ភ្នំពេញៈ របាយការណ៍សិក្សាស្រាវជ្រាវមួយរបស់អង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានអះអាង ថា វិបត្តិកូវីដ១៩ គឺជាកត្តាជំរុញឲ្យកម្ពុជាបង្កើតកម្មវិធីគាំពារសង្គមទ្រង់ទ្រាយធំ ហើយថាកម្ពុជាអាចចំណាយថវិកាត្រឹមតែក្រោម ១,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដើម្បីកាត់បន្ថយភាពក្រីក្រឲ្យមកនៅក្រោម ៣ ភាគរយ។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទមានចំណងជើងថា «បំពេញតម្រូវការនៃសេវាគាំពារសង្គមនៅកម្ពុជា» បានឲ្យដឹងថា កម្ពុជាបានអនុវត្តកម្មវិធីផ្ដល់សាច់ប្រាក់ដល់ជនក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ ១៩។ បើទោះបីជាការអន្តរាគមន៍គ្រាមានអាសន្ននេះ បច្ចុប្បន្ននេះនៅមានកម្រិត និងបានផ្ដល់នូវសំណាញ់សុវតិ្ថភាពសង្គមទ្រង់ទ្រាយធំតិចជាង ១ ឆ្នាំក៏ដោយ កម្មវិធីនេះបង្ហាញពីការរីកចម្រើនកម្រិតនយោបាយ និងកម្រិតស្ថាប័នដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅកាន់កម្មវិធីអចិន្រៃ្តយ៍មានប្រសិទ្ធភាព និងប្រកបដោយមហិច្ឆតា។
របាយការណ៍លើកឡើងថា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ និងបានរក្សាមិនឲ្យមានវិសមភាពប្រាក់ចំណូលកម្រិតធំ។ អត្រាភាពក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំងពីប្រមាណ ៥០ ភាគរយនៃពលរដ្ឋសរុបនៅឆ្នាំ ២០០៧ មកនៅទាបជាង ១០ ភាគរយនៅឆ្នាំ ២០១៦។
ក៏ប៉ុន្តែកម្ពុជាមិនទាន់មានសេវាគាំពារសង្គមមូលដ្ឋានថ្នាក់ជាតិដែលមានប្រសិទ្ធភាព សម្រាប់ជួយដល់ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងភាពក្រីក្រទេ ហើយការបង្កើតឡើងនូវជំនួយសង្គមមានភាពយឺតយ៉ាវ។ នៅឆ្នាំ ២០១៧ កម្ពុជាបានអនុម័តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលឧបត្ថម្ភប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដូចជា ចាស់ជរា ជនមានពិការភាពធ្ងន់ធ្ងរ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច សិស្សបឋមសិក្សា និងមធ្យមសិក្សា។ ក្របខ័ណ្ឌគោលនយោបាយនេះបង្ហាញពីការពិចារណាហ្មត់ចត់ និងការប្ដេជ្ញាចិត្តផ្នែកនយោបាយយ៉ាងច្បាស់លាស់។ ប៉ុន្តែមិនទាន់មានផែនការ និងធានាសេវាគាំពារសង្គមសម្រាប់អ្នកក្រីក្រនៅវ័យធ្វើការ។ នេះបើតាមរបាយការណ៍ដដែល។
របាយការណ៍ UNDP លើកឡើងថា មានគំរូ ២ ក្នុងការផ្ដល់ការគាំពារសង្គម នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់សុទ្ធ និងការបញ្ចូលគ្នារវាងការផ្ដល់សាច់ប្រាក់ជាមួយការផ្ដល់ធន និងជំនាញផ្សេងទៀត។
របាយការណ៍សរសេរថា៖ «មិនថាកម្ពុជាជ្រើសរើសយកមកអនុវត្តនូវការជួយគាំទ្រសង្គមតាមគំរូមួយណា យើងប៉ាន់ប្រមាណថា ការចំណាយនឹងមានប្រមាណ ៨០ លានដុល្លារ ដើម្បីកាត់បន្ថយភាពក្រីក្របានពាក់កណ្ដាល ដែលធ្វើឲ្យពលរដ្ឋកម្ពុជាកន្លះលាននាក់អាចបំពេញតម្រូវការជីវភាពរស់នៅបាន»។
បើទោះបីជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាកម្មវិធីបណ្ដោះអាសន្នក៏ដោយ វានឹងជួយកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើនទាំងនៅតំបន់ជនបទ និងនៅទីក្រុង។ ប្រសិនបើកម្មវិធីនេះបន្តក្នុងរយៈពេលកាន់តែយូរ ផែនការគាំពារសង្គមគ្រាអាសន្នឆ្លើយតបនឹងកូវីដ១៩នេះ អាចជួយឲ្យពលរដ្ឋកម្ពុជាជាង ១ លាននាក់ចាកចេញពីភាពក្រីក្រ និងជួយឲ្យជីវភាពរស់នៅរបស់មនុស្សជាច្រើននាក់ទៀតមានភាពប្រសើរឡើង។
របាយការណ៍ UNDP សរសេរថា៖ «នេះបង្ហាញពីគោលជំហរនយោបាយដែលមិនធ្លាប់មានពីមុនមក ហើយក៏បង្ហាញពីការរីកចម្រើនកម្រិតស្ថាប័ន ឆ្ពោះទៅកាន់កម្មវិធីមួយដែលមានភាពអចិន្រៃ្តយ៍ និងប្រកបដោយមហិច្ឆតា រួមទាំងការឆ្ពោះទៅកាន់ការបង្កើតឡើងនូវកិច្ចគាំពារសង្គមជាមូលដ្ឋានថ្នាក់ជាតិ»។
កាលពីឆ្នាំ ២០១៨ ថវិកាអតិរេករបស់កម្ពុជាមានចំនួនប្រមាណ ១៥០ លានដុល្លារ។ ប្រសិនបើថវិកានេះត្រូវបានយកមកប្រើសម្រាប់សំណាញ់សុវត្ថិភាពសង្គម នោះវាស្ទើរតែអាចលុបបំបាត់នូវចន្លោះប្រហោងនៃភាពក្រីក្រ។
លោក Nick Beresford តំណាងអង្គការ UNDP មានប្រសាសន៍តាមរយៈសេចក្ដីប្រកាសព័ត៌មានថា របាយការណ៍នេះបង្ហាញថា ប្រព័ន្ធគាំទ្រមួយដែលផ្អែកលើកិច្ចគាំពារសង្គមជាមូលដ្ឋានថ្នាក់ជាតិមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្រឲ្យមកនៅក្រោម ៣ ភាគរយ ក្នុងចំណោមប្រជាជនទាំងអស់។ នៅក្នុងពេលធម្មតានេះ កម្ពុជាមានលទ្ធភាពក្នុងការសម្រេច [កាត់បន្ថយភាពក្រីក្រ] បាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងពីម្សិលមិញថា ជារួមរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជីវភាពរបស់ជនក្រីក្រ និងជនងាយរងគ្រោះ។ បច្ចុប្បន្ននេះកម្ពុជាកំពុងជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ ហើយបន្ទាប់ពីកូវីដផុតទៅ រដ្ឋាភិបាលនឹងវិនិយោគទៅលើវិស័យកសិកម្មដើម្បីជួយដល់កសិករ។ លោកបន្តថា កម្មវិធីលម្អិតនៃការគាំពារសង្គមមានចែងក្នុងគោលនយោបាយដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងអនុវត្ត៕
វីដេអូ៖