ភ្នំពេញៈ ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា អង្គការ​យូណេស្កូ​នឹង​ចុះ​សិក្សា​អំពី​លក្ខណសម្បត្តិ​របស់​ទីក្រុង​ចំនួន​ ៣ ​របស់​កម្ពុជា​គឺ​ទីក្រុង​បាត់ដំបង ទីក្រុង​កំពត និង​ទីក្រុង​ក្រចេះ​ដែល​អាច​នឹង​ឈាន​ទៅ​ទទួល​ស្គាល់​ជា​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​។ ការលើកឡើង​នេះ​បន្ទាប់ពី​លោក​រដ្ឋមន្ត្រីក្រសួង​នេះ​បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​គណៈប្រតិភូ​អង្គការ​យូណេស្កូ​ស្ដីពី​វិស័យ​ទេសចរណ៍​កាលពី​សប្ដាហ៍​មុន​។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការជ្រើសរើស​ជា​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​នេះ​ដោយសារ​ទីក្រុង​បាត់ដំបង​មាន​ផ្ទះ​បុរាណ​ជាង​ ៨០០ ​ខ្នង និង​សំណង់​អគារបុរាណ​ជាច្រើន​ទៀត​ដែល​បន្សល់​តាំងពី​សម័យ​បារាំង​ក្នុង​ទសវត្សរ៍​ទី​ ៦០ ​ហើយ​ក្រុង​ចំនួន​ ២ ​ទៀត​គឺ​ក្រុង​ក្រចេះ និង​កំពត​ក៏មាន​ផ្ទះ​បុរាណ និង​សំណង់​អគារ​បុរាណ​ដូចគ្នានេះ​ផងដែរ​។

លោក​បន្តថា ទីក្រុង​ទាំង​ ៣ ​នេះ​ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏ល្អ បើ​ប្រៀបធៀប​ទៅ​នឹង​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត បន្ទាប់ពី​តំបន់​ប្រាសាទ​អង្គរ​។

លោក​បាន​ថ្លែងថា​៖ «​ដូចជា​សំណង់​អគារ​បុរាណ​នៅ​សាលា​ខេត្តបាត់ដំបង​គឺ​សល់​ពី​សម័យ​បារាំង​មកដល់​បច្ចុប្បន្ន​នេះហើយ​ខាង​ក្រចេះ​ និង​កំពត​ក៏​សល់​សំណង់​អគារ​បុរាណ​មួយចំនួន​ដែរ ក៏ប៉ុន្តែ​គ្រាន់តែ​ថា​ក្នុងចំណោម​ទាំង​ ៣ ​ក្រុង​ហ្នឹង​មាន​តែ​បាត់ដំបង​មាន​ច្រើនជាងគេ​»​។

កាលពី​ថ្ងៃទី​ ៣១ ខែ​មករា លោក Sardar Umar Alam នាយក​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជួបពិភាក្សា​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​​នៅឯ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​​ដើម្បី​ពង្រឹង​កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​ ២ លើ​ការងារ​ទេសចរណ៍ និង​ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍​ទេសចរណ៍​ទីក្រុង​ ​និង​ទេសចរណ៍​ម្ហូបអាហារ​រួមទាំង​ការងារ​មួយ​ចំនួន​ទៀត​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​ចុះផ្សាយ​នៅ​ថ្ងៃទី​ ១ ​កុម្ភៈ​ បាន​ឲ្យ​ដឹងថា អង្គការ​យូណេស្កូ​បាន​គាំទ្រ​កម្ពុជា​ដើម្បី​ជ្រើសរើស​ទីក្រុង​មួយ​ចំនួន​ដាក់បញ្ចូល​ជា​បណ្ដាញ​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​។

ហ្វេសប៊ុក​នេះ​បាន​សរសេរ​​ថា​ «​អង្គការ​ UNESCO សម្លឹង​ទីក្រុង​មួយ​ចំនួន​របស់​កម្ពុជា ជាពិសេស​ទីក្រុង​បាត់ដំបង ក្រចេះ និង​កំពត​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការឆ្លើយតប​តាម​លក្ខណ​វិនិច្ឆ័យ​ក្នុង​ការជាប់​ជា​បញ្ជី​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​ UNESCO»​។

