​ភ្នំពេញ​ៈ អង្គការសហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ (UNAIDS) បាន​លើកឡើងថា នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិកនឹងមិន​សម្រេច​តាម​គោ​ល​ដៅ​ជាស​កល​ឆ្នាំ​ ២០២០ ​ក្នុងការ​ប្រឆាំ​ង​ជំងឺអេដស៍​ឡើយ ដោយ​សារ​ក្រុម​ប្រទេស​នៅក្នុង​តំបន់​ទាំងនេះមិ​ន​​ទទួលបាន​សមិទ្ធផល​ស្មើគ្នា ក្នុងការ​កាត់បន្ថយ​ក​រ​ណី​ឆ្លង​ថ្មី​។​

UNAIDS បានចេញ​ផ្សាយ​របាយ​​ការណ៍​មួយ ​កាលពី​ថ្ងៃទី​ ៧​ ខែ​​កក្កដា និង​បាន​ព្រមាន​ថា សមិទ្ធផល​សម្រេច​បាន​អាច​នឹង​បាត់បង់​ទៅវិញ ហើយ​ដំណើរការ​បន្ថែមទៀតនឹងត្រូវ​ធ្វើឡើង ប្រសិនបើ​គោលដៅ​សម្រាប់​ឆ្នាំ​ ២០២​០​ ក្នុងការ​ប្រឆាំង​ជំងឺអេដស៍​នៅ​តំបន់​អា​ស៊ី​ និង​ប៉ា​ស៊ី​ហ្វិកបាន​បរាជ័យ​។ អង្គការ​នេះ ជំ​រុ​​ញ​ឱ្យ​ប្រទេស​មួយចំនួនត្រូវតែ​ធ្វើ​សកម្មភាព​បន្ទាន់​ឱ្យបាន​ខ្លាំងក្លា​ជាង​មុន ដើម្បី​ឱ្យទៅដល់​ជនរងគ្រោះ​ដោយ​សា​រ​ជំងឺអេដស៍​ដែល​ត្រូវបាន​គេ​ទុកចោល​។​

​UNAIDS បញ្ជាក់ថា នៅក្នុង​ឆ្នាំ​ ២០១៩ នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក មាន​អ្នក​ឆ្លង​ជំងឺអេដស៍​ថ្មី​ចំនួន ​៣០ ម៉ឺន​នាក់ ក្នុងនោះ​មួយ​ភាគ​បួន​នៃ​អ្នក​ឆ្លង​ថ្មី​នេះ គឺជា​មនុស្ស​វ័យក្មេង ​មាន​អា​យុ​ចាប់ពី​ ១៥​ ដល់​ ២៤ ​ឆ្នាំ និង​មាន​អ្នក​ស្លាប់​ចំនួន ​១៦ ម៉ឺន​​នាក់​។ ការ​ឆ្លើ​យ​​ត​ប​អាច​ត្រូវ​បានកំណត់​ម្តងទៀត ប្រសិ​ន​បើ​​ជំងឺ​រាត​ត្បាត​កូ​វីដ ​១៩ បន្ត​រំខាន​យ៉ា​ង​ធ្ងន់ធ្ងរ​ដល់​សេវាកម្ម​ប្រឆាំ​ង​ជំងឺអេដ​ស៍​​​។​

​របាយការណ៍​សរសេរ​ថា​៖ «​តំបន់​បាន​ស្ថិតនៅ​ឆ្ងាយ​ពី​ផែនការ​ក្នុងការ​ការពារ​ការឆ្លង​ថ្មី​។ មាន​ដំណើរការ​នៅក្នុង​តំបន់ ដែល​ករណី​ឆ្លង​ថ្មី​ ត្រូវ​បាន​កាត់បន្ថយ​ ១២%​ ចាប់តាំងពី​ឆ្នាំ​ ២០១០ នៅក្នុង​ប្រទេស​កម្ពុជា មី​​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ប៉ុន្តែ​ករណី​ថ្មី​បាន​កើនឡើង​នៅក្នុង​ប្រទេស​ប៉ា​គី​​​ស្ថាន ​និង​ប្រទេស​ហ្វីលីពីន​»​។

UNAIDS ​បញ្ជាក់ទៀតថា ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិកមាន​ប្រទេ​ស​​ចំនួន​ ៣ គឺ​កម្ពុជា អូស្ដ្រាលី និង​ថៃ សម្រេ​ច​បាន​តាម​ផែនការ​ព្យាបាល​ជំងឺអេដស៍ ៩០-៩០-៩០ ដែល​មាន​ន័យ​ថា ត្រឹម​ឆ្នាំ​ ២០២០ គឺ ​៩០% ​នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​ បានដឹងថា​ខ្លួន​ឆ្លង​ជំងឺ ៩០% ​នៃ​អ្នក​បានទទួល​រោគ​វិនិច្ឆ័យ​ទទួលបាន​ការព្យាបាល​ ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍និង ​៩០​%​ នៃ​អ្នក​ដែល​ទទួលបាន​ការ​ព្យាបាល​​លែងមាន​មេរោគ​នេះ​នៅក្នុង​ខ្លួន​។​

