ភ្នំពេញៈ UNDP បានដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​កម្មវិធី Accelerator Labs នៅ​កម្ពុជា​ដើម្បី​ជំរុញ​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា ឬ​មធ្យាបាយ​ដោះស្រាយ​បញ្ហា​ដ៏ឆ្លាតវៃ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​បាន​ឆាប់រហ័ស​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ដែល​មាន​រយៈពេល​ ១០ ឆ្នាំ​ទៀត ខណៈ​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​សុទិដ្ឋិនិយម​ថា កម្ពុជា​អាច​នឹង​សម្រេច​បាន​ក្នុង​រយៈពេល​ដ៏ខ្លី​ខាង​មុខ​។

កាលពី​ម្សិលមិញ​មាន​អ្នក​ពាក់ព័ន្ធ​យ៉ាងហោចណាស់​ជាង ២០០ នាក់​ដូចជា​តំណាង​រាជរដ្ឋាភិបាល​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រុម​អ្នកបង្កើត​ថ្មី​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ វិស័យ​ឯកជន សង្គម​ស៊ីវិល​បាន​ចូលរួម​ការដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​កម្មវិធី Accelerator Labs ដែល​បានរៀបចំ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) នៅ​ទីស្នាក់ការ Factory ភ្នំពេញ​។ UNDP បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​កម្មវិធី Accelerator Labs គឺជា​សេវា​ថ្មី​មួយ ដែល​នឹង​ធ្វើការ​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល ដើម្បី​ប្រមើល​មើល​សាជាថ្មី​អំពី​អភិក្រម​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​អនុវត្ត​ការងារ​អភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ន​។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា កម្មវិធី Accelerator Labs មាន​បណ្តាញ​រហូតដល់ ៦០ ​ក្រុម​នៅ​ទូទាំង​ពិភពលោក និង​មាន​គោលបំណង​រួមគ្នា ដើម្បី​កសាង​បណ្តាញ​ចែករំលែក​ចំណេះដឹង​ធំជាងគេ​ក្នុង​ពិភពលោក​ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​អភិវឌ្ឍន៍​ឱ្យបាន​ឆាប់រហ័ស​បំផុត​។ បណ្តាញ​នេះ​នឹង​ប្រមូល​ចងក្រង​នូវ​នវានុវត្តន៍​នានា​នៅ​តាម​មូលដ្ឋាន ជាមួយ​នឹង​ទិន្នន័យ​ដែល​ទទួលបាន​ភ្លាមៗ​ពី​ប្រភព​ថ្មីៗ និង​ពី​ការពិសោធ​នានា ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ដំណោះស្រាយ សម្រាប់​បញ្ហា​ប្រឈម​នានា ក្នុង​សេដ្ឋកិច្ច​ ការងារ​យុវជន និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។

UNDP បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា​៖ «UNDP កំពុង​បន្ត​ស្វែងរក​ដៃគូ និង​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​ពង្រីក​កម្មវិធី​របស់ខ្លួន​ក្នុង​គោលបំណង​ធ្វើការ​សាកល្បង និង​ពង្រីក​វិសាលភាព​ដំណោះស្រាយ​ដែល​អាចជួយ​ឱ្យ​គ្រប់គ្នា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDGs)»​។

លោក Nick Beresford អ្នកតំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​ជំរុញ​ដល់​ពលរដ្ឋ​កម្ពុជា គួរ​ចាំបាច់​ធ្វើការងារ​ឱ្យ​លឿន​ជាង​មុន និង​ត្រូវប្រកាន់យក​ស្មារតី​សហគ្រិនភាព​ឲ្យ​បាន​កាន់តែ​ខ្ពស់ ប្រសិន​បើ​កម្ពុជា​ចង់​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) ឱ្យបាន​ត្រឹម​ឆ្នាំ​ ២០៣០​។

លោក​បន្តថា កម្មវិធី Accelerator Labs នៅ​កម្ពុជា និង​ក្នុងប្រទេស ៥៩ ផ្សេងទៀត​គឺជា​វិធីសាស្ត្រ​ការងារ​ថ្មី​ដែល UNDP ប្រើប្រាស់​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​អភិវឌ្ឍន៍​តាមរយៈ​ការផ្តល់​ថាមពល​ឡើងវិញ​ដល់​ការងារ​របស់ខ្លួន និង​ដំណោះស្រាយ​ដែល​គ្រប់គ្នា​មាន​ចំពោះ​បញ្ហា​អភិវឌ្ឍន៍​ប្រទេស​។