លោក តុប សុភ័ក បាន​បន្ថែមថា ការចុះ​សិក្សា​និង​វាយតម្លៃ​ទីក្រុង​ទាំង​ ៣ ​នេះ​ពី​សំណាក់​អង្គការ​យូណេស្កូ​គឺអាច​ច្រើនលើក​ច្រើនសា មុន​នឹង​មាន​ការទទួលស្គាល់​ជា​ផ្លូវការ​។

លោក​ថា​៖ «​ធម្មតា​មុន​មាន​ការទទួល​ស្គាល់ គេ​ (​យូណេស្កូ​) ​ត្រូវ​ការចុះ​សិក្សា និង​វាយតម្លៃ​ច្រើនលើក​ច្រើនសា​ណាស់​មិនមែន​យើង​ដាក់​ទៅហើយ​គេ​អូខេ ​(​យល់ព្រម​) ​ភ្លាម​ទេ​។ ​ឥឡូវនេះ​​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​គេ​សិក្សា​វាយតម្លៃ​ហើយ​គេ​ទទួល​ស្គាល់​ពេលណា​គឺ​មិនទាន់​ដឹង​ទេ​»​។

បណ្តាញ​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​របស់​យូណេស្កូ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៤ ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ទីក្រុង​នានា​ដែល​បានកំណត់​ភាព​ច្នៃប្រឌិត​គឺជា​កត្តា​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព​។

លោក តុប សុភ័ក បាន​បន្ថែមថា នេះ​គឺជា​លើកដំបូង​ហើយ​​ដែល​កម្ពុជា​ដាក់​ទីក្រុង​ទាំង​ ៣ ដើម្បីឱ្យ​អង្គការ​យូណេស្កូ​សិក្សា​​វាយតម្លៃ​ដាក់ចូល​ក្នុង​បណ្ដាញ​ទីក្រុង​មាន​ភាពច្នៃប្រឌិត​។ លោក​បាន​បញ្ជាក់ថា ប្រភេទ​ទីក្រុង​នេះ​គឺ​មាន​លក្ខណសម្បត្តិ​ខុសគ្នា​ខ្លះ​ទៅ​នឹង​លក្ខណសម្បត្តិ​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​។

លោក​ថា​៖ «​គោលបំណង​ដើម្បី​ឱ្យ​មាន​ការទទួលស្គាល់​ជា​ទីក្រុង​ច្នៃប្រឌិត​ហ្នឹង​ទៅ​ដើម្បី​​ជា​គុណប្រយោជន៍​សម្រាប់​ការផ្សព្វផ្សាយ​លើ​វិស័យ​ទេសចរណ៍​។

ប៉ុន្តែ​លក្ខណសម្បត្តិ​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​គឺ​មាន​ធ្ងន់​ (​ច្រើន​) ​ជាង Creative City Network នេះ​»​។

បើតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​​ដដែល អង្គប្រជុំ​របស់​លោក ថោង ខុន ជាមួយ​មន្ត្រី​អង្គការ​យូណេស្កូ​ក៏បាន​ឯកភាព​គ្នា​លើ​ចំណុច​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​អេកូទេសចរណ៍​តាមរយៈ​ការរួម​គ្នា​សិក្សា​កំណត់​តំបន់​អេកូទេសចរណ៍​ទូទាំង​ប្រទេស​ផងដែរ​។

ជាមួយ​គ្នា​នោះ​អង្គការ​យូណេស្កូ​បាន​គាំទ្រ​ការដាក់​ចេញ​ឲ្យ​ឆាប់រហ័ស​នូវ​ផែនការ​មេ​អភិវឌ្ឍន៍​ខេត្តសៀមរាប​ដែល​ក្រុមការងារ​អន្តរក្រសួង​បាននិង​កំពុង​រៀបចំ​ដោយ​ផ្តោតលើ​តំបន់​ ៦ ជា​អាទិភាព​គឺ​តំបន់​ប្រាសាទ​អង្គរ ក្រុង​សៀមរាប ទន្លេសាប ព្រែក​ទាល់ ភ្នំ​គូលែន បន្ទាយស្រី​ និង​តំបន់​សៀមរាប​ថ្មី​ដោយ​អង្គការ​ UNESCO នឹង​ផ្តល់​អ្នកជំនាញការ​ដើម្បី​ពិនិត្យ​ និង​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ផែនការ​នេះ​៕