ភ្នំពេញៈ អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ (UNAIDS) ​បានបង្ហាញ​របាយការណ៍​ពី​ការធ្លាក់ចុះ​នៃ​ការឆ្លង​ជំងឺអេដស៍​ចាប់ពី​ការផ្ទុះ​ឡើង​ដំបូង​នៅ​កម្ពុជា​​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៨ ខណៈ​អ្នកស្លាប់​មាន​ជាង​ ៧ ​ម៉ឺន​នាក់ ឯ​អ្នក​ឆ្លង​មាន​ជាង​ ១៥ ​ម៉ឺន​នាក់ ហើយ​អ្នក​ផ្ទុក​ជំងឺអេដស៍​ថ្មី​ក៏​មាន​អ្នក​នៅ​វ័យក្មេង​ផងដែរ​។

ប៉ុន្តែ​មន្ត្រី​ថា​ការស្មោះត្រង់​ប្រពន្ធ​ ១ ​ប្ដី​ ១ ​និង​ការប្រើ​ស្រោម​អនាម័យ​ជា​វិធី​បង្ការ​ដ៏ប្រសើរ​។

តាម​ UNAIDS ក្នុង​ឆ្នាំ​ ២០១៨ មាន​ពលរដ្ឋ​កម្ពុជា​ផ្ទុក​ជំងឺអេដស៍​ចំនួន ៧៣ ០០០ នាក់ ​ក្នុង​នោះ​ចំនួន ៣ ៣០០ នាក់​ គឺជា​កុមារ​មាន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​។ ក្នុងចំណោម​អ្នក​ផ្ទុក​ទាំងអស់​នេះ​គឺ​ ៨២% ​បាន​ដឹងថា ពួកគេ​បាន​ផ្ទុក​ជំងឺអេដស៍ ហើយ​ប្រហែល ១២ ៦០០ ​នាក់​ទៀត​ មិនបាន​ដឹងថា ឆ្លង​នោះ​ទេ​។

UNAIDS បាន​បញ្ជាក់ថា សម្រាប់​ការឆ្លង​មេរោគ​អេដស៍​ថ្មី​គឺ​ត្រូវបាន​កាត់បន្ថយ​ ៩៥% ​ចាប់ពី​ផ្ទុះឡើង​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​ ១៩៩៧​។ ​ក្នុង​ឆ្នាំ​ ២០១៨ ​ករណី​ឆ្លង​ជំងឺអេដស៍​ថ្មី​គឺ​មាន​ ៨៨០ ​នាក់ ខណៈ​ឆ្នាំ​ ១៩៩៧ ​មាន​​អ្នក​ឆ្លង​ ១៦ ៥០០ ​នាក់​។

ប៉ុន្តែ​ UNAIDS បាន​សរសេរ​ថា​ «​ចាប់តាំងពី​ឆ្នាំ​ ២០១០ ​ការឆ្លង ជំងឺអេដស៍​ថ្មី​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៦២%​ ពី​ចំនួន​ ២ ៣០០ ​នាក់​ មក​នៅ​ ៨៨០ ​នាក់​ ក្នុង​ឆ្នាំ​ ២០១៨​។ រីឯ​ការឆ្លង​ចំពោះ​កុមារ​គឺ​បាន​ធ្លាក់ចុះ​ ៧២% ពី​ចំនួន​ ៣៧០ ​នាក់​ក្នុង​ឆ្នាំ​ ២០១០ ​មក​នៅក្រោម​ ២០០ ​នាក់ ​ក្នុង​ឆ្នាំ​​ ២០១៨»​។

ដោយឡែក​អ្នកស្លាប់​ដោយ​ជំងឺអេដស៍​បាន​ថយចុះ​ ៨០% ចាប់ ពី​ឆ្នាំ​ ២០០៣​។ ​នៅ​ឆ្នាំ​ ២០១៨ មាន​អ្នកស្លាប់​ប្រហែល​ ១ ៣០០ ​នាក់ ខណៈ​ឆ្នាំ​ ២០០៣ ​មាន​ ៦ ៤០០ ​នាក់ និង​ឆ្នាំ​​ ២០១០ មាន ចំនួន​ ២ ៥០០ ​នាក់​។ ប៉ុន្តែ​បើ​គិត​ចាប់ពី​ការផ្ទុះ​ជំងឺអេដស៍​នៅ​កម្ពុជា​រហូត​ដល់​ឆ្នាំ​ ២០១៨ ​គឺ​មាន​អ្នកស្លាប់​ ៧១ ០០០ ​នាក់ រីឯ​អ្នក​ឆ្លង​ជំងឺ​មាន​សរុប ​១៥៥ ០០០ ​នាក់​។ នេះ​បើតាម​របាយការណ៍​ដដែល​។

បើ​តាម​របាយការណ៍​នេះ​ជា​រៀងរាល់​សប្ដាហ៍​គឺ​មាន​មនុស្ស​វ័យក្មេង​អាយុ​ពី​ ១៥ ​ដល់​ ២៤ ​ឆ្នាំ​ចំនួន​ ៣ ​នាក់​ បាន​ឆ្លង​ជំងឺអេដស៍​។ រីឯ​ម្នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺអេដស៍​ថ្មី​ ៥ ​នាក់​ គឺមាន​អាយុ​ពី​ ១៥ ​ដល់​ ២៤ ​ឆ្នាំ​។