លោក Nick ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែមថា UNDP និង​ដៃគូ​អភិវឌ្ឍន៍​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​យ៉ាងហោចណាស់ ៧០ ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​រយៈពេល ២ ទៅ​ ៣ ​ឆ្នាំ​ខាងមុខ​ដែល​លោក​រំពឹងថា វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ចំនួន ៣ ដូចជា ក្រុម​អ្នកបង្កើត​ថ្មី (new innovation) វិស័យ​ឯកជន និង​សេវាសាធារណៈ​។

លោក​បញ្ជាក់ថា​៖ «​យើង​គ្រប់គ្នា​ចង់​ឃើញ​ការផ្លាស់ប្តូរ យើង​ចង់ឃើញ​វិធី​ដែល​រាជរដ្ឋាភិបាល​ផ្តល់​សេវាសាធារណៈ​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ភាពរហ័សរហួន លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​ដោយ​ជម្នះ​នូវ​ឧបសគ្គ និង​ការប្រថុយប្រថាន​ដោយ​ការចាប់​យក​វិធីសាស្ត្រ​ថ្មី​។ ខ្ញុំ​គិតថា នោះ​គឺជា​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវមាន​ទំនាក់ទំនង និង​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ដោយ​ចាប់​ផ្តើមធ្វើ​ចាប់ពី​ពេលនេះ​តទៅ​»​។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ​បាន​លើកឡើង​ក្នុងឱកាស​នោះ​ថា កម្ពុជា​មាន​សក្តានុពល​ធំ​ជាពិសេស​ធនធានមនុស្ស​វ័យ​ជំទង់​នៅ​មាន​អត្រា​ខ្ពស់ បើទោះបី​ក្នុង​ពេល​បច្ចុប្បន្ន ពួកគេ​នៅមាន​ការខ្វះខាត​នូវ​ការយល់ដឹង​ពី​បច្ចេកវិទ្យា​យ៉ាងណា​ក្តី​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​បាន​ព្យាយាម​បណ្តុះបណ្តាល និង​បញ្ជ្រាប​នូវ​គំនិត​ថ្មីៗ និង​ការបង្កើត​ថ្មី​ក្នុង​ការផ្តល់​សេវាសាធារណៈ​របស់ខ្លួន​ឲ្យ​កាន់តែ​ងាយស្រួល​តាមរយៈ​បច្ចេកវិទ្យា បើ​ទោះ​ជា​មិនបាន​គ្រប់​ជ្រុងជ្រោយ​ក្តី​។

លោក​បន្តថា​៖ «​ខ្ញុំ​គិតថា កម្ពុជា​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ គិត​ចាប់ពី​ពេល​នេះ​ដែល​យើង​អាច​សម្រេច​ចក្ខុវិស័យ និង​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ ក្នុង​ក្របខ័ណ្ឌ​នេះ យើង​នឹង​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់សេវា ដែល​យ៉ាងហោចណាស់ ១ ​ឆ្នាំ​តម្រូវ​ឲ្យ​ក្រសួង​មួយ​ត្រូវ​សម្រេចបាន​នូវ​ការបង្កើត​ថ្មី ដើម្បី​រុញ​សេវា​របស់ខ្លួន​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ​»​។

លោក Benjamin Knodler លេខា​ទី​ ១ ​នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា ប្រសិនបើ​គ្រប់​គ្នា​ចង់​បញ្ចប់​ភាពក្រីក្រ និង​ដោះស្រាយ​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​ ២០៣០ ចាំបាច់​ត្រូវ​ងាក​ចេញ​ពី​របៀប​ធ្វើ​ការងារ​កន្លងមក និង​ត្រូវមាន​ភាព​ច្នៃប្រឌិត ព្រមទាំង​ពន្លឿន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​បន្ថែមទៀត​។

លោក Benjamin បញ្ជាក់ថា នេះ​គឺជា​អ្វី​ដែល​កម្មវិធី Accelerator Labs របស់ UNDP ចង់​សម្រេច​ឱ្យបាន​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​សកលលោក​ទាំងមូល​៕