ភ្នំពេញៈ អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​ប្រកាស​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​រយៈពេល​ ១០ ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី​ ៣១ ខែ​តុលា ដើម្បី​អបអរ​សប្តាហ៍​នៃ​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ព័ត៌មាន​សកល​របស់​អង្គការ​សហប្រជាជាតិ​។

យុទ្ធនាការ​នេះ គឺ​ស្រប​ជាមួយ​ជា​ព្រឹត្តិការណ៍​អបអរសាទរ​ពិភពលោក​ប្រចាំឆ្នាំ​លើក​ទី​ ៩ នៃ​សប្តាហ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អក្ខរកម្ម និង​ព័ត៌មាន (MIL) របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ២០២០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ៣១ ខែតុលា ក្រោម​ប្រធានបទ «​ការ​ទប់ទល់​នូវ​ព័ត៌មាន​មិនពិត​អំពី​ជំងឺ​កូវីដ​១៩, អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​សម្រាប់​មនុស្ស​គ្រប់គ្នា និង​ផ្តើម​ដោយ​អ្នក​រាល់គ្នា​»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ​ប្រចាំ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ដើម្បី​អបអរសាទរ​សប្តាហ៍ Global MIL នេះ ការិយាល័យ​យូណេស្កូ​បាន​រៀបចំ​ផ្ទាំង​រូបភាព​ជា​ភាសា​ខ្មែរ​សម្រាប់​យុទ្ធនាការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រយៈពេល ១០ ថ្ងៃ​ការធ្វើ​បែបនេះ គឺ​ដើម្បី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ តាមរយៈ​បណ្ណប្រកាស​ទាំង ១០ ដែល​នឹង​ផ្សព្វផ្សាយ​ទៅតាម​កាលបរិច្ឆេទ​នីមួយៗ​។

អង្គការ​យូណេស្កូ​បាន​បញ្ជាក់ថា​៖ «​រោគរាតត្បាត​ថ្មីៗ​នេះ​បាន​ធ្វើឱ្យ​ពិភពលោក​ប្រឈមមុខ​ជាមួយ​នឹង​រលក​ថ្មី​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ជះឥទ្ធិពល​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩​។ ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​កូវីដ​១៩ នេះ​មិន​ត្រឹមតែ​បង្ក​ហានិភ័យ​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ផ្តល់​ភាពខុស​គ្នា​ដល់​នយោបាយ និង​សង្គម​ផងដែរ ដែល​ផ្តល់នូវ​មូលដ្ឋានគ្រឹះ​នៃ​ការស្អប់ខ្ពើម និង​ការបែងចែក​»​។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការលុបបំបាត់​នូវ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ គឺ​មិនអាច​ធ្វើឡើង​តែ​រាជរដ្ឋាភិបាល​តែម្នាក់ឯង​បាន​នោះទេ ការងារ​នេះ​គឺ​ត្រូវការ ការចូលរួម​ពី​គ្រប់ភាគី មិន​ថា​អង្គការ​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ហើយ​ជាពិសេស​ប្រជាពលរដ្ឋ​គ្រប់រូប​។ យុទ្ធនាការ​របស់​អង្គការ​យូណេស្កូ​ក៏​ជា​ចំណែក​មួយ​ក្នុង​ការចូលរួម និង​កៀរគរ​សាធារណជន​ឱ្យ​មាន​ការចូលរួម​ទាំងអស់ ដើម្បី​រារាំង​នូវ​ឥទ្ធិពល​នៃ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សង្គមជាតិ និង​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការផ្សព្វផ្សាយ​ដំណឹង​តាម​បណ្តាញ​ផ្សព្វផ្សាយ ឬ​មធ្យោបាយ​ផ្តល់​ព័ត៌មាន មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​កាន់តែ​ទូលំទូលាយ​។ ទន្ទឹម​នឹង​ហ្នឹង យើង​ក៏​ពិនិត្យ​ឃើញ​ការលេចឡើង​នូវ​ការផ្សព្វផ្សាយ​មិន​ពិត​ជាមួយ​គ្នា​។ ការប្រយុទ្ធ​ប្រឆាំង​នេះ គឺជា​ការងារ​មួយ​ចាំបាច់ ដែល​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ចំណែក​មួយ​ក្នុង​ការទប់ស្កាត់​នៃ​ការរីករាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ក៏​ជា​សារ​មួយ​ដល់​ប្រជាពលរដ្ឋ​យើង​ដែរ​»​។

យោងតាម​ផ្ទាំង​រូបភាព​ជា​ភាសា​ខ្មែរ ដែល​គ្រោង​នឹង​បង្ហោះ​ផ្សព្វផ្សាយ ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​ពី​សាធារណជន​របស់​អង្គការ​យូណេស្កូ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​ថា ព័ត៌មាន​មិន​ពិត​គឺ​សុទ្ធតែ​ជា​ព័ត៌មាន​ក្លែងក្លាយ ដែល​មាន​ចេតនា បង្កើតឡើង​ដើម្បី​បង្ក​អន្តរាយ​។ ផ្ទាំង​រូបភាព​ទាំងនោះ​ក៏​បាន​បង្ហាញ​ពី​ច្បាប់​ទាំង​ ៥ របស់​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ផងដែរ ព្រោះ​ថា​ព័ត៌មាន​មិនមែន​មាន​ត្រឹមតែ​តម្លៃ​នៃ​អព្យាក្រឹត និង​ឯករាជ្យ​ប៉ុណ្ណោះ​ទេ ព័ត៌មាន​គឺ​ត្រូវមាន​តម្លាភាព និង​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​យល់​។

យោង​តាម​ខ្លឹមសារ​របស់​អង្គការ​យូណេស្កូ​ដដែល​នេះ ដោយ​បាន​សរសេរ​ជា​ភាសា​ខ្មែរ​បាន​បង្ហាញ​ឱ្យដឹងទៀតថា អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​គឺ​សម្រាប់​មនុស្ស​ទូទៅ មិន​មាន​ការបែងចែក​ស្ត្រី ឬ​បុរស​នោះទេ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើគ្នា ទទួល​បាន​ឋានៈ​ស្នើ​គ្នា​ក្នុង​ការផ្តល់ និង​ទទួលបាន​នូវ​ព័ត៌មាន​៕