
សិស្សកំពុងសិក្សានៅអនុវិទ្យាល័យទួលទំពូង នាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជាបានបង្ហាញពីទំហំនៃផលប៉ះពាល់ពីវិបត្តិកូវីដការអភិវឌ្ឍមនុស្សក្នុងប្រទេសចំនួន ៤ ក្នុងនោះមានកម្ពុជា និងប្រទេសជិតខាងចំនួន ៣ ខណៈ (UNDP) ថា ជំងឺនេះគឺជា «វិញ្ញាសាដ៏សំខាន់បំផុតដែលយើងបានប្រឈមចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិមក» ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនរាប់ទាំងផ្នែកអភិវឌ្ឍន៍មនុស្សផងដែរ។
របាយការណ៍ដែលចេញផ្សាយពីម្សិលមិញបង្ហាញថា (UNDP) បានសិក្សាលើប្រទេស ៤ រួមមានប្រទេសឡាវ វៀតណាម ថៃ និងកម្ពុជា ដែលបានដាក់ចេញនូវវិធានការអប់រំបន្ថែមផ្សេងៗគ្នាក្នុងអំឡុងពេលបិទសាលារៀន ហើយនៅពេលសាលារៀនត្រូវបានបើកឡើងវិញប្រទេសទាំង ៤ នេះបានកាត់បន្ថយ ឬលុបចោលថ្ងៃឈប់សម្រាកដែលបានគ្រោងទុក។
ប្រទេសឡាវ និងថៃបានដាក់ផែនការនៅមានកម្រិតក្នុងលក្ខខណ្ឌនៃទិន្នន័យស្តីពីការបើកសាលារៀនឡើងវិញ និងកាលវិភាគសំណងចំពោះការរៀន ហើយមានតែកម្ពុជា និងវៀតណាមប៉ុណ្ណោះ ដែលគិតលើសំណងនៃការរៀនសូត្រនេះដោយចំណាយពេលច្រើនជាង។
តាមរបាយការណ៍នេះក្នុងអំឡុងពេលបិទសាលារៀននេះក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវវិធានការដូចជា កម្មវិធីបង្រៀនផ្សាយតាមទូរទស្សន៍ និងវិទ្យុដើម្បីជួយឱ្យសិស្សដែលមិនមានអ៊ីនធឺណិតអាចភ្ជាប់ទំនាក់ទំនងបាន។
ក្រោយមកបានបើកសាជាថ្មីចាប់ពីថ្ងៃទី ២ ខែវិច្ឆិកាដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីបញ្ចប់នៅឆមាសទី២។ ក៏ប៉ុន្តែសាលារៀនត្រូវបានបិទជាថ្មីរហូតដល់ដំណាច់ឆ្នាំ ២០២០ ដោយសារមានករណីឆ្លងកូវីដចូលសហគមន៍ដែលត្រូវបានហៅថា ជាព្រឹត្តិការណ៍ ២៨ វិច្ឆិកា។
រីឯឆ្នាំសិក្សាថ្មី ២០២០-២០២១ ត្រូវប្ដូរមកចាប់ផ្តើមនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ជំនួសឱ្យការចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកា ដែលជាកាលបរិច្ឆេទចាប់ផ្តើមឆ្នាំសិក្សាធម្មតា។ សរុបទៅការបិទសាលារៀនមានរយៈពេល ៩៧ ថ្ងៃ ឬស្មើនឹង ៣៣,៥ ភាគរយ នៃថ្ងៃប្រតិទិនសិក្សាសាធារណៈទាំងអស់។
ចំពោះវៀតណាមវិធានការសំណងរៀនសូត្រត្រូវបានណែនាំក្នុងអំឡុងពេលឈប់សម្រាក ២ ខែ គឺនៅខែមិថុនា និងខែកក្កដា ដូច្នេះការបិទសាលាមានតែ ៣១ ថ្ងៃប៉ុណ្ណោះ។
