ភ្នំពេញ៖ អង្គការ UNESCO បង្ហាញ​សារសំខាន់ៗ ដើម្បី​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក ថ្ងៃ ៣ ឧសភា ឆ្នាំ ២០២១ ខណៈ​អង្គការ​អន្តរជាតិ​មួយ​នេះ មើល​ឃើញ​ថា វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​នាពេល​បច្ចុប្បន្ន​កំពុង​បង្ខំ​ឱ្យ​មាន​ការ​បិទ​ទ្វារ និង​បង្កើន​សម្ពាធ​នយោបាយ​លើ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លិខិត​ចែក​រំលែក​ខ្លឹម​សារសំខាន់ៗ របស់​អង្គការ UNESCO មួយ​ច្បាប់ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ ២៦ មេសា បាន​ឲ្យ​ដឹង​ថា ដើម្បី​ធ្វើ​ឱ្យ​ពិភព​លោក​មាន «ព័ត៌មាន​ដែល​ជា​ប្រយោជន៍​សាធារណៈ» គោល​នយោបាយ​បន្ទាន់ គឺ​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​គាំទ្រ​ដល់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ដែល​បង្កើត​ជា​មូលដ្ឋាន​ទ្រទ្រង់​ដល់​សារព័ត៌មាន​សេរី។

អង្គការ​នេះ បាន​បន្ត​ថា៖ «យើង​ប្រឈម​នឹង​ការ​ខាតបង់​យ៉ាង​ខ្លាំង​រួច​មក​ហើយ។ វិបត្តិ​នាពេល​បច្ចុប្បន្ន​កំពុង​បង្ខំ​ឱ្យ​មាន​ការ​បិទ​ទ្វារ និង​ការ​កាត់​បន្ថយ​ការងារ​សារព័ត៌មាន និង​បង្កើន​សម្ពាធ​នយោបាយ លើ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លទ្ធផល គឺ​យើង​រស់នៅ​ក្នុង​វាល​ខ្សាច់​ព័ត៌មាន ហើយ​អ្នក​សារព័ត៌មាន​កំពុង​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ឡើង នៅ​ក្រោម​លក្ខខណ្ឌ​មិន​ច្បាស់លាស់»។

ដូច្នេះ អង្គការ UNESCO បាន​លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​នេះ គ្រប់គ្នា​ត្រូវ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​មួយ ដែល​ធានា​នូវ​ភាព​ឋិតថេរ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​ពហុនិយម ខណៈ​ដែល​ការ​អនុម័ត​ការ​ការពារ​នូវ​វិចារណកថា​ឯករាជ្យ​មាន​ភាព​ចាំបាច់​សម្រាប់​សារព័ត៌មាន​ដែល​ជា​ប្រយោជន៍​សាធារណៈ។

អ្វី​ទាំង​អស់​នេះ អង្គការ UNESCO យល់​ថា ពេល​នេះ វា​ជា​ពេលវេលា​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធានា​នូវ​និរន្តរភាព អាច​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​មួយ​ដែល​ព័ត៌មាន​ទាំង​នេះ ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​រវាង​ការ​រស់រាន​មាន​ជីវិត និង​ការ​ស្លាប់ និង​រវាង​ការ​ដួលរលំ​ជា​បន្ត​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ក្រៅ​ពី​នេះ UNESCO ក៏​ចង់​ឲ្យ​ក្រុមហ៊ុន​អ៊ីនធឺណិត​ផ្តល់​តម្លាភាព​បន្ថែម​ទៀត អំពី​​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ដើម្បី​លើក​កម្ពស់​ព័ត៌មាន និង​អំពីវិធាន​ការ​របស់​ពួក​គេ ដើម្បី​បញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ព្រោះ​ការ​លើក​កម្ពស់​តម្លាភាព​ធ្វើ​ឡើង ដើម្បី​ឱ្យ​មាន​គណនេយ្យភាព​សាធារណៈ។

ជាង​នេះ​ទៅ​ទៀត ការ​បង្កើន​ជំនាញ​សមត្ថភាព​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​ជា​ប្រយោជន៍​សារធារណៈ​ពិត​ជា​មាន​អត្ថន័យ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។

UNESCO បញ្ជាក់​ថា៖ «ប្រការ​នេះ​ទាមទារ​ឱ្យ​មាន​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជា​ថ្មី ដើម្បី “ធ្វើ​ឱ្យ​សម្រេច​បាន​ដូច​អ្វី​ដែល​បាន​និយាយ (Walk the Talk)” ។ ដោយ​រក្សា​នូវ​សារៈសំខាន់​ខ្ពស់​នៃ "ព័ត៌មាន​ដែល​ជា​ប្រយោជន៍​សាធារណៈ” នៅ​ក្នុង​ស្ថានភាព​សព្វថ្ងៃ»។

លោក មាស សោភ័ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើក​ថា ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ ១៩ នេះ វិធានការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល គឺ​មិនមែន​បាន​ន័យ​ថា ជា​ការ​គាប​សង្កត់ និង​ដាក់​សម្ពាធ​នយោបាយ​លើ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​នោះ​ទេ។

លោក​បន្ត​ថា វិធានការ​ទាំង​អម្បាលម៉ាន គឺ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ ១៩ តែ​ប៉ុណ្ណោះ ខណៈ​អំឡុង​ពេល​នេះ ក្រសួង​ក៏​បាន​ផ្តល់​សិទ្ធិ​ពិសេស​ដល់​អ្នក​សារព័ត៌មាន ដោយ​អាច​ចុះ​យក​ព័ត៌មាន​ក្នុង​តំបន់​បិទ​ខ្ទប់ រួម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ទៅ​កាន់​សាធារណជន​ផង​ដែរ។

លោក​បញ្ចាក់​ថា៖ «នៅ​ក្នុង​អំឡុង​នៃ​ការ​រីក​រាលដាល​នេះ គឺ​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​កម្ពុជា គឺ​ប្រព្រឹត្ត​ទៅ​បាន​ដដែល គ្រប់​ពេលវេលា គ្រប់​ទីកន្លែង ព្រម​ទាំង​មាន​វិសាលភាព មាន​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​ដដែល។ គ្រាន់តែ​យើង​ធ្វើ​ការ​ប្រៀបធៀប​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ក្នុង​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ គឺ​អង្គភាព​ផ្សព្វផ្សាយ​តាម​អនឡាញ គឺ​មាន​ការ​កើន​ឡើង»។

បើ​តាម​លោក មាស សោភ័ណ នៅ​ឆ្នាំ ២០២១ នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អនឡាញ គឺ​មាន​កើន​ឡើង​ជាង ១០០ ស្ថាប័ន ដោយ​មាន​សរុប​ជិត ៧០០ អង្គភាព។ ចំណែក​ការ​ផ្តល់​កាត​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ គឺ​មាន​ជាង ៤ ០០០ នាក់ ដែល​ចំនួន​នេះ មាន​ការ​កើន​ឡើង​ជាង ៤០០ នាក់៕