណ​បក្ស​ប្រឆាំ​ង​​ហើយ ហើយ​គណបក្ស​ដែល​គេ​រំលាយ​ហ្នឹងតាម​ការអនុវត្ត​ច្បា​ប់ គឺ​សមាជិក​គណបក្ស​ហ្នឹង​ មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​ទេ ទាល់​តែ​ផុត ៥ ឆ្នាំ»។

ជា​មួយ​គ្នា​នេះ លោក ផៃ ស៊ី​ផាន បានលើក​ឡើង​ថា មន្ត្រី​ UN គួរ​យក​ចិត្តទុក​ដាក់​ អំពី​ការ បើកចំហ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ផ្ដល់ឱកាស​ឱ្យ​សមាជិក​អតីត​គណបក្ស​ប្រឆាំង​​ដែល​ជាប់​បម្រាម​ធ្វើ​នយោ​បាយ​​ អាច​មក​ស្នើ​សុំ​ដក​បម្រាម​នយោបាយ ដើម្បី​​អាច​បាន​ធ្វើ​នយោបាយ​ឡើង​វិញ៕