ភ្នំពេញៈ អង្គការ UNHCR បាន​ប្តេជ្ញា​បន្ត​ជួយ​គាំទ្រ​ដល់​ក្រសួងមហាផ្ទៃ ក្នុង​ការអនុវត្ត​ភារកិច្ច​ទាក់ទង​ទៅនឹង​ការងារ​គាំពារ​ជនភៀសខ្លួន​ និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ឲ្យ​បានល្អ​ប្រសើរ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​។

លោក Gluseppe de Vincentiis អ្នកតំណាង​ទើប​តែងតាំង​ថ្មី​នៃ​អង្គការ UNHCR ប្រចាំ​ប្រទេស​ កម្ពុជា វៀតណាម និង​ឡាវ​នៅក្នុង​ពេល​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នា​រសៀល​ថ្ងៃ​អង្គារ​នៅ​ស្តី​ការ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ជា​រដ្ឋហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​ឆ្នាំ​ ១៩៥១ ដោយ​លោក​ថា​ក្នុង​តំបន់​អាស៊ាន​មិន​មាន​ប្រទេស​ច្រើន​ចូលរួម​ក្នុង​អនុសញ្ញា​នេះ​ទេ​។ នេះ​បើ​តាម​លោក ផាត សុផានិត អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

លោក​ សុផានិត ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់ពី​ជំនួប​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​ឯកឧត្តម​ ( Gluseppe de Vincentiis) ​ពិតជា​កោតសរសើរ​ហើយ​ឯកឧត្តម​ប្តេជ្ញា​បន្ត​ជួយ​គាំទ្រ​ និង​ចែករំលែក​នូវ​បទពិសោធ​ផ្សេងៗ​ជាមួយ​ក្រសួងមហាផ្ទៃ​ និង​អគ្គនាយកដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​គាំពារ និង​គាំទ្រ​ជនភៀសខ្លួន និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នេះ ជាពិសេស​ការកសាង​សមត្ថភាព​ដល់​មន្ត្រី​ដែល​បំពេញ​ការងារ​នេះ​ព្រម​ទាំង​ការងារ​ផ្សេងៗ​ទៀត​»​។

លោក Gluseppe de Vincentiis ក៏បាន​សាទរ​ចំពោះ​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុង​ការរៀបចំ​ប្រព័ន្ធ​អត្រានុកូលដ្ឋាន​ដែល​នេះ​គឺជា​កិច្ចការ​មួយ​ដ៏មាន​សារៈសំខាន់ និង​ជាការ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​ក៏ដូចជា​ចុះបញ្ជី​នូវ​ចំនួន​ជនភៀសខ្លួន ​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ប្រកបដោយ​ប្រសិទ្ធភាព​។

នៅក្នុង​ជំនួប​នោះដែរ​លោក ស ខេង ​ក៏បាន​ជម្រាបជូន​លោក Gluseppe de Vincentiis ថា កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​នៃ​​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​ឆ្នាំ​ ១៩៥១ ហើយ​កម្ពុជា​មាន​ភារកិច្ច​ទទួល និង​ពិនិត្យ​រាល់​សំណើ​ជន​ទាំងឡាយ​ណា​ដែល​គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សិទ្ធិសេរីភាព​ក្រោម​ហេតុផល​នយោបាយ​ ឬ​ក៏​ជន​ដែល​រត់គេច​ពី​សង្គ្រាម និង​ដែល​ស្ថិតក្រោម​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​នេះ​។

លោក​ សុផានិត បញ្ជាក់ថា​៖ «​សម្តេច​ចាត់ទុកថា បើសិន​ជា​គ្មាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង UNHCR នោះ​ទេ ក៏​យើង​មិនអាច​សម្រេចបាន​នូវ​លទ្ធផល​ល្អ​ដូច​ដែល​យើង​ទទួល​បាន​នៅ​សព្វថ្ងៃនេះ​...​ជាទូទៅ​យើង​តែងតែ​អនុវត្ត​យ៉ាង​ល្អប្រសើរ​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ UNHCR លើ​កិច្ច​ការជួយ​គាំពារ​ជនភៀសខ្លួន និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​»​។

លោក ស ខេង បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​លោក Gluseppe de Vincentiis ក្នុង​ការជួយ​គាំទ្រ​ការបណ្តុះបណ្តាល​សមត្ថភាព​ដល់​មន្ត្រី​ដែល​ធ្វើ​ការងារ​នេះ​ឱ្យបំពេញ​ការងារ​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​៕