ភ្នំពេញៈ ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​​គ្រឿង​ញៀន​​ និង​ឧក្រិដ្ឋ​ក​ម្ម ​(U​​N​​ODC) បាន​ចេញ​របាយ​ការ​ណ៍​មួយ​ កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​​ម្សិល​មិញ ដោយ​រៀប​រាប់​លម្អិត​អំពី​ទម្រង់​ថ្មី​​នៃ​​ឧក្រិដ្ឋ​កម្ម​ដែល​មាន​លក្ខណៈ​រៀប​ចំ​​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ក្នុង​នោះការ​ជួញ​ដូរ​គ្រឿ​ង​ញៀន​និង​ការ​រត់​ពន្ធ​ពល​ករ​ចំណាក​ស្រុក​មាន​ការ​កើន​ឡើង។

ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​រក​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​បង្រ្កាប​នា​ពេល​ថ្មី​ៗ​​នៅ​ក្នុង​តំបន់​ខ្លះ ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​​ និង​តំបន់​ជិត​ខាង​​បាន​ផ្លាស់​ប្តូរ​ទម្រង់​ជួញ​​ដូរ​ ខណៈ​​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ ក្រុម​ឧក្រិដ្ឋ​ជន​ធំ​ៗ​​ បាន​បង្កើន​​និង​បង្វែរ​ប្រតិ​បត្តិ​​ការ​របស់​ខ្លួនទៅ​តំបន់​​​ដែល​មាន​ការ​គ្រប់​គ្រង​ខ្សោយ​​ ជាពិសេស​នៅ​តំបន់​ព្រំដែន។

របាយការណ៍​ដែល​មាន​ចំណ​ង​ជើង​ថា ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដោយ​មាន​ការ​រៀប​ចំ​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍៖ វិវត្តន៍​ កំណើន និង​ផល​ប៉ះពាល់​ឆ្នាំ​ ២០១៩​ ដែល​ចេញ​​ ​ដោយ​ UNODC​ ​បាន​ពិនិត្យ​មើល​ទៅ​លើ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដោយ​មាន​ការ​រៀប​ចំដែល​មាន​លក្ខណៈ​សកម្ម​រួម​មានគ្រឿង​ញៀន ​សា​រ​​ធាតុ​គីមី​ផលិត​គ្រឿង​ញៀន (មេ​​តំហ្វេតាមីន និង​ហេរូអុីន) ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​រត់​ពន្ធ​​ពលករ​ចំណាក​ស្រុក​ឧក្រិ​ដ្ឋ​​​​កម្ម​បរិស្ថាន​ ដូចជា​ ការ​ជួញ​ដូរ​សត្វ​ព្រៃ និង​ព្រៃ​ឈើ​ ​និង​ទំនិញ​ក្លែង​ក្លាយ និង​​ឱសថ​ក្លែងក្លាយ។

របាយការណ៍​នេះនិយាយ​ថា គ្រឿង​ញៀន​សំយោគ​​បាន​ក្លា​យ​ជា​អាជីវកម្ម​ខុស​ច្បាប់ដែល​ទទួល​បាន​ប្រាក់​ចំណេញ​បំផុត​​ នៅ​ក្នុង​តំបន់​ ​ខណៈ​ក្រុម​ឧក្រិដ្ឋ​កម្ម​ដែល​មាន​លក្ខណៈ​រៀប​ចំ​ ​បាន​ច្នៃ​ប្រឌិត​ទម្រង់​អាជីវកម្ម​របស់​ពួក​គេ​ និង​ពង្រីក​ទីផ្សារ​មេតំ​ហ្វេតាមីន​​របស់​ពួកគេ។