តាមរបាយការណ៍បង្ហាញថាជំងឺកូវីដបានបង្កឱ្យមានការធ្លាក់ចុះនៃសន្ទស្សន៍នៃការអភិវឌ្ឍមនុស្សយ៉ាងខ្លាំងនៅប្រទេសទាំង ៤ នេះ។
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា រងផលប៉ះពាល់ខ្លាំងជាមួយនឹងការធ្លាក់ចុះនៃសន្ទស្សន៍ការអភិវឌ្ឍមនុស្សដោយបានធ្លាក់ចុះ ៣,៩៣ ភាគរយពីសន្ទស្សន៍ ០,៥៩៤ នៅក្នុងឆ្នាំ ២០១៩ ដល់សន្ទស្សន៍ ០,៥៧១ នៅឆ្នាំ ២០២០។
សម្រាប់កម្ពុជានេះ គឺស្មើនឹងការលុបចោលរាល់វឌ្ឍនភាពនានាក្នុងការអភិវឌ្ឍមនុស្សក្នុងរយៈពេល ៤ ឆ្នាំកន្លងមកគឺចាប់ពីឆ្នាំ ២០១៦ (សន្ទស្សន៍ ០,៥៧២)។
រីឯប្រទេស ៣ ទៀតមិនសូវប៉ះពាល់ធ្ងន់ធ្ងរទេគឺវៀតណាមធ្លាក់ចុះប្រមាណ ០,៣៩ ភាគរយ (សន្ទស្សន៍ ០,៧០១) ឡាវធ្លាក់ចុះ (-២,៥៩) ភាគរយ និងថៃធ្លាក់ (-១,៦៩) ភាគរយ។
ការធ្លាក់ចុះកម្រិតនេះវាគ្រប់គ្រាន់ក្នុងការរក្សាស្ថានភាពជាប្រទេសអភិវឌ្ឍន៍មនុស្សខ្ពស់ដូចថៃ ដោយសារតែលទ្ធផលសេដ្ឋកិច្ចរឹងមាំ គួបផ្សំនឹងរយៈពេលខ្លីនៃការបិទសាលា និងអត្រាប្រើប្រាស់អ៊ីនធឺណិតខ្ពស់ដែលធ្វើឱ្យការសិក្សាពីចម្ងាយអាចធ្វើទៅបាន។
របាយការណ៍ (UNDP បញ្ជាក់ថា ការថយចុះនៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សកម្ពុជាគឺបណ្តាលមកពីកត្តាធំៗ ២ គឺទី១ ការធ្លាក់ចុះនៃសន្ទស្សន៍នៃការអប់រំ គឺ ១១,១១ ភាគរយដោយសារការបិទសាលាដែលអូសបន្លាយពេល (ប្រហែល ៩៧ ថ្ងៃ នៃថ្ងៃប្រតិទិន) ដែលកាន់តែធ្ងន់ធ្ងរ ដោយការប្រើប្រាស់អ៊ីនធឺណិតទាប ៤៧,៩ ភាគរយ និងទី២ គឺការធ្លាក់ចុះសន្ទស្សន៍ប្រាក់ចំណូល ០,៩ ភាគរយដោយសារតម្រូវការសកលចំពោះការនាំចេញសំខាន់ៗរបស់ខ្លួន ជាពិសេសវិស័យកាត់ដេរសំណង់ និងទេសចរណ៍។
បើប្រៀបធៀបប្រទេសឡាវ វៀតណាម និងថៃ មានពេលវេលាបិទសាលារៀនមានតិចជាងកម្ពុជា ទោះបីប្រទេសវៀតណាម និងថៃ មានករណីជំងឺកើនឡើងខ្ពស់ លើកលែងប្រទេសឡាវ។
ទោះជាយ៉ាងណាលោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា នេះគ្រាន់តែជាការសិក្សារបស់អង្គការ ១ ប៉ុណ្ណោះមិនបានជះឥទ្ធិពលដល់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ខណៈក្រសួងអប់រំបានប្រែក្លាយវិបត្តិនេះជាឱកាសពង្រឹងការអប់រំរបស់ខ្លួន។
លោកបានថ្លែងថា៖ «កូវីដ ១៩ មានផលជះលើវិស័យអប់រំ និងវិស័យផ្សេងៗក្នុងពិភពលោក។ ក្រសួងអប់រំ យុវជន និងកីឡា បង្វែរបញ្ហាប្រឈមដោយសារកូវីដ ១៩ ឱ្យក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថលដែលស្ថិតក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣»៕