
គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោល កាលពីឆ្នាំ ២០១៨ នៅឯមជ្ឈមណ្ឌលកោះពេជ្រ។ ផា លីណា
ភ្នំពេញៈ របាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឲ្យដឹងថា មានការកើនឡើងនៃការផលិតគ្រឿងញៀនប្រភេទមេតំហ្វេតាមីននៅតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០១៨ ដែលធ្វើឲ្យមានការផ្គត់ផ្គង់ច្រើនទៅតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃចន្ទបានបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ ការរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្នុងតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍មានចំនួនសរុប ១១៦ តោន គឺកើនឡើង ២១០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៣ ខណៈដែលការរឹបអូសកាលពីឆ្នាំ ២០១៧ មានចំនួន ៨២ តោន។
លោក ទន់ ណៃសូ (Tun Nay Soe) អ្នកសម្របសម្រួលកម្មវិធីអន្តរតំបន់របស់ UNODC បានថ្លែងថា៖ «ទិន្នន័យអំពីការរឹបអូសតម្លៃការប្រើប្រាស់ និងការព្យាបាល បន្តបញ្ជាក់ពីការរីករាលដាលនៃទីផ្សារមេតំហ្វេតាមីននៅលើទីផ្សារក្នុងតំបន់អាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍»។
លោកបន្តថា៖ «ការរឹបអូសមេតំហ្វេតាមីននៅឆ្នាំ ២០១៨ បានជាប់ចំណាត់ថ្នាក់ខ្ពស់ ហើយតម្លៃគ្រឿងញៀននៅលើដងផ្លូវមានការធ្លាក់ចុះនៅក្នុងផ្នែកជាច្រើននៃតំបន់នេះ ដែលបញ្ជាក់បានថាលទ្ធភាពនៃការទទួលបានគ្រឿងញៀនមានកម្រិតខ្ពស់ និងកំពុងកើនឡើង»។
លោក ជើរ៉េមី ដូក្លាស (Jeremy Douglas) តំណាងរបស់ UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបាននិយាយថា បន្ថែមលើការព្រួយបារម្ភអំពីការកើនឡើងនៃមេតំហ្វេតាមីននេះ ថ្នាំញៀនសំយោគ និងប្រភេទផ្សេងទៀតក៏បានបង្ហាញវត្តមាននៅក្នុងតំបន់ ដែលនេះតម្រូវឲ្យអាជ្ញាធរប្ដូរការឆ្លើយតបនឹងថ្នាំញៀនទាំងនេះ។
ចំពោះប្រទេស កម្ពុជា UNODC បានឲ្យដឹងថាទីផ្សារមេតំហ្វេតាមីនប្រភេទម្សៅបន្តកើនឡើង ប៉ុន្តែត្រូវបានចាប់បានជារៀងរាល់ឆ្នាំ។ របាយការណ៍បន្តថា តម្លៃមធ្យមនៃមេតំហ្វេតាមីនប្រភេទម្សៅ និងគ្រាប់កើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយ។
ចំពោះថ្នាំញៀនប្រភេទអេស្តាស៊ីវិញ ក៏កើនឡើងដែរក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែមានការនាំចូលក្នុងចំនួនច្រើនពីអឺរ៉ុប។ ប៉ុន្តែថ្នាំប្រភេទនេះប្រហែលមិនមែនសម្រាប់ទីផ្សារកម្ពុជាទេ គឺអាចក្នុងគោលដៅទៅប្រទេសផ្សេង។ លើសពីនេះកម្ពុជា ក៏ជាចំណុចដឹកជញ្ជូនឆ្លងកាត់នៃថ្នាំញៀនប្រភេទកូកាអ៊ីនផងដែរ។
ក្នុងឆ្នាំ ២០១៨ សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនមនុស្សជាង ១ ម៉ឺន ៦ ពាន់អ្នកក្នុងបទល្មើសគ្រឿងញៀន ដែលគិតជាមធ្យមគឺ ៤៤ នាក់ក្នុង ១ ថ្ងៃ និងរឹបអូសគ្រឿងញៀនសរុប ៥៣៣ គីឡូក្រាម និងជាច្រើនរយកញ្ចប់ទៀត។