របាយការណ៍​នេះ​បន្ត​ថា​ ការជួញ​ដូរ​គ្រឿង​ញៀន​​ និង​ការ​រត់​ពន្ធ​​ពលករ​ចំណាក​ស្រុក​ក៏​កើន​ឡើ​ង​ផង​ដែរ​ ដោយ​សារ​តម្រូវ​ការ​ និង​ការ​ផ្គត់​ផ្គង់​ពលក​ម្ម​​តម្លៃ​ទាប​ នៅ​ក្នុង​តំបន់។ តំបន់​អាស៊ី​អាគ្នេយ៍​​ក៏​ជា​តំបន់​​​សម្រា​ប់​ទំនិញ​និង​ឱសថ​ក្លែង​ក្លាយ​ផងដែរ។

លោក Jeremy Douglas តំណា​ង​​ប្រចាំ​តំបន់​ UNODC ​កត់​សម្គាល់​ថា​៖​​ «​ក្រុម​ឧក្រិដ្ឋ​កម្ម​​ដែល​មាន​ការ​រៀប​​ចំ​កំពុង​ទទួល​បាន​ចំណូ​ល​​រាប់​សិប​ពាន់​​ពាន់​លាន​ដុល្លារ​នៅ​តំបន់​​អាស៊ី​អា​គ្នេ​យ៍​​ ពី​ការ​ជួញ​ដូរ​ឆ្លង​ដែន និង​ការ​រត់​ពន្ធ​​គ្រឿង​ញៀន​ខុស​ច្បាប់​និង​សារ​​ជាតិ​គ្រឿ​ង​​ញៀន​ មនុស្ស​ សត្វ​ព្រៃឈើ និង​ទំនិញ​ក្លែងក្លាយ»។

លោក​ថា លុយ​ខុស​ច្បាប់​​កំពុ​ង​​ចល​នា​ខ្លាំង​ឡើង​តាម​រយ:​​​ឧស្សាហកម្ម​ កា​ស៊ី​​ណូក្នុង​​តំបន់​និង​អាជីវ​ក​ម្ម​ដទៃ​​ទៀ​ត​ដែល​មាន​លំហូរ​សាច់​ប្រាក់​ច្រើន។

របាយការណ៍​នេះ​បន្ថែម​​ថា ពលករ​ចំណាក​ស្រុក​ ប្រហែល​កន្លះ​លាន​នាក់​​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​មីយ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ត្រូវ​បាន​រត់​ពន្ធ​​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​មួយ​ឆ្នាំ​ ​ហើយ​បង្កើត​ចំណូល​ខុស​ច្បាប់​​ចន្លោះ​​ពី ​១៣​២​ លាន​ទៅ ​១៩៦​ លាន​ដុល្លារ​អាមេរិក​​។ «​​អភិបាល​កិច្ច​ខ្សោយ ​​​ទៅ​លើ​ធន​ធាន​ព្រៃ​ឈើ​ ​អំពើ​ពុក​រលួយ​​​ ក្នុង​ចង្វាក់​ផ្គត់​ផ្គង់​ឈើ ​និង​ភាព​នៅ​ជិត​ទីផ្សារ​​របស់​តំបន់​នេះ និង​ឧស្សា​ហក​ម្ម​​កែ​ច្នៃ​ឈើ​​ ក្នុង​ប្រទេស​ ចិន ​​​បន្ត​ធ្វើ​ឲ្យ​ប្រភេទ​ព្រៃ​ឈើ​​របស់​តំប​​​ន់​អាស៊ី​អាគ្នេយ៍​ ក្លាយ​ជា​ទិស​ដៅ​សម្រាប់​បណ្តាញ​ឧក្រិដ្ឋកម្ម»។

​UNODC ​ថា ប្រទេស ​វៀ​ត​​​ណាម ​​ត្រូវ​បាន​រាយ​ការណ៍​ថា​ជា​​អ្នក​នាំ​ចេញ​ឈើ​​ធំ​មួយ​ ​ព្រម​ទាំង​ជា​ប្រទេ​ស​ផលិត​គ្រឿង​សង្ហារិម​​ឈើ​សំខា​ន់​​មួយ​​។ ​ប្រទេស​នេះ​ មាន​ការ​ជាប់​ពាក់​ព័ន្ធ​ខ្លាំង​​ទៅ​នឹង​ទីផ្សារ​​​ឈើ​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​​ នៅ​ក្នុង​ប្រទេស​ជិត​ខាង​ចិន​ កម្ពុជា ​និង​ឡាវ។