ទោះយ៉ាងណា UNAIDS ថា គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ​ក្នុងចំណោម​អ្នក​ផ្ទុក​ជំងឺអេដស៍​ ៧៣ ០០០ ​នាក់​ គឺមាន​ ៦០ ៤២២ ​នាក់ ​បាន​ទទួល​សេវា​ព្យាបាល​។

ក្នុងនោះ​ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង​​ជំងឺអេដស៍​ ៨៥% ​បាន​ផឹកថ្នាំ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ទៅ​កូនៗ​។

ការបង្ហាញ​តួលេខ​របស់ UNAIDS ​នេះ​បាន​ធ្វើឡើង​ស្របពេល​មាន​ការប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេសដ៍​ ១ ​ធ្នូ​ ក្រោម​ប្រធានបទ​ការផ្ដល់​អំណាច​ដល់​ប្រជាជន​ដើម្បី​បង្ហាញ​ថា មនុស្ស​ និង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺអេដស៍​គឺ​បាន​ចូលរួម​ធ្វើ​សេចក្ដី​សម្រេចចិត្ត ការផ្ដល់​សេវា​ជំងឺអេដស៍ ការឆ្លង​ថ្មី​ធ្លាក់ចុះ និង​មនុស្ស​ឆ្លង​មេរោគ​អេសដ៍​កាន់តែ​ច្រើន​បាន​ទទួល​ការព្យាបាល​។

លោកស្រី​នាយក​ប្រតិបត្តិ​ UNAIDS បាន​ថ្លែងថា​៖ «​ពេល​ប្រជាជន​ និង​សហគមន៍​មាន​អំណាច​ និង​ទីភ្នាក់ងារ​នោះ ការផ្លាស់ប្ដូរ​នឹង​កើតឡើង​។ ការសាមគ្គី​របស់​ស្ដ្រី យុវជន បុរស​ស្រឡាញ់​បុរស បុរស​រួមភេទ​ជាមួយ​បុរស អ្នករកស៊ី​ផ្លូវភេទ អ្នកប្រើ​គ្រឿងញៀន និង​អ្នក​ប្ដូរ​ភេទ​​គឺ​បាន​ធ្វើឱ្យ​មាន​ការផ្លាស់ប្ដូរ​ការ​ផ្ទុះឡើង​ជំងឺអេដស៍ ហើយ​ការផ្ដល់​សិទ្ធិអំណាច​ដល់​ពួកគេ​នឹង​បញ្ចប់​ការរាលដាល​នៃ​ជំងឺ​នេះ​»​។

ចំណែក​លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុម​ដែល​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​ជំងឺអេដស៍​គឺ​ក្រុម​បុរស​ស្រឡាញ់​បុរស អ្នករកស៊ី​ផ្លូវភេទ និង​ក្រុមយុវជន​។ លោក​ថា​ជំងឺអេដស៍​គឺ​អាច​ការពារ​បាន ប្រសិន​បើ​មនុស្ស​មាន​ស្នេហា​ស្មោះត្រង់​ប្ដី​ ១ ​ប្រពន្ធ​ ១ ​និង​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ជា​ដាច់ខាត​ប្រសិន​មាន​ដៃគូ​ច្រើន​។

លោក​ថា​៖ «​សម្រាប់​យុវជន​ហ្នឹង​កុំអាល​ទាន់​ប្រឡូក​ក្នុង​រឿង​ស្នេហា ហើយ​ត្រូវ​ទទួល​ការអប់រំ​ផ្នែក​សុខភាព​ហ្នឹង​ជាមុន​។ យើង​ព្រួយបារម្ភ​ថា បើ​យុវជន​ឆាប់​ប្រឡូក​ក្នុង​ស្នេហា​ទាំង​នៅ​វ័យក្មេង​ពេក​...»​។

កាលពី​ម្សិលមិញ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍​បាន​ប្រារព្ធ​ទិវា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រោម​អធិបតី​របស់​លោក កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​សាលសន្និសីទ​ចតុមុខ​ដែល​មាន​អ្នក​ចូលរួម​ពី​ស្ថាប័ន​នានា​ប្រមាណ​ ៧០០ ​នាក់​។

តួលេខ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​បង្ហាញ​ដែរ​ថា អ្នកស្លាប់​ដោយសារ​ជំងឺ​អេដស៍​ថយចុះ​ ៤៨% ​ពី​ឆ្នាំ​ ២០១០ ​ដល់​ឆ្នាំ​ ២០១៨ ហើយ​ការមាក់ងាយ​ និង​រើសអើស​ទៅលើ​អ្នក​កើត​ជំងឺអេដស៍​ក៏បាន​ធ្លាក់ចុះ​​ពិសេស​ការបដិសេធ​មិន​ផ្ដល់​ការងារ​ធ្លាក់​ពី​ ៤៦% ​ក្នុង​ឆ្នាំ​ ២០១០ ដល់​ត្រឹម​ប្រមាណ​ ២% ​ក្នុង​ឆ្នាំ​ ២០១៨​។ ប៉ុន្តែ​ការ​មាក់ងាយ​ និង​រើសអើង​ខ្លួនឯង ជាពិសេស​អារម្មណ៍​អៀនខ្មាស​នៅតែ​ជា​បញ្ហា​ដោយ​មាន​អត្រា​ប្រមាណ​ ៧១% ​ក្នុង​ឆ្នាំ​ ២០១០ មក​នៅ​ជាង​ ៦២% ក្នុង​ឆ្នាំ​ ២០១៨៕