​របាយការណ៍​​ប​ន្ត​ថា ក្នុង​ចំណោម​អ្នក​​ឆ្លង​ជំងឺអេដស៍​ថ្មី គឺមាន​ចំនួន​ ៩៨​% គឺជា​ក្រុមមនុស្ស​ប្រុសស្រលាញ់​ភេទ​ដូចគ្នា ក្រុមមនុស្ស​ប្រុសដែល​រួមភេទ​ជាមួយ​មនុស្ស​ដូចគ្នា អ្នក​កែ​ភេទ អ្នក​រកស៊ី​ផ្លូវភេទ អ្នកប្រើប្រាស់​គ្រឿង​ញៀ​ន​ដោយ​ប្រើ​ម្ជុល​។ ​អ្នក​ផ្ទុក​ជំងឺអេដស៍​ នៅតែ​បន្ត​ត្រូវបាន​គេ​រើស​អើ​ស​ជាទូទៅ ហើយ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ បាន​បង្ក​ជា​របាំង​សម្រាប់​អ្នក​ផ្ទុកមេរោគ​អេដស៍ ក្នុងការ​ទៅ​ទទួល​សេវា​ព្យាបាល ​និង​តម្រូវការ​សុខភាព​ផ្សេង​ទៀត​។​

​លោក ឈឹម ឃិន​ដា​រ៉េត អគ្គលេខា​​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​មិនទាន់​អាច​អត្ថាធិប្បាយ​ ជុំវិ​ញ​របាយការណ៍​ថ្មី​របស់​អង្គការ​សហប្រជា​ជាតិ​នេះ​ទេ ដោយសារ​លោក​មិនទាន់​បានឃើញ​របាយការណ៍​នេះ​នៅឡើយ​។ ​

លោក​បញ្ជាក់ថា នៅក្នុង​​ប្រទេស​កម្ពុជា​ បច្ចុប្បន្នអ្នក​ផ្ទុក​ជំងឺ​អេដ​ស៍​ គឺ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ចំនួន ​៧ ​ម៉ឺន​ ៣ ​ពាន់​នាក់ គិត​ត្រឹម​ឆ្នាំ​ ២០១៩​។ លោក​អះអាងថា នៅ​ក្នុង​ឆ្នាំ​ ២០១៩ អត្រា​ឆ្លង​ថ្មី​មាន​ចំនួន ​០,៥% ស្របពេល​អ្នក​ដែល​បានធ្វើ​តេស្ដ​រក​មេរោគ គឺមាន​ចំនួន​ជាង​ ៦ ​ម៉ឺន ​១ ​ពាន់​នាក់ ហើយ​ក្នុងនោះ ​មាន​ចំនួន​ ៩៩% បានមក​ទទួល​សេវា​ព្យា​បាល​ប្រឆាំង​ជំងឺ​អេដស៍​។​ ​

លោក​បន្ត​ថា​៖ «​អត្រា​មក​ទទួល​សេវា​ព្យាបាល​ គឺ​ខ្ពស់​មែន​ទែន​ ហើយ​គោល​ដៅ​ដែល​យើង​បានកំណត់ គឺ​គោលដៅ​ ៩៥-៩៥ ឆ្នាំ​ ២០២៥ បានន័យថា ៩៥%​ បានដឹង​ពី​ស្ថាន​ភាព​ខ្លួនឯងបាន​ផ្ទុក​ ហើយ​ចូលមក​ធ្វើតេស្ដ​រក​មេរោគ ហើ​យ​ ៩៥%​ នៃ​អ្នក​ធ្វើតេស្ដអាចមក​ទទួល​សេវា​គឺ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​»​។​

​លោក​បញ្ជាក់ថា ចំពោះ​ការ​ផ្ទុះឡើង នៃ​​ជំងឺ​កូ​វីដ​ ១៩ គឺ​បានធ្វើឱ្យ​​មាន​ផល​ប៉ះពាល់់​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ការ​ផ្ដ​ល់​សេវា​សម្រាប់​អ្នកជំងឺ​អេដស៍ដោយ​សា​រ​បាន​ធ្វើឡើង​ដោយ​ឡែក​ពីគ្នា ហើយ​ការផ្ដល់​ឱសថគឺ​អ្នកជំងឺ​អាច​ប្រើ​រហូ​ត​បាន ​៣ ​ខែហើយ​ខ្លះ​អាច​ប្រើ​ដល់​ ៦​ ខែ​។​

UNAIDS ជំរុញ​ប្រទេស​នានា​បង្កើ​ន​ការវិនិយោគលើ​ជំងឺ​ទាំងពីរ​នេះ គឺ​ជំងឺ​អេដស៍ ​និង​ជំងឺ​កូ​វីដ ​១៩ ក្រោយពី​ប្រភ​ព​ថវិកាសម្រាប់​ប្រឆាំង​ជំងឺ​អេ​ដ​ស៍​​ជា​អន្តរ​ជាតិ បាន​​ធ្លាក់ចុះ ៦៣% ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩​។

ការធ្លាក់​ចុះ​​មូ​លនិធិ​ទាំងនេះ​ភាគច្រើន​ ជះឥទ្ធិព​ល​ដល់​សេវាកម្ម​ការពារ​មេរោគ​អេដស៍​សម្រាប់​ប្រជា​ជន​ងាយ​រងគ្រោះ​ ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​មូលនិធិ​អន្តរ​ជាតិ ខណៈ​ធនធាន​ក្នុងស្រុក​ច្រើន​តែ​ផ្តល់​អាទិភាព​ដល់​មូលនិធិ​ការ​ព្យា​បា​ល​​និង​ថែទាំ​អ្នក​ឆ្លង​ជំងឺ​អេដស៍​៕