ការ​ហាម​ប្រាម​ក្នុង​ប្រទេ​ស​ ឡាវ ដែល​​ត្រូវ​បាន​អនុវត្ត​​កាល​ពី​ខែ ​ឧសភា ឆ្នាំ​ ២០១៦​ ​ជំរុញ​ឲ្យ​អ្នក​ជួញ​ដូរ​​ស្វែង​រក​ការ​ផ្គត់​ផ្គង់​ និង​នាំ​ចេញ​ពី​ប្រទេស​ កម្ពុជា។ «​​កន្លែង​កាស៊ី​ណូ​ធំ​ៗ​នៅ​តា​ម​​តំបន់​ព្រំដែន​កម្ពុជា​​ និង​នៅ​ភ្នំ​ពេញ​​ ក៏​ត្រូវ​បាន​កំណត់​អត្ត​សញ្ញា​ណ​​ជា​ទីតាំ​ង​សម្រាប់​ការ​រត់​ពន្ធ​សាច់​ប្រាក់​​ក្នុង​ចំនួ​ន​ធំ​ និង​ការ​លាង​លុយ​របស់​ឧក្រិដ្ឋ​កម្ម​ ដែល​មាន​លក្ខណៈ​រៀបចំ»។

UNODC​​ថា ត្រឹម​ខែ​​មករាឆ្នាំ​ ២០១​​​​៩ មាន​កាស៊ី​ណូ​ ដែល​មាន​អាជ្ញា​ប័ណ្ណ​ចំនួន​ ២៣០​ នៅ​តំប​ន់​អាស៊ី​អាគ្នេយ៍​ រួម​ទាំង​កាស៊ី​ណូ​​ចំនួន​ ១៥០ ​​ក្នុង​ប្រទេ​ស​ កម្ពុជា​ ​និងកាស៊ី​ណូ​​ ៦៧ ​នៅ​ប្រទេស ​ហ្វីលីពីន​ និង​ ៥ ​នៅ​ប្រទេស ​ឡាវ ​និង​មីយ៉ាន់​មា​។ ពី​ឆ្នាំ ​២០​១​៥ ដល់​ឆ្នាំ ២០១៧ អាជ្ញា​ធរ​កម្ពុ​ជា​បាន​រក​ឃើញ​​ជន​រង​គ្រោះ​សរុ​ប​ចំនួន​ ៤១៥​ នាក់​​ ដែល​ត្រូវ​បាន​​ជួញ​ដូរ​ទៅ​ក្នុង​ប្រទេស ​ថៃ​។ ​

UNODC ​​បាន​ផ្តល់​អនុសា​សន៍​​ ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​អភិ​វឌ្ឍ​​យុទ្ធ​សាស្រ្ត​ដែល​មាន​លក្ខណៈ​ទូលំ​ទូលា​យ​​ និង​មាន​ប្រសិទ្ធ​ភាព​​ដើម្បី​ដោះ​ស្រាយ​ឧក្រិដ្ឋ​​កម្ម​​ឆ្លង​ដែន ​ពង្រឹ​ង​សមត្ថ​ភាព​​ប្រមូល​ទិន្នន័យ​​​ថ្នាក់​​ជាតិ​និងថ្នាក់​​តំបន់ និង​ការ​រាយការណ៍​ ​និង​កាត់​បន្ថយ​ជា​អតិ​បរមា​ចំពោះ​គម្លាត​សមត្ថភាព​ និង​​កែលម្អ​កិច្ច​សហ​​ប្រត​បត្តិការ​​ឆ្លង​ព្រំដែន៕