លោក មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងកាលពីថ្ងៃម្សិលមិញថា លោកមិនទាន់អាចប៉ាន់ប្រមាណតម្លៃសរុបនៃគ្រឿងញៀនដែលរឹបអូសបាននៅឡើយ។
លោកបន្ថែមថា តំណាងរបស់អង្គការ UNODC លោក អ៊ីគ័រ កនត្រេធ្យូវ (Igor Kondratyev) បានជួបពិភាក្សាការងារជាមួយលោកកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីការគ្រប់គ្រងការដឹកជញ្ជូនគ្រឿងញៀននៅតាមព្រំដែន និងការបង្កើនការិយាល័យទំនាក់ទំនងតាមព្រំដែន (BLO) ជាមួយប្រទេសជិតខាង ពិនិត្យភាពខ្វះចន្លោះនៃឧបករណ៍ដែលបំពាក់នៅតាមការិយាល័យទាំងនោះ និងចំណុចខ្សោយ។
លោកបន្តថា កម្ពុជាមានការិយាល័យទំនាក់ទំនងតាមព្រំដែនចំនួន ១៤ ហើយការិយាល័យបែបនេះនឹងត្រូវបង្កើតចំនួន ២ ទៀតនៅតាមព្រំដែនជាមួយប្រទេសវៀតណាម។
លោក មាស វីរិទ្ធ បន្ថែមថា ពួកឧក្រិដ្ឋកម្មគ្រឿងញៀនដាក់ពង្រាយភា្នក់ងារ ឬសមាជិករបស់ពួកគេនៅក្នុងប្រទេសនានាដែលមានសេដ្ឋកិច្ចរីកចម្រើន និងមានការអភិវឌ្ឍ។
លោកថ្លែងថា៖ «កាលណាប្រទេសមានការរីកចម្រើន បានន័យថាពលរដ្ឋមានជីវភាពធូរធារ មានលុយ ហើយចូលចិត្តសប្បាយ និងភ្លើតភ្លើន។អ៊ីចឹងពួកទាំងនោះអាចជាមុខសញ្ញាទីផ្សារប្រើប្រាស់គ្រឿងញៀន។ អ៊ីចឹងគេត្រូវដាក់ពង្រាយកម្លាំងគេដើម្បីធ្វើចរាចរណ៍ឬនាំគ្រឿងញៀនពីតំបន់ផលិតនៅលើពិភពលោក មាននៅអាមេរិកកណ្ដាល អាមេរិកខាងត្បូង តំបន់អា្រហ្វិក នៅតំបន់អឌ្ឍចន្ទមាស និងតំបន់ត្រីកោណមាស។ ក្រៅពីនោះក៏អាចមាននៅតំបន់ផ្សេងៗទៀតដែលមានលទ្ធភាពក្នុងការផលិត ហើយធ្វើចរាចរណ៍ទៅក្នុងទីផ្សារប្រើប្រាស់។ កម្ពុជាក៏មិនអាចគេចផុតពីការដាក់ពង្រាយក្រុមឧក្រិដ្ឋជន។អ៊ីចឹងយើងត្រូវខិតខំរកវិធីដើម្បីទប់ស្កាត់»។
លោកឲ្យដឹងថាកម្ពុជាសហការជាមួយអង្គភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនជាមួយប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោកតាមរយៈការចែករំលែកព័ត៌មានទាន់សភាពការណ៍ពាក់ព័ន្ធនឹងមុខសញ្ញាជួញដូរគ្រឿងញៀននិងសមាជិករបស់ពួកគេ។
លោកថាតម្លៃគ្រឿងញៀននៅកម្ពុជានៅថេរ ប៉ុន្តែបើគិតពីតម្លៃនៅលើទីផ្សារក្នុងពិភពលោក តម្លៃមានការធ្លាក់ចុះ សម្រាប់ប្រភេទមេតំហ្វេតាមីនទាំងគ្រាប់ និងម្សៅ។ ការធ្លាក់ចុះតម្លៃនេះនៅទីផ្សារផលិត ធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងនៅប្រទេសដែលជាទីផ្សារប្រើប្រាស់។
លោកថា៖ «នៅពេលដែលមន្ត្រីអនុវត្តច្បាប់នៅគ្រប់ប្រទេសបង្កើនការប្រុងប្រយ័ត្ន និងការទប់ស្កាត់ វាធ្វើឲ្យជន់នៅកន្លែងផលិត ដូច្នេះគាត់ត្រូវបញ្ចេញ។ នេះជាកត្តាគ្រោះថា្នក់មួយសម្រាប់ទីផ្សារប្រទេសជាទីផ្សារនៃការប្រើប្រាស់